មន្ត្រី​កាំកុងត្រូល​ខេត្ត​បន្ទាយ​មានជ័យ ទប់ស្កាត់​ប្រេងឆា​ខូច​គុណភាព ពីកោះ​តៃវ៉ាន់

មន្ត្រីកាំកុងត្រូល​សាខាខេត្ត​បន្ទាយ​មានជ័យ សហការ​នឹងមន្ត្រី​ការិយាល័យ​នគរបាល​ប្រឆាំងបទ​ល្មើសសេដ្ឋកិច្ច​ខេត្ត និងមន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កាលពី​ថ្ងៃ​ទី១៤ តុលា ២០១៤ បានចុះ​ណែនាំដល់ អ្នកលក់ដូរ និងអ្នក​ប្រើប្រាស់ អ្នកបរិភោគ កុំចំអិន​ម្ហូបអាហារ​នឹងប្រេងឆា​ដែលបាន​ប្រើប្រាស់​រួចម្តងហើយ ព្រោះ​វា​អាចគ្រោះថ្នាក់​បង្កកើត​ជំងឺ​មហារីក។

រូបភាព​ សហការី

រូបភាព​ សហការី

ការចុះ​ណែនាំនេះ​ក្នុងគោល​បំណង​ទប់ស្កាត់​ការហូរចូល​ផលិតផល​ប្រេងឆា​ខូចគុណភាព ដែល​សង្ស័យថា ផលិត​ដោយចាក់​លាយប្រេងឆា ឬខ្លាញ់​ជ្រូក បានប្រើ​ប្រាស់រួច យកមកច្នៃ​ឡើងវិញ។

លោក អ៊ុត សុភាព ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយ​មានជ័យ បានមាន​ប្រសាសន៍ ខណៈចុះ​ត្រួតពិនិត្យ បង្ការ​ទប់ស្កាត់​និងណែនាំ​នៅផ្សារ​សិរីសោភ័ណ និងផ្សារ​ចម្ការគ (ផ្សារថ្មី) ក្រុងសិរី​សោភ័ណថា យោងតាម​សារនិង​ការណែនាំ​របស់អគ្គ​នាយកដ្ឋាន​កាំកុងត្រូល នៃក្រសួង​ពាណិជ្ជកម្ម ចុះថ្ងៃ​ទី២៦ កញ្ញា ២០១៤ អំពីព្រឹត្តិ​ការណ៍នៃ​បញ្ហាផលិត​ផលប្រេងឆា​ខូចគុណភាព ដែលរដ្ឋបាល​ឱសថ និងម្ហូប​អាហារ​កោះតៃវ៉ាន់ បានជូន​ដំណឹងដល់​អ្នកប្រើ​ប្រាស់ និងត្រួត​ពិនិត្យ​ផលិតផល​ប្រេងឆា​ខូចគុណភាព ដែលសង្ស័យថា ផលិតដោយ​ចាក់លាយ​ប្រេងឆា ឬខ្លាញ់​ជ្រូកបាន​ប្រើប្រាស់រួច យកមកច្នៃ​របស់​ក្រុមហ៊ុន ឆាង គ័ន (Chang Guan Co.) និងបាន​ផ្គត់ផ្គង់​វត្ថុធាតុ​ដើមគ្រឿង​ផ្សំក្នុងស្រុក និង​បរទេសនោះ។

លោកបាន​​អំពាវនាវ ដល់​សាធារណ​ជន និង​ពលរដ្ឋ​​កម្ពុជា តោងមាន​​ការប្រុង​​ប្រយ័ត្ន កុំប្រើប្រាស់​​ជាថ្មីនូវ​​ប្រេងឆា​​ដែលប្រើប្រាស់​​រួចម្តងហើយ ព្រោះការ​ស្រាវជ្រាវ​និងពិសោធន៍​រកឃើញថា វាអាចបង្ក​គ្រោះថ្នាក់​កើតជម្ងឺ​មហារីកបាន ហើយ​កំណក កំទេច​កំទីខ្លោច​ក្នុងប្រេងឆា​រួចក៏ពុំ​គួរបរិភោគ​ដែរពោល​គឺប្រេងឆា ឬខ្លាញ់​ជ្រូកប្រើ​ចំអិន​អាហារម្តងហើយ​សូមកុំ​ស្តាយ ត្រូវចោល​តែម្តង។

លោក អ៊ុត សុភាព បានណែនាំ​ដល់ពលរដ្ឋ​ជាអ្នកលក់ដូរ​និងអ្នក​ប្រើប្រាស់ អ្នកបរិភោគ​ម្ហូបអាហារ សូមពិនិត្យ​លើប្រភព​គុណភាព កាលបរិច្ឆេទ​ប្រើប្រាស់ ការវេចខ្ចប់ ការតាំង​លក់មាន​អនាម័យ មិនចម្លង​មេរោគ​ជាដើម។ ចំពោះបន្លែ ត្រីសាច់ គ្រឿងទេស​ក៏ត្រូវតែ​មិនមាន​សារធាតុគីមី ថ្នាំពុល និងការបង្ក​ប៉ះពាល់​ផ្សេងៗដល់​សុខភាព អាយុជីវិត៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative