មូលនិធិ​​គន្ឋបុប្ផា​ ត្រៀម​​កសាង​​អាគារ​​សម្ភព​​កំពស់​បី​ជាន់​​បន្ថែម​​ទៀត

ឆ្លើយតប​កំណើន​ស្រ្តីមាន​ផ្ទៃពោះមក​សម្រាលកូន​កើនទ្បើង​ជាប្រចាំ លោកវេជ្ជបណ្ឌិត បេអាត រីចនើ (Beat Richner)​ បាននិង​កំពុងត្រៀម​សាងសង់​អាគារសម្ភព​កំពស់៣​ជាន់ថ្មីមួយ​ទៀតក្នុង​មន្ទីរពេទ្យ​ជ័យវរ្ម័នទី៧។

រូបភាព សហការី

រូបភាព សហការី

លោកវេជ្ជបណ្ឌិត បេអាត រីចនើ ប្រធាន​មូលនិធិ​គន្ឋបុប្ផា​បានមាន​ប្រសាសន៍ឲ្យ​គេហទំព័រ​សុខភាពកម្ពុជា​ដឹងកាលពី​ថ្ងៃទី១៥ តុលា​កន្លងមក​ថា ដោយសារ​កំនើនស្រ្តី​មកសម្រាល​កូនកើន​ទ្បើងជា​ប្រចាំ ក្នុងមួយថ្ងៃ​ពី៦៣ទៅ​៧២នាក់​ជាប្រចាំ និងស្រ្តីមាន​ផ្ទៃពោះមក ពិនិត្យ​ផ្ទៃពោះពី​៤៥០ទៅ​៥៥០នាក់​ក្នុងមួយថ្ងៃ ទើបមន្ទីរពេទ្យ​សម្រេច​សាងសង់​អាគារថ្មី​កំពស់៣​ជាន់មួយ​បន្ថែមទៀត។ អាគារថ្មី​នេះអាច ដាក់គ្រែ​ចំនួន៨០​បន្ថែមទៀត។ លោក​បន្តថា បច្ចុប្បន្ន​មន្ទីរ​ពេទ្យ​មានគ្រែ​ផ្នែកសម្ភព​ចំនួន១៥០​គ្រែ ដែលបូក​ទាំងគ្រែសម្រាក​មុនសម្រាល គ្រែសម្រាល និងគ្រែ​ក្រោយពេល​សម្រាល។ គ្រែសរុប​ក្នុងមន្ទីរពេទ្យ​នេះ មានជាង​១០០០គ្រែ និងមាន​បុគ្គលិក​សរុប​១៣០០​នាក់។

លោកបន្តថា “តំលៃចំណាយ​សម្រាប់សាង​សង់អាគារ​ថ្មីនេះ រួមទាំង​ការបំពាក់​សម្ភារៈបរិក្ខា​អស់ទឹកប្រាក់​៣.៥លាន​ដុល្លារ។ការសាងសង់​នឹងចំណាយ​ត្រឹមរយៈ​ពេល​១ឆ្នាំប៉ុណ្ណោះ។ ការបុកគ្រឹះ​សាងសង់​អាគារថ្មី​នេះនឹងធ្វើ​ទ្បើងនៅ​ព្រឹកថ្ងៃ​ទី១ វិច្ឆិកា​ខាងមុខនេះ ”។

លោក​វេជ្ជបណ្ឌិត បេអាត រីចនើ បានបន្ត​ថា ទឹកប្រាក់​ចំណាយសម្រាប់​សាងសង់​អាគារថ្មីនេះ ជាទឹកប្រាក់​បានមកពី​មូលនិធិ​គន្ឋបុប្ឆា ដែលជាង​៨០ភាគ​រយ​នៃមូល​និធិនេះ បានទទួល​ការបរិច្ចាក​ពីសប្បុរស​ជនស្វីស និង​ក្រៅពីនេះ​បានទទួលការ​បរិច្ចាកពី​រាជរដ្ឋាភិបាល និង​សប្បុរសជន​ជាជនជាតិ​កម្ពុជា។

មន្ទីរពេទ្យ​ជ័យវរ្ម័នទី៧​កាលពីខែ​កញ្ញាកន្លង​មកនេះ ត្រូវបាន​សម្រេចដាក់​ឲ្យស្ថិតក្រោម​រចនាសម្ព័ន្ឋ​ក្រសួង​សុខាភិបាល ដែលមាន​ឋានៈស្មើ​នាយកដ្ឋាន ប៉ុន្តែទោះ​ជាស្ថិតក្រោម​ការគ្រប់គ្រង​របស់រដ្ឋាភិបាល​ក្តី ក៏មន្ទីរពេទ្យ​នេះនៅតែ​ស្ថិតក្រោមការ​គ្រប់គ្រង​និងចាត់ចែង​ថវិកា ចំណាយនានា​ដោយលោក​វេជ្ជបណ្ឌិត បេអាត រីចនើ ប្រធាន​មូលនិធិ​គន្ឋបុប្ឆា និងបន្ត​ទទួលពិគ្រោះ និងព្យាបាល​ដល់កុមារ និងស្រ្តីមាន​ផ្ទៃពោះ​ដោយឥតថ្លៃ។

សូមអាន មន្ទីរពេទ្យជ័យវរ្ម័នទី៧ ត្រូវដាក់ក្រោមចំណុះ​ក្រសួង​សុខាភិបាល តែនៅ​តែផ្តល់​ការព្យាបាល​ដោយ​ឥត​គិតថ្លៃ

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី១៦​ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative