ជំងឺ Ebola មិនទាន់​មានឆ្លង​នៅ​កម្ពុជា​ទេ ពេលនេះ

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បានអះអាង​សាជាថ្មី​ថារហូតមក​ដល់ពេលនេះ​ប្រទេស​កម្ពុជា​នៅមិនទាន់​មានការឆ្លង​ជំងឺ​អេបូឡា​នៅឡើយទេ ខណៈដែល​ជំងឺនេះ​បាននឹង​កំពុងតែ​សំលាប់​មនុស្ស​នៅលើ​ពិភពលោក​ប្រមាណជិត​៤៥០០​នាក់នោះ។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង

ថ្លែងប្រាប់​អ្នកសារព៌តមាន​ខណៈពេល​ដែលចុះទៅ​ពិនិត្យមើល​សំណង់​អគារ​មជ្ឈមណ្ឌល​ចក្ខុរោគ​កម្ពុជា កូរ៉េ​កាលពីថ្ងៃ​ទី១៦តុលា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បានឲ្យ​ដឹងថា ក្រោយពី​ផ្ទុះជំងឺឆ្លង​អេបូឡា​នៅតាម​បណ្តាប្រទេស​មួយចំនួន​រួចមក ក្រសួង​សុខាភិបាល​បានចាត់ឲ្យ​មន្ត្រីជំនាញ​នៃជំងឺឆ្លង​បង្កើនការ​យកចិត្ត​ទុកដាក់​ត្រួតពិនិត្យ​សុខភាព​ទៅលើ​ក្រុមភ្ញៀវទេស​ចរបរទេស​ណាដែល​ធ្វើដំណើរ​ឆ្លងកាត់​ប្រទេស​ជាច្រើន​ចូលមក​កម្ពុជា។

លោករដ្ឋមន្ត្រី​បានបន្តថា​ក្រៅពីនេះ​ក្រសួង​សុខាភិបាល​បានដាក់​ម៉ាស៊ីនស្កេន​នៅតាម​ច្រកចេញ​ចូលព្រលាន​យន្តហោះ​ពោធិចិនតុង​ព្រលានយន្តហោះ​ខេត្តសៀមរាប។ រីឯច្រកចេញ​ចូលប៉ោយ​ប៉ែតជាប់​ព្រំប្រទល់​ប្រទេសថៃ​និងច្រក​បាវិតជាប់​ព្រំដែនប្រទេស​វៀតណាម​ដាក់ម៉ាស៊ីន​ចុចដើម្បី​ត្រួតពិនិត្យ​ភ្ញៀវដែល​ឆ្លងកាត់។ ដោយដាក់​ភ្ងាក់ងារ​សុខាភិបាល​ក្នុងច្រក​នីមួយៗពី​៣ទៅ៤នាក់​ដើម្បីត្រួត​ពិនិត្យអ្នក​ដំណើរចេញ​ចូលតាម​ច្រកខាងលើ​នេះផងដែរ។
លោករដ្ឋមន្ត្រី​បានបន្ថែម​ថាការដាក់​ម៉ាស៊ីនស្កេន​កំដៅរក​រោគសញ្ញា​ជំងឺអេបូឡា​នេះដើម្បី​ពង្រីកការងារ​ប្រព័ន្ធ​ការពារ​ដែលមាន​ស្រាប់និង​រៀបចំប្រព័ន្ធ​តាមដាននិង​ឆ្លើយតប​គោរព​តាមនិតិ​ស្តង់ដាសំដៅ​ការពារ​សុវត្តិភាព​និងសន្តិ​សុខជួន​ប្រជាពលរដ្ឋ​យើងកុំឲ្យ​ឆ្លងជំងឺដ៏​កាចសាហាវនេះ។លោកបាន​បញ្ជាក់សា​ជាថ្មីថា​ «រហូតមកដល់​ពេលនេះ​នៅកម្ពុជា​នៅមិនទាន់​មានករណី​សង្ស័យ​ឬឆ្លងជំងឺ​អេបូឡា​នៅឡើយទេ»។

លោក ឡាច អូន មន្ត្រីចត្តា​ឡឺស័ក​នៃនាយកដ្ឋាន​ជំងឺឆ្លង​ក្រសួង​សុខាភិបាល​ប្រចាំច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បានថាក្រុម​មន្ត្រីជំនាញ​បានបង្កើន​ការ​យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ក្នុងការត្រួត​ពិនិត្យ​សុខភាព​ទៅលើក្រុម​ភ្ញៀវទេសចរ​បរទេសណា​ដែលធ្វើ​ដំណើរឆ្លង​កាត់ប្រទេស​ជាច្រើននោះ។ លោកបាន​​ឲ្យដឹង​ទៀត​ថា​មន្ដ្រី​ជំនាញ​បាន​ប្រើ​ឧបករណ៍​​វាស់កំដៅ​​បាញ់ពន្លឺ​​ចំថ្ងាស​មនុស្ស ​បើសង្ស័យ​​នឹងនាំទៅ​​បន្ទប់មាន​​ម៉ាស៊ីនស្កេន​​បន្ថែមទៀត។ លោក​បានបន្ត​ថាតាំងពី​ជំងឺអេបូឡា​បានផ្ទុះឡើង​នៅបណ្តា​ប្រទេស​មួយចំនួន​ក្នុងទ្វីប​អាហ្វ្រិក​មកក្រុមមន្ដ្រី​មកពីក្រសួង​និងពីមន្ទីរ​សុខាភិបាល​ការិយាល័យ​ស្រុកប្រតិបត្តិ​ប៉ោយប៉ែត​បានដាក់​កម្លាំង​ចំនួន៦នាក់​ប្រចាំវេន​ត្រួតពិនិត្យ​លើភ្ញៀវ​ចូលប្រទេស​ក្នុងមួយថ្ងៃៗ​មានពី២០០​ទៅ៤០០នាក់​ដោយត្រួត​ពិនិត្យលើ​កំដៅក្នុងខ្លួន​របស់ភ្ញៀវ​ត្រឹមកម្រិត​៣៨អង្សារ។

សូមចុចអាន ជំងឺអេបូឡា៖ បទសម្ភាសន៍ ជាមួយវេជ្ជបណ្ឌិត លី ចេងហ៊ុយ

លោកបន្ត​ថាបើក្ដៅ​លើសនេះ យើងត្រួត​ពិនិត្យដោយ​ឲ្យពួកគេ​អង្គុយនិង​ពិសាទឹក ព្រោះកំដៅ​ក្នុងខ្លួនខ្លះ​បណ្ដាលមក​ពីការហត់​និងត្រូវ​កំដៅថ្ងៃ​ខ្លាំង។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធនឹងជំងឺឆ្លង ធ្លាប់មាន ប្រសាសន៍ថា មេរោគ​អេបូឡា (Ebola)គឺជាមេរោគ​វីរុសមួយ​ប្រភេទ​ដែលបង្ក​ជំងឺដូចគ្នា​នឹងជំងឺគ្រុន​ឈាមដែរ​ប៉ុន្តែមេរោគ​គ្រុនឈាម​នៅប្រទេស​កម្ពុជាឆ្លង​តាមសត្វ មូស រីឯមេរោគ​គ្រុនឈាម អេបូឡា​ឆ្លង តាមរយៈ​សត្វជ្រឹង និងសត្វ​ស្វាហើយ​ឆ្លងមក​មនុស្ស។

មេរោគ​អេបូឡា​ធ្លាប់រាតត្បាត​ជាច្រើន​លើកនៅទ្វីប​អាហ្វ្រិក បន្ទាប់ពីការ​បង្ហាញខ្លួន​ដំបូងកាល​ពីឆ្នាំ១៩៧៦។ យូរៗ​ជំងឺគ្រុន​ឈាម អេបូឡា ផ្ទុះឡើង​ម្ដងហើយ​នៅឆ្នាំ២០១៤ នេះ​ ករណីជំងឺ​អេបូឡា​កើតមាន​លើកដំបូង​នៅក្នុងទ្វីប​អាហ្វ្រិកកាល​ពីចុងខែ​មីនា។ ក្រសួង​សុខាភិបាល​វាយតម្លៃថា ការបង្ក​ហានិភ័យ​ដល់សុខភាព​សាធារណៈ​របស់ជំងឺ​អេបូឡា ចំពោះ​ប្រទេស​កម្ពុជា​នៅមាន​កម្រិតទាប នៅឡើយ​ដោយសារ​តែការចម្លង​របស់ជំងឺ​នេះពី​មនុស្សម្នាក់​ទៅមនុស្ស​ម្នាក់ទៀត ឆ្លងតាម​ការប៉ះពាល់​ជាមួយឈាម ឬវត្ថុរាវ​នៃរាងកាយ​អ្នកដែល​ឆ្លងមេរោគ។ ម្យ៉ាង ទៀតការ​ធ្វើដំណើរ​ទៅទ្វីប​អាហ្វ្រិក​ដែល ជាកន្លែង​ផ្ទុះជំងឺ អេបូឡានេះ​ក៏មានតិច​នៅឡើយ​ក្នុងពេល​បច្ចុប្បន្ននេះ។

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ពន្យល់ថា របៀបឆ្លង​របស់មេរោគ​វីរុសអេបូឡា​ពីមនុស្ស ម្នាក់​ទៅមនុស្សម្នាក់​បានគឺតាមរយៈ​ការ ប៉ះពាល់​ឈាមទឹករងៃ ឬវត្ថុរាវ​ពីរាងកាយ របស់អ្នកជំងឺ។ លោកវេជ្ជបណ្ឌិត​មាន ប្រសាសន៍ថា ករណី​ជាច្រើនទៀត​ឆ្លងនៅពេល​ធ្វើបុណ្យ​សពពេល​ដែលប៉ះពាល់ ឬ ថើបសព​អ្នកជំងឺ។ ក៏ប៉ុន្តែ​លោក​បញ្ជាក់ថា មេរោគ​គ្រុនឈាម អេបូឡា​មិនឆ្លងតាម ខ្យល់ដោយ​ការក្អក ឬតាម​ចំណីអាហារ និងទឹកទេ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative