តំលៃ​អាពាហ៍​ពិពាហ៍​ក្នុង​សង្គម​ខ្មែរ​កាន់តែ​ផុយ​ស្រួយ

ប៉ុន្មាន​ឆ្នាំចុង​ក្រោយនេះ ចំនួនអ្នក​រៀបចំ​អាពាហ៍​ពិពាហ៍​បានកើន​ទ្បើង ក្នុងនោះ​អត្រា​លែងលះ​បន្ទាប់ពី​អាពាហ៍​ពិពាហ៍ ក៏កើតមាន​ទ្បើងកាន់​តែញឹកញាប់​ជាងមុន​ផងដែរ ដែលការ​លែងលះ​អស់ទាំង​នោះ​សុទ្ឋតែជា​មិនមែន​បំណង​ប្រាថ្នា​របស់គូ​អាពាហ៍​ពិពាហ៍​នោះទេ ព្រោះម្នាក់ៗ​តែងតែប៉ង​ប្រាថ្នានូវ​សុភមង្គល​មួយ ដែលមាន​ភាពត្រសុំ​ត្រសាល​ក្នុងសួន​ជីវិតគូ​របស់​ពួកគេ។

រូបភាព Internet

រូបភាព Internet

នាយិកា​មជ្ឈមណ្ឌល​ព៌តមានស្រ្តី​កម្ពុជា លោកស្រី ជា ស៊ុនដាណែត បានមាន​ប្រសាសន៍ប្រាប់​គេហទំព័រ​សុខភាព​កម្ពុជា ដឹងកាល​ពីពេលថ្មីៗ​នេះថា ការលែងលះ​ដោយសារ​ភាពភ្លើតភ្លើន​របស់មនុស្ស​មួយចំនួន គឺដោយសារ​ការហូរចូល​វប្បធ៌ម​បរទេស ដែលធ្វើឲ្យ​មានអត្រា​លែងលះខ្ពស់ ហើយមូល​ហេតុ​ដែលធ្វើ​ឲ្យលែងលះ មិនមែនមក​ពីខាងប្រុស​នោះទេ តែក៏​បណ្តាលមក​ពីភាគីខាងស្រី​ច្រើនដែរ បើសិនជា​ពួកគេនៅ​វ័យក្មេង ប៉ុន្តែបើ​លែងលះ​គ្នានៅពេល​វ័យពាក់​កណ្តាល​អាយុទ្បើង​ទៅ គឺបណ្តាល​មកពីភាគី​បុរស​ទាំងស្រុង។

លោកស្រី​បន្តថា “បុរសផឹក​ស៊ីក្រៅផ្ទះ​រាល់ថ្ងៃ ស្រ្តីខ្មែរ​លែងទ្រាំ​ហើយ បើធ្វើបាប​គេខ្លាំងពេក។ គេលែង​លះហើយ។ អាពាហ៍​ពិពាហ៍​បច្ចុប្បន្ន​ផុយស្រួយ​ណាស់ ព្រោះស្រ្តី​គេអស់ទ្រាំ តែស្រ្តីខ្លះ​នៅតែទ្រាំ​ខំប្រឹង​អូសទាញ”។ លោកស្រី​បន្តថា “ការលែងលះ​ច្រើន មិនមែន​មកពីកត្តា​យេនឌ័រ​នោះទេ តែមកពី​ស្រ្តីមានការ​យល់ដឹងពី​សិទ្ឋិរបស់​ខ្លួនច្រើន​ជាងមុន ស្រ្តីមាន​ចំណេះដឹង​ខ្ពស់ជាង​មុន និងស្រ្តីខ្មែរ​លែងទទួល​យកវប្បធ៌ម​ទ្រាំទៀត​ហើយ ហើយវប្បធ៌ម​បុរសជា​មាសទឹក​១០ក៏ល្មម​ដល់ពេល​លុបបំបាត់​ហើយ”​។

តើបរិយាកាស​សង្គម ជាកត្តារួមផ្សំធ្វើឲ្យមានបញ្ហាក្នុងគ្រួសារដែរឬទេ?

រូបភាព Internet

រូបភាព Internet

លោកស្រី ជា ស៊ុនដាណែត បានបន្ត​ថា “ខ្ញុំជិះទ្បាន​កាត់ហាង​ផឹកស៊ី ខារ៉ាអូឃេ​រាល់ថ្ងៃ ឃើញ​ទ្បានពេញៗ​មុខហាង ហើយចេះ​តែឆ្ងល់ថា​ពួកគេមិន​នៅផ្ទះ​ទេឬ?។ ពិតណាស់​បរិយាកាស​សង្គម ដែលបង្កើត​ឲ្យមាន​កន្លែង​កម្រាន្ត​សប្បាយ​ច្រើន ក៏ជាផ្នែក​មួយនៃការ​ធ្វើឲ្យអត្រា​លែងលះខ្ពស់​ផងដែរ”។

លោក​​ស្រី ជា ស៊ុនដាណែត បានបន្ត​ថា ស្រ្តីមិន​ត្រូវតោង​បុរសទេ ព្រោះបើ​បាក់មែកនឹង​របូតដៃ​ធ្លាក់ចុះមក។ បើស្រ្តី​ទន់ខ្សោយ​ធ្វើជាមេផ្ទះ​ បុរសមិន​សូវឲ្យ​តំលៃទេ តែបើស្រ្តី​កាន់សេដ្ឋកិច្ច​ខ្លួនឯង ស្រ្តីរ៉ឹងមាំ​ខ្លួនឯង បុរសក៏​​មានការ​ញ​ញើតដែរ ហើយបើ​ទោះ​ជា​ស្រ្តីរ៉ឹង​មាំ​ខាង​​សេដ្ឋកិច្ច ក៏ពួកគេ​​មិនទៅរក​ប្រុស​ឈ្មោល​​នៅខាង​ក្រៅ​នោះទេ។ ស្រ្តីនៅ​ជនបទ​នៅរងគ្រោះ​ពីបញ្ហានេះ​ច្រើនណាស់ ហើយពួកគាត់​ចេះតែទ្រាំ​ដោយសារ​មានការ​ខ្មាស់អៀន និងគិតថា​ម៉េម៉ាយ​ចំណាយ​មាត់គេ​ជាដើម។ លោកស្រី​បន្តថា យើងមាន​ភារកិច្ច​ពង្រឹង​សមត្ថភាព​ស្រ្តីឲ្យបាន​កាន់តែច្រើន​ថែមទៀត ហើយការ​អប់រំបំពាក់​បំប៉ន​សមត្ថភាព​បុរស និង​ស្រ្តីឲ្យស្គាល់​ពីសិទ្ឋិគ្នា និងគោរព​គ្នាទៅវិញ​ទៅមកនឹង​អាចកាត់​បន្ថយនូវ​អត្រាលែង​លះគ្នា។

លោក ឯក មនោសែន សាកល​វិទ្យាធិការ​នៃសាកល​វិទ្យាល័យ​ធនធាន​មនុស្ស និងជាអ្នក​ផ្តល់ប្រឹក្សា​យោបល់ពី​វិបត្តិស្នេហ៍​នៅស្ថានីយ៍​វិទ្យុ FM 102Mhzក្នុងកម្មវិធី​សុភមង្គល និងសេចក្តី​ស្នេហាបាន​មានប្រសាសន៍​ថា កត្តាដែល​ធ្វើឲ្យសង្គម​គ្រួសារបែក​បាក់ មានច្រើន​ដំណាក់កាល​ ដូចជាទី១ ការរៀបការ​វ័យក្មេង​ពេក និងការ​ដែលគូ​ស្វាមី ភរិយា​មិនបានស្វែង​យល់ពីចិត្ត​គ្នាឲ្យបាន​ទូលំទូលាយ យកគ្នាតាម​អារម្មណ៍​ដោយសារតែ​ឃើញស្អាត មានប្រាក់​ច្រើន ការយល់ច្រទ្បំ​ពីអាពាហ៍ពិពាហ៍​ថាជារឿង​បុគ្គល ដែលការ​ពិតវាមិន​មែនជារឿង​បុគ្គលនោះ​ទេ វាជារឿង​គ្រួសារ ព្រោះរៀបការ​ជាមួយអ្នក​ណាម្នាក់ មិន​មែន​រៀបការ​ជាមួយតែ​បុគ្គលដែល​យើងស្រលាញ់​នោះទេ តែត្រូវ​រៀបការ​ជាមួយគ្រួសារ​ទាំងសង​ខាង។ ទី២ ដំណាក់កាល​ពេលរៀប​ការ និងក្រោយ​ពេល​រៀបការ គឺស្វាមី​ភរិយាខ្លះ​មិនបាន​ត្រៀមខ្លួន​ទទួលខុសត្រូវ អ្នកខ្លះ​រៀបការ​ទាំងវ័យ​ក្មេង គឺរៀបការ​ដើម្បីតែ​រួមភេទ​ប៉ុណ្ណោះ។ អ្នកខ្លះ​ចាស់យក​ប្រពន្ឋក្មេង អាយុ​ខុសគ្នា​ច្រើនពេក ការគិត​ខុសគ្នា ក៏ពិបាក​សម្របគ្នា ព្រោះការ​មិនទទួល​បានអ្វីតាម​បំណង​ប្រាថ្នា​ក្រោយ​អាពាហ៍ពិពាហ៍ និងការមិន​យល់ពី​តួនាទី​ស្អីជាប្តី ស្អីជា​ប្រពន្ឋក៏​ជាផ្នែកធ្វើ​ឲ្យមានការ​បែកបាក់​ក្នុងជីវិត​គ្រួសារ។

លោក​បន្តថា “កត្តា​សង្គមបាន​ផ្តល់ឳកាស​ឲ្យបុរស​ដើរសប្បាយ​ខាងក្រៅ​ច្រើន ក៏បណ្តាល​ឲ្យចំណង​គ្រួសារមាន​ការបែកបាក់​បានដែរ ព្រោះការ​បែកបាក់ គ្រួសារ​ភាគច្រើន​បង្កទ្បើង​ដោយភាគី​ជាបុរស”។

លោក ឯក មនោសែន បានបន្ត​ថា ការដោះស្រាយ​បញ្ហា​គ្រួសារ ទាមទារ​ឲ្យភាគី​ទាំងពីរ​យល់ពី​តួនាទី ភារកិច្ច​របស់គ្នា​ទៅវិញ​ទៅមក ហើយពេល​ដោះ​ស្រាយ​បញ្ហាក្នុង​គ្រួសារ កុំនិយាយ​ពីយុត្តិធ៌ម ព្រោះបើ​និយាយពី​យុត្តិធ៌ម​មិនអាច​ដោះស្រាយ​គ្នាបានទេ មានតែការ​លែងលះ​ប៉ុណ្ណោះ បើចង់បាន​យុត្តិធ៌ម ផ្ទុយទៅវិញ ភាគីទាំងពីរ​និងអ្នក​ពាក់ព័ន្ឋ ត្រូវដោះស្រាយ​តាមស្ថានភាព​ជាក់ស្តែង អូសទាញ ទប់ទ្រ ដើម្បីរក​ដំណោះស្រាយ​សមស្រប តាមពេល​វេលា និងកាលៈ​ទេសៈនោះ។

អ្នកវិភាគ​​ពីបញ្ហាសង្គម លោក កែម ទ្បី បានមាន​ប្រសាសន៍ថា យើងឃើញ​អត្រាលែងលះ​ក្នុងសង្គមខ្មែរ​ពិតជាមាន​ការកើនទ្បើង បន្ទាប់ពី​ឆ្នាំ១៩៧៩ ដែលពេល​នោះអត្រា​លែងលះ ឬស្រ្តី​ម៉េម៉ាយ បុរសពោះ​ម៉ាយមាន​ប្រមាណពី​៣៥ទៅ​៤៥ភាគរយ​នៃប្រជាជន​សរុប និងបានធ្លាក់​ចុះមក​នៅត្រឹម​ប្រមាណ​៥​ភាគរយ​នៅកំទ្បុង​ឆ្នាំ២០០០ ប៉ុន្តែ​បច្ចុប្បន្ន​អត្រាលែង​លះបានកើន​ទ្បើងរហូត​ដល់៨ ទៅ៩​ភាគរយនេះ បើតាម​ការសិក្សា​កាលពី​ពេលថ្មីៗ​នេះ។ លោក​បន្តថា យើងសង្កេត​ឃើញថា​ការលែងលះ​គ្នា រហូតឈាន​ទៅប្តឹងផ្តល់​នៅតុលាការ​មានកម្រិតទាប គឺមាន​ប្រហែលពី​២ទៅ៣​​ភាគរយ​ប៉ុណ្ណោះ ដោយសារ​ពួកគេគិត​ថាការលែង​លះតាម​ផ្លូវតុលាការ​ចំណាយ​លុយច្រើន ចំណាយ​ពេលវេលា។

លោកបាន​​បន្តថា ការលែង​លះគ្នា​ភាគច្រើន​បណ្តាលមក​ពីបញ្ហាជា​ច្រើនដែល​បាននិង​កំពុងកើត​មានក្នុង​សង្គម​បច្ចុប្បន្ន ដូចជា ទី១ កត្តា​សីលធ៌ម ការរស់​នៅក្នុង​ឧត្តមភាព និង​សុច្ចរឹតភាព​មានការ​ធ្លាក់ចុះ ដែលធ្វើឲ្យ​មានអំពើ​ហឹង្សាកើន​ទ្បើង គ្រោះថ្នាក់​ចរាចរ​កើនទ្បើង ទី២ ការធ្វើ​ចំណាក​ស្រុកច្រើន ព្រោះ​យោងតាម​ការសិក្សា​របស់អង្គការ UNFPA កាលពី​ឆ្នាំ២០០៣​បានរក​ឃើញថា ៩១​ភាគរយ នៃភូមិ​នៅទូទាំង​ប្រទេសមាន​មនុស្សធ្វើ​ចំណាកស្រុក ហើយ​ការ​​ធ្វើចំណាក​ស្រុកបង្ក​ឳកាសឲ្យ​ភាគីបុរស ឬស្រ្តី​មានដៃគូ​ថ្មី ទី៣ ការកើន​ទ្បើងនូវ​ការប្រើប្រាស់​គ្រឿងស្រវឹង​ច្រើន ព្រោះការ​ប្រើប្រាស់​​គ្រឿង​ស្រវឹង​ច្រើន​ធ្វើឲ្យបុរស​មានចំណង់​ផ្លូវភេទ ហើយការ​មានសេវា​កំសាន្ត​សប្បាយ​ច្រើន បានធ្វើ​ឲ្យមនុស្ស​កាត់ផ្តាច់​មនោសញ្ចេតនា​ពីគ្រួសារ​កាន់តែ​ច្រើន។

ការរីក​ចំរើនផ្នែក​បច្ចេកវិទ្យា ការទំនាក់​ទំនងគ្នា​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម ក៏ធ្វើឲ្យ​មនុស្សមាន​ទំនាក់​ទំនងគ្នា​ខាងក្រៅ ដែលធ្វើឲ្យ​ការរួមភេទ​នៅក្នុងផ្ទះ​មិនជាប់​លាប់ និង​វប្បធ៌ម​និទន្ទភាព​ច្រើនក៏​ផ្តល់ឳកាស​ដល់បុរស​អាចមាន​ប្រពន្ឋ​ខាងក្រៅពីរ​ឬបីនាក់​ក៏គ្មាន​ទោសដែរ ទោះកម្ពុជា​មានច្បាប់​ឯកពន្ឋភាព​ក៏ដោយ។ លោក កែម ទ្បីបញ្ជាក់ឲ្យដឹង៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative