អគារ​មជ្ឈមណ្ឌល​ចក្ខុរោគ​មិត្តភាព​កម្ពុជា កូរ៉េគ្រោង​នឹងសម្ពោធ​ដាក់ឲ្យ​ដំណើរ​ការជា​ផ្លូវការ​នៅដើម​ឆ្នាំ២០១៥

អគារមជ្ឈមណ្ឌល​ចក្ខុរោគ​មិត្តភាព​កម្ពុជា កូរ៉េ​មានកំពស់​៣ជាន់​ដែលស្ថិត​នៅក្នុងមន្ទីរ​ពេទ្យព្រះអង្គ​ឌួងគ្រោងនឹង​បើកសម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជាផ្លូវការ​នៅដើមឆ្នាំ​២០១៥​ខាងមុខនេះ ដែលអាចផ្តល់​សេវាផ្នែក​ជំងឺភ្នែក​កាន់តែធំ​ទូលាយ ហើយគុណភាព​និងប្រសិទ្ធ​ភាពនៃការ​ព្យបាលក៏​កាន់តែខ្ពស់​ថែម​ទៀត។

រូបភាព គេហទំព័រ សុខភាពយើង

រូបភាព គេហទំព័រ សុខភាពយើង

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បានមាន​ប្រសាសន៍​បែបនេះកាល​ពីព្រឹកថ្ងៃ​ទី១៦ ខែតុលា ឆ្នាំ២០១៤ ខណៈពេល​ដែលលោក​និងតំណាង​អង្គការ​កូយកាបាន​អញ្ជើញចុះ​ទៅពិនិត្យ​មើលការដ្ឋាន​អគារ​មជ្ឈមណ្ឌល​ចក្ខុរោគ​មិត្តភាព​កម្ពុជា កូរ៉េ ។

លោកវេជ្ជបណ្ឌិត លូ លីឃាង នាយកមន្ទីរ​ពេទ្យព្រះ​អង្គឌួង​បានមាន​ប្រសាសន៍ថា​អគារ​មជ្ឈមណ្ឌល​នេះគឺជា​ជំនួយឥត​សំណងរបស់​រដ្ឋាភិបាល​សាធា​រណ​រដ្ឋ​កូរ៉េផ្តល់​តាមរយៈ​អង្គការកូយកា។ អគារនេះ​បានចាប់ផ្តើម​សាងសង់​កាលពីថ្ងៃ​ទី២០ ខែតុលា ឆ្នាំ២០១៣ ដោយចំណាយ​ថវិកាចំនួន​៥,៥លាន​ដុល្លា​អាមេរិក​តែបើបូក​រួមទាំងការ​បណ្តុះបណ្តាល​ទៀតនោះ​គ្រោងចំណាយ​ប្រមាណ​៧លានដុល្លា។

លោកបាន​បន្តថា​តាមគំរោង​រវាងភាគី​ទាំងពីរបាន​ចុះកិច្ចព្រម​ព្រៀងជាមួយ​គ្នា អគារនេះ​គ្រោងនឹង​បញ្ចប់នៅ​ចុងខែវិច្ឆិកា​តែបើគិត​ទាំងបំពាក់​សម្ភារៈ​ឧបករណ៍​ទៀតនោះ គ្រោងនឹង​សាងសង់ឲ្យ​រួចរាល់​នៅបំណាច់​ឆ្នាំ២០១៤​នេះនឹងប្រារព្វ​ពិធីសម្ពោធ​ជាផ្លូវការ​នៅដើមឆ្នាំ​២០១៥​ខាងមុខនេះ។

រូបភាព គេហទំព័រ សុខភាពយើង

រូបភាព គេហទំព័រ សុខភាពយើង

លោក​រដ្ឋមន្ត្រី​បានមាន​ប្រសាសន៍​ថាអគារ​នេះមាន​តំរូវការ​ពីរ ទី១ផ្តល់​សេវាភ្នែក​ដល់ប្រជា​ពលរដ្ឋទូទៅ​មានគុណភាព​ខ្ពស់ស្រប​តាមស្តង់ដា​នៅក្នុង​តំបន់​អាស៊ាន និងទី២មាន​កិច្ចសហ​ប្រតិបត្តិការ​ជាមួយ​សាកលវិទ្យាល័យ​មួយនៅកូរ៉េ​ដោយផ្តោត​លើការ​បណ្តុះបណ្តាល​ធនធានមនុស្ស​អភិវឌ្ឍន៍​ធនធាន​មនុស្ស​​ និងជួយ​ទ្រទ្រង់​ក្នុងមជ្ឈ​មណ្ឌលនេះ។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានឲ្យ​ដឹងទៀតថា​មជ្ឈមណ្ឌល​ចក្ខុរោគ​មិត្តភាព​កម្ពុជា កូរ៉េនឹង​ធ្វើឲ្យយើង​មានសមត្ថភាព​ក្នុងការ​លើកកំពស់​គុណភាព​ការថែទាំ​ផ្នែកជំងឺ​ភ្នែកកាន់តែ​ប្រសើរ​ថែមទៀត។

យោងតាម​កម្មវិធីជាតិ​សុខភាពភ្នែក​បានឲ្យដឹង​ថាដោយមាន​ការគាំទ្រ​ពីក្រសួង​សុខាភិបាល និងអង្គការ​ដៃគូរ​អភិវឌ្ឍន៍​នានាភ្ងាក់ងារ​ផ្តល់ជំនួយ​ទាំងអស់​បានខិតខំ​ប្រឹងប្រែង​ធ្វើសកម្ម​ភាពយ៉ាង​សកម្ម​ដើម្បីបង្ការ​ទប់ស្កាត់ និងកាត់​បន្ថយនូវ​ភាពពិការ​ភ្នែកពី​១,២%​នៅឆ្នាំ១៩៩៧ មកនៅត្រឹម​០,៣៨%​ នៅឆ្នាំ​២០០៧ ក្នុងនោះមាន​ប្រជាជន​ប្រមាណ​៤៣៨០០នាក់​នៃប្រជាជន​កម្ពុជាកំពុង​រស់នៅ​ជាមួយភាព​ពិការភ្នែក​ដែលនេះគឺ​ជាលទ្ធផល​មួយគួរ​ជាទីមោទនៈ។ ភាពពិការ​ភ្នែករបស់​ប្រជាពលរដ្ឋ គឺបណ្តាល​មកពីជំងឺ​បាយភ្នែក​មាន៧៤,៧%, សន្លាក​កញ្ចក់ភ្នែក​មាន៨,០%, ជំងឺទឹកដក់​ក្នុងភ្នែក​មាន៣,១%, បញ្ហាកំហុស​កំណុំ​រូបភាព​មាន​២,៧% និងជងឺ​ផ្សេងៗ​មួយចំនួន​ទៀត៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative