១០០​នាក់​ស្លាប់ និង​ជាង​៣០០​នាក់​របួស ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅខេត្ត​កណ្តាល ៩ខែ​ឆ្នាំនេះ

លោកឧត្តម​សេនីយ៍ត្រី អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត បានឲ្យ​ដឹងថា ក្នុងរយៈពេល​៩ខែ ឆ្នាំ២០១៤​នេះ គិតពីថ្ងៃ​ទី១ ខែមករា ដល់ថ្ងៃ​ទី៣០ ខែកញ្ញា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុងខេត្ត​កណ្ដាល បានកើតមាន​ឡើងចំនួន​១៧៧លើក បណ្តាលឲ្យ​មនុស្សស្លាប់ ចំនួន​១១០នាក់ ស្រី​១៦នាក់ និងបណ្តាល​ឲ្យរងរបួស​៣២១​នាក់ ក្នុងនោះ​ស្ត្រី៦៦​នាក់។

រូបភាព សហការី

រូបភាព សហការី

លោកបន្ត​ថារយៈពេល​៩ខែនេះ​ដែរក៏បាន​បណ្តាលឲ្យ ខូចខាត​រថយន្ត​៤៤គ្រឿង, ម៉ូតូ២០៨​គ្រឿង, ម៉ូតូសណ្តោង​រ៉ឺម៉ក​១១គ្រឿង និងកង់​ចំនួន៥​គ្រឿងផង​ដែរ។ ចំពោះមូលហេតុ​នៃគ្រោះថ្នាក់​ចរាចរណ៍ ភាគច្រើន​បណ្តាលមក​ពីការបើកបរ​ហួសល្បឿន​កំណត់, បើកបរ​សេពគ្រឿង​ស្រវឹង, បើកបរមិន​យោគយល់​គ្នា, បើកជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ និងបណ្តាល​មកពីកំហុស​បច្ចេកទេស​យានយន្ត​។ល។

ការលើកឡើង​របស់លោក​ស្នងការ​នេះបាន​ធ្វើឡើង​នៅស្នងការ​ដ្ឋាននគរ​បាលខេត្ត​កណ្តាល កាលពីចុង​សប្តាហ៍​កន្លងទៅនេះ នៅក្នុងកិច្ច​ប្រជុំបូក​សរុប​ការងារ​ចរាចរណ៍​ផ្លូវគោក​រយៈពេល​៩ខែ និងលើក​ទិសដៅ​ការងារត្រី​មាសទី៤ ឆ្នាំ២០១៤ ក្រោម​អធិបតីភាព លោកនាយ​ឧត្តមសេនីយ៍ យុន ឈុន្នី អគ្គស្នង​ការរង​នគរបាល​ជាតិ ។

លោកឧត្តម​សេនីយ៍ត្រី អ៊ាវ ចំរើន បានឲ្យ​ដឹងទៀតថា ប្រជាពលរដ្ឋ​ដែលជាអ្នក​បើកប្រាស់​ផ្លូវផ្ទាល់ និង​ប្រយោល មានឆន្ទៈ​គោរពរាល់​បទបញ្ញាត្ត​គតិយុត្ត​របស់​រាជរដ្ឋាភិបាល ដែលនេះបាន​ឆ្លុះបញ្ចាំង​ឲ្យឃើញនូវ​ស្មារតីទទួល​ខុសត្រូវ ខ្ពស់ក្នុងការ​ចូលរួមស្មារតី​កម្មវិធី​នយោបាយ និង​យន្តការ​កាត់បន្ថយ​ភាពក្រី​ក្រ​ពីប្រជាពលរដ្ឋ​របស់រាជ​រដ្ឋាភិបាល តាមរយៈចូល​រួមអនុវត្ត​ច្បាប់ស្តីពី​ចរាចរណ៍​ផ្លូវគោក។

លោកបាន​បន្ថែមថា​ប៉ុន្តែបើ​ទោះបីជា​មានផល​វិជ្ជមានច្រើន​ក្នុងវិស័យ​ចរាចរណ៍​ផ្លូវគោក នេះក្តី ក៏យើងនៅ​តែពិនិត្យ​ឃើញមាន​ប្រជាជនមួយ​ចំនួនតូច​នៅតែមានៈ​មិនគោរព វិធានការ​ចរាចរណ៍​ឲ្យបានពេញ​លេញនៅ​ឡើយ គឺគោរព​ខ្លាចតែពេល​វត្តមាន​នគរបាល​នៅទីនោះ។ ការមិនគោរព​របស់​ប្រជា​ពលរដ្ឋ​នៅក្រោយខ្នង​សមត្ថកិច្ច​នគរបាលនោះ មានដូចជា​បើកបរមិន​ពាក់មួក​ការពារ​សុវត្ថិភាព, បើកបរមិន​បំពាក់កញ្ចក់​មើលក្រោយ, បើកបរម៉ូតូ​គ្នាន​ស្លាក​លេខ និងបើកបរ​រថយន្តមិន​ពាក់ខ្សែក្រវ៉ាត់​ការពារ​ជាដើម។

នៅក្នុង​ឪកាសនោះ​ដែរលោក​នាយឧត្តម​សេនីយ៍ យុន ឈុន្នី បានមាន​ប្រសាសន៍​ក្រើនរំឮក​ដល់មន្ត្រី​នគរបាល​ជំនាញខេត្ត​-ស្រុក និងប៉ុស្តិ៍​រដ្ឋបាលត្រូវ​ខឹតខំប្រឹង​ប្រែង​រួមគ្នា​អនុវត្ត​ការងារ​ភារកិច្ច និង​កាតព្វកិច្ច​របស់ខ្លួនឲ្យ​បានល្អ​ប្រសើរ។

ដើម្បីកាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យកាន់តែ​មានប្រសិទ្ធភាព​ខ្ពស់លោកបាន​ណែនាំដល់​មន្ត្រីនគរបាល​ប៉ុស្តិ៍ ត្រូវចេះរួម​ចំណែកក្នុង​ការអនុវត្ត​គោល​នយោបាយ​ភូមិ ឃុំសុវត្តិភាព។ ដូច្នេះ​នគរបាល​ប៉ុស្តិ៍រដ្ឋបាល​ដែលស្ថិត​នៅជិត​ប្រជាពលរដ្ឋ ត្រូវចេះធ្វើ​ការណែនាំ និងពន្យល់​ពីច្បាប់​ចរាចរណ៍​ដល់​ពួក​គាត់​ជាប្រជាពលដ្ឋ​ឲ្យបានច្រើន ពីការបើក​បរយានយន្ត​គ្រប់ប្រភេទ​នៅលើ​ផ្លូវថ្នល់ ត្រូវពាក់មួក​ការពារសុវត្ថិភាព ពំពាក់កញ្ចក់​មើលក្រោយ​ជាដើម។ ពេលដែល​ពួកគាត់ជា​ប្រជាពលរដ្ឋ​បានយល់ដឹង​ខ្ពស់ហើយ​នោះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មិនងាយកើត​មានឡើងទៅ​លើពួក​គាត់នោះទេ។

លោក យុន ឈុន្នី បានធ្វើការ​សំណូមពរ​ដល់​ប្រជាពលរដ្ឋ និងមន្ត្រី​រាជការគ្រប់​មជ្ឈដ្នាន​ត្រូវចូលរួម​គោរពច្បាប់​ចរាចរណ៍ ឲ្យបាន​គ្រប់ៗគ្នា ដើម្បីរួម​ចំណែក​កាត់​បន្ថយគ្រោះថ្នាក់​ចរាចរណ៍​នៅប្រទេស​កម្ពុជា៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative