កាំកុងត្រូល​កំពុង​ប្រមូល​ប្រេងឆា​ដែលនាំ​ចូលខូច​គុណភាព

បន្ទាប់ពី​មានព៌ត​មានពីការ​នាំចូល​ផលិតផល​ប្រេងឆា ដែលជា​ផលិត​ផលផលិត​ទ្បើងវិញ និងធ្វើ​ឲ្យប៉ះពាល់​ដល់សុខភាព​អ្នកប្រើប្រាស់ អគ្គនាយក​ដ្ឋាន​កាំកុងត្រូល​បាន និងកំពុង​ចុះប្រមូល​យកផលិត​ផលទាំងនេះ​មកកំទេច​ចោល។

រូបភាព សហការី

រូបភាព សហការី

លោក គឹម មាសសុខ​សីហា អគ្គនាយករង​នៃអគ្គ​នាយកដ្ឋាន​កាំកុងត្រូល​នៃក្រសួង​ពាណិជ្ជកម្ម​បានមាន​ប្រសាសន៍​ឲ្យ គេហទំព័រ​សុខភាពកម្ពុជា ដឹង កាលពី​ព្រឹក​​ថ្ងៃទី​១៧ តុលា​កន្លងមក​ថា បន្ទាប់ពី​ស្រាវជ្រាវ និងទទួល​បានព័ត៌មាន​អំពីបាតុភាព​ពាក់ព័ន្ធ​នឹងការ​ផលិត​ប្រេងឆា ចេញពី​កាកសំណល់​ប្រេងឆា​ដែលបាន​ប្រើរួច និងបាន​រកឃើញ​វត្តមាន​សារធាតុគីមី បង់ស្សូ​អេពីរ៉ែន (Benzo​ A Pyrene) ផលិត​ដោយក្រុមហ៊ុន​មួយចំនួន​នៅតៃវ៉ាន់ និងបាន​ចែកចាយ​មកទីផ្សារ​មួយចំនួន​ក្នុងបណ្តា​ប្រទេស​នៅអាស៊ី អាជ្ញាធរ​មានសមត្ថកិច្ច​នៃប្រទេស​មួយចំនួន​នោះ បានស្រាវជ្រាវ និងដាក់ចុះ​នូវវិធានការ​បន្ទាន់​ចំពោះបាតុភាព​ដែលបានកើត​មានឡើង ។

ផ្អែកតាម​ព័ត៌មានរបស់​ទីភ្នាក់ងារ​អន្តរជាតិ​ស្រាវជ្រាវ​ជំងឺមហារីក នៃអង្គការ​សុខភាព​ពិភពលោក ការប្រើប្រាស់​ឬទទួលទាន​ប្រេងឆា​ដែលប្រើ​រួច ហើយ​យក​ទៅកែច្នៃ​ឡើងវិញ នឹងមាន​ផលប៉ះពាល់​ជាអវិជ្ជមាន​ចំពោះ​សុខភាព បណ្តាលមក​ពីវត្តមាន​នៃសារធាតុ​គីមីគ្រោះ​ថ្នាក់មួយ​ចំនួនក្នុង​ផលិតផល​ទាំង​នោះ ដែលក្នុងនេះ មានសារធាតុ​គីមីគ្រោះ​ថ្នាក់មួយ គឺសារធាតុ បង់ស្សូអេ​ពីរ៉ែន ដែលបាន​ចាត់ថ្នាក់ ជាសារធាតុ​បង្ករជំងឺ​មហារីក ។

លោក គឹម មាសសុខ​សីហា បានបន្ត​ថា ចំពោះបាតុភាព​ខាងលើ អគ្គនាយក​ដ្ឋានកាំកុង​ត្រូលនៃ​ក្រសួង​ពាណិជ្ជកម្ម បានចាត់​បញ្ចូល​ប្រេងឆា​ដែលប្រើរួច​ហើយយក​ទៅកែ​ច្នៃឡើង​វិញនេះ ស្ថិតក្នុង​កំរិតហា​និភ័យខ្ពស់​ចំពោះ​សុខភាព​អ្នកប្រើ​ប្រាស់ និង​ចាត់វិធាន​ការណ៍​បន្ទាន់​មួយចំនួន។ ទី១ សហការ​ទប់ស្កាត់​ការនាំចូល​ប្រេងឆា​ដែលផលិត និង​ចែកចាយ​ដោយក្រុមហ៊ុន​ដូចបាន​កំណត់​អត្តសញ្ញាណ​ជាក់លាក់ រួមទាំង​ផលិតផល​ប្រេងឆា​ពុំមានស្លាក​សញ្ញា​សមស្រប ទី២ អនុវត្ត​កម្មវិធី​អង្កេត​ទីផ្សារ​ទូទាំង​ប្រទេស​ដើម្បី​ឃ្លាំពិនិត្យ និងស្វែង​រកប្រេងឆា​ដែលមាន​អត្តសញ្ញាណ​មិនប្រក្រតី​ទាំងនោះ ប្រមូល​ចេញពី​ទីផ្សារ ព្រមទាំង​យកគម្រូ​ផលិតផល​ប្រេងឆា​ដទែទៀត បញ្ជូនមក​មន្ទីរពិសោធន៍ ដើម្បីវិភាគ​រកគ្រោះ និងចាត់​វិធានការ​តាមនីតិ​វិធី​នៃច្បាប់​ជាធរមាន ទី៣ សហការ​ផ្សព្វផ្សាយ​ដល់ពាណិជ្ជ អាជីវករ ម្ចាស់ហាង​លក់ទំនិញ​ធំ-តូច​លើទីផ្សារ ឲ្យមានការ​ប្រុងប្រយ័ត្ន មុននឹង​នាំចូល ចរាចរ តាំងលក់​ផលិតផល​ដែលមានអត្ត​សញ្ញាណ​មិនប្រក្រតី​នេះ និងទី៤ បន្តស្រាវជ្រាវ​តាមដាន​អំពី​បាតុភាព និង​ព័ត៌មានថ្មីៗ ដោយសហការ​ជាមួយ​អាជ្ញាធរ​មានសមត្ថកិច្ច​ពាក់ព័ន្ធ ពិសេស​អាជ្ញា​សុវត្ថិភាព​ម្ហូបអាហារ​នៃបណ្តា​ប្រទេស​ក្នុងតំបន់ និង​អង្គការ​អន្តរជាតិ​នានា ។

លោកបន្តថា “អគ្គនាយកដ្ឋាន​កាំកុងត្រូល បាននិង​កំពុងប្រឹងប្រែង​ឲ្យបាន​ឆាប់រហ័ស​ក្នុងការបំពេញ​ភារកិច្ច​ខាងលើ ទៅតាម​សមត្ថកិច្ច​ជំនាញ ដើម្បី​ភាពកក់ក្តៅ ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស និង​សូមអំពាវនាវ ឲ្យបងប្អូន​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ដោយចៀសវាង​ការទិញ ឬប្រើ​ប្រាស់​នូវផលិត​ផលដែល​មានហានិភ័យ​ខាងលើនេះ” ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative