អត្រា​និស្សិត​ថ្នាក់​ឧត្តម​សិក្សា​នៅ​កម្ពុជា អត់​ការងារ​ធ្វើមាន​កំរិត​ខ្ពស់​ជាង​សិស្ស​ជំនាញ

នៅកម្ពុជា យុវជន​ដែលជា​កម្លាំង​ពលកម្ម​វ័យក្មេង​មានរហូត​ដល់៣២​ភាគរយ នៅក្នុង​ចន្លោះ​អាយុពី​១៥ទៅ​៣០ឆ្នាំ ពោលគឺ​ក្នុងចំណោម​មនុស្ស​ដែលជា​កំលាំង​ពលកម្ម​៧លាន​នាក់ មានជិត​ពាក់​កណ្តាល​ជាយុវជន។ យុវជន​វ័យក្មេង​ទាំងនោះ​មានបញ្ហា​ប្រឈម​ពាក់ព័ន្ធ​ទៅនឹងការ​ឈានចូល​ទីផ្សារ​ការងារ ដែលបណ្តាល​មកពីកត្តា​រួមផ្សំ​ពាក់ព័ន្ធ​មួយចំនួន ដូចជា​ការអប់រំ​បណ្តុះ​បណ្តាល ការខ្វះ​ព័ត៌មាន​ទីផ្សារ​ការងារ និងការ​ខ្វះជំរើស​ផ្សេងៗ​ក្នុងការស្វែង​រកការងារ ធ្វើឲ្យ​អត្រា​យុវជន​វ័យក្មេង ដែល​បញ្ចប់​ការសិក្សា​ពីមហា​វិទ្យាល័យ ឬឧត្តម​សិក្សា​មានអត្រា​អត់ការងារ​ធ្វើខ្ពស់​រហូត​ដល់ទៅ​៨ភាគរយ ក្នុង​ចំណោម​យុវជន​វ័យក្មេង​ទាំងនោះ។

រូបភាព សហការី

រូបភាព សហការី

លោក ហៃ ហ៊ុនឡេង អនុប្រធាន​ទីភ្នាក់ងារ​ជាតិមុខរបរ និងការងារ​បានមាន​ប្រសាសន៍​នៅព្រឹក​ថ្ងៃទី១៧ តុលា នៅក្នុង​សន្និសិទ​កាសែតស្តី​ពីពិព័រណ៍​ការងារ​ថ្នាក់ជាតិ​លើកទី៤ នៅក្នុង​ក្រសួងការងារ​និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈថា​អ្នកដែល​ទទួលបាន​ការអប់រំ​កំរិតឧត្តម​សិក្សាមាន​អត្រាអត់​ការងារធ្វើ​ច្រើន បើធៀបទៅ​នឹងក្រុម​មនុស្ស ដែលទទួល​បានការអប់​​​រំត្រឹមកំរិត មធ្យម​សិក្សា ឬទទួល​បានការ​បណ្តុះបណ្តាល​វិជ្ជាជីវៈមុខ​ជំនាញផ្សេងៗ ។

លោក ហៃ ហ៊ុនហេង បានបន្ត​ថា ឱកាស​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​មានច្រើន​ណាស់ ប៉ុន្តែយុវជន​ភាគច្រើន​ពិបាកនឹង​ឈានទៅ​ចាប់បាន ដោយសារ​តែមាន​គំលាត ឬក៏ការ​មិនបានដឹង​ច្បាស់លាស់​ពីប្រភព​ព័ត៌មាន​ទីផ្សារ​ការងារ។ មួយវិញទៀត​មធ្យោបាយ​ស្វែងរក​ការងារធ្វើ​របស់ពួក​គាត់មាន​ការ​ចង្អៀត។ ទន្ទឹម​គ្នានេះ ការអប់រំ ក្នុងកំរិត​ឧត្តមសិក្សា​នាពេល​បច្ចុប្បន្ននេះ​មាននិស្សិត​ច្រើនជាង​៦០ភាគរយ មានអ្នក​ដែលសិក្សា​ផ្នែក វិស័យ​វិទ្យាសាស្រ្ត​សង្គម ដូចជា​សេដ្ឋកិច្ច ធនាគា ហិរញ្ញវត្ថុ​ជាដើម ច្រើនជាង​វិស័យ​បច្ចេកទេស។ លោកបាន​បញ្ជាក់ថា​មុខវិជ្ជា​ខាងលើមិន​អាចតម្រូវ​ជូន ឬការ​ប្រកួត​ប្រជែងមិន​បានផ្តល់​ឱកាស​គ្រប់គ្នាទេ ធ្វើឲ្យពួក​គាត់មាន​គំលាតជំនាញ ពិសេសគឺ​ការជ្រើសរើស​ជំនាញសិក្សា​មិនបាន​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ការងារ។ មួយវិញទៀត​ការធ្វើអន្តរកម្ម​ពីសាលា​ទៅទីផ្សារ​ការងារ​របស់ពួកគាត់​ក៏នៅខ្វះ​ចន្លោះច្រើន ធ្វើឲ្យ​អ្នកទទួល​បានការសិក្សា​ហើយមាន​អារម្មណ៍​ឬចេតនា​មិនទទួល​ការងារ​ដែលមាន​កំរិតទាប​ជាង ឬប្រហាក់​ប្រហែលនឹង​កំរិតសិក្សា​ថ្នាក់ឧត្តម​របស់គាត់ ។ ម្យ៉ាង​វិញទៀត ប្រាក់បៀវត្ស​ដែលពួកគេ​ទទួលបាន​ក៏ជាបញ្ហា​មួយដែរ ដោយសារ​កត្តាបទ​ពិសោធន៍ ឬក៏ការ​ចាប់ផ្តើម​ការងារ​លើកដំបូង ។

រូបភាព សហការី

រូបភាព សហការី

ទាក់ទិននឹង​​ការចុះ​ឈ្មោះវិញ លោកបាន​ឲ្យដឹងថា មាននិស្សិត​បានទៅចុះ​ឈ្មោះច្រើន តែដល់​ពេលទី​ភ្នាក់ងារ​ជាតិ ទាក់ទងទៅ​គាត់មក​បំពេញ​ការងារវិញ គាត់ថាគ្រាន់​តែសាកល្បង​ស្វែងរក​ការងារធ្វើ ធាតុពិត​គឺគាត់​បោះបង់​ចោល​ទៅវិញ។ សម្រាប់​អ្នកជំនាញ​ឬកម្មក​រ​បច្ចេកទេស​វិញ​ពួកគាត់​បានត្រៀម​ខ្លួនរួច​ជាស្រេច​ក្នុងការ​ទទួលយក​ការងារធ្វើ ហើយពួកគាត់​អាចនឹង​ទទួលបាន​ប្រាក់បៀវត្ស​សមរម្យ មានន័យថា​អាចទទួល​យកបាន​តាមកម្រិត​ជំនាញ​ដែលគាត់​មាន និងមាន​ទីផ្សារ​សម្រាប់គាត់​យ៉ាងច្រើន​ទៀតផង។

លោក ហៃ ហ៊ុនឡេង បន្តែមថា ចំពោះកំរិត​មធ្យម​សិក្សា ឬ វិជ្ជាជីវៈ​បណ្តុះបណ្តាល​បច្ចេកទេស​វិញ គឺពួកគាត់​ងាយនឹង​ទទួលបាន​ការងារធ្វើ ដោយសារ​តម្រូវការ​នៅក្នុង​ខ្សែចង្វាក់​ផលិតកម្ម ត្រូវការ​អ្នកដែល​ធ្វើការ​ដោយផ្ទាល់​ច្រើន ហើយមិន​ត្រូវការកំរិត​អ្នកគ្រប់គ្រង​ច្រើននោះទេ ។ យ៉ាង​ណា​ក៏ដោយ​លោកថា ក្រុមអ្នកមាន​កំរិតមធ្យម​សិក្សា ឬ វិជ្ជាជីវៈ​បណ្តុះបណ្តាល​បច្ចេកទេស​នេះ ជាពួកអ្នក​ងាយនឹង​រងគ្រោះ ដូច្នេះបាន​ជារាជ​រដ្ឋាភិបាល​ឲ្យ​យកចិត្ត​ទុកខ្លាំង​ទៅលើ​ពួកគាត់ ពិសេស​ក្នុងការស្វែង​រកការងារ​ជូនពួក​គាត់ធ្វើ។

រូបភាព សហការី

រូបភាព សហការី

ជាមួយគ្នានោះ លោក ទុន សោភ័ណ្ឌ អ្នកសម្រប​សម្រួល​ថ្នាក់ជាតិ របស់​អង្គការ​អន្តរជាតិ ខាង​ការងារ ILO ប្រចាំ​កម្ពុជា បានជម្រុញ​ឲ្យក្រុម​យុវជន​ស្វះស្វែង​រក​ការងារធ្វើ និងក្តាប់​ឲ្យនូវព័ត៌មាន​លំអិតអំពី​ឱកាសទីផ្សា​ការងារក្នុង​ស្រុក ជៀសជាង​ការធ្វើ​ចំណាកស្រុក​ខុសច្បាប់ទៅ រកការងារ​ធ្វើនៅ​ក្រៅប្រទេស ។

លោកបាន​អំពាវនាវ​ឲ្យយុវជន​គ្រប់កំរិត​ធ្វើការទំនាក់​ទំនងមក​ទីភ្នាក់ងារ​ជាតិមុខរបរ និង​ការងារ ដែលបាន​សហការ​ជាមួយ ILO ក្នុងការ​ជួយរក​ការងារជូន ពិសេស​ការងារ​ដែលទទួល​បាន ប្រាក់បៀវត្ស​សមរម្យ និងមាន​ជម្រើស ឬ តាមជំនាញ កម្រិត​បច្ចេកទេស​ដែលអាច​ទទួលយក​បាន។
សូមបញ្ចាក់​ថាចាប់ពី​ឆ្នាំ២០១០​មកដល់​ពេលនេះ​ទីភ្នាក់ងារ​ជាតិមុខ​របរ​និងការងារ​បានទទួល​ចុះឈ្មោះ​អ្នកស្វែង​រការងារ​ធ្វើបានជិត​៧ម៉ឺននាក់​មកពីគ្រប់​តំបន់​ទូទាំង​ប្រទេស​កម្ពុជា និងបាន​ប្រមូល​ព័ត៌មាន​តាមរយៈ​ការប្រកាស​ជ្រើសរើស​បុគ្គលិក សហគ្រាស បានជិត​២សែន​ឱកាស ។ ដោយឡែក​ក្នុងរយៈ​ពេល​៩ខែ ឆ្នាំ២០១៤ ប្រមូល​បានជាង​៦ម៉ឺនឱកាស៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative