គណៈវិជ្ជាជីវៈ​សុខាភិបាល​មានតួនាទី​សំខាន់ក្នុង​ការការពារ​សាធារណជន

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បានចាត់ទុក​គណៈវិជ្ជា​ជីវៈសុខាភិបាល​មានតួនាទី​សំខាន់ក្នុង​ការការពារ​សាធារណជន​ស្របតាមបទ​បញ្ញាត្តិ​វិជ្ជាជីវៈ​សុខាភិ​បាល។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​សុខាភិបាល

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​សុខាភិបាល

ការលើក​ឡើងរបស់​លោកវេជ្ជ​បណ្ឌិត ម៉ម ប៊ុនហេង បែបនេះ​កាលពី​រសៀល​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ នៅ​សណ្ឋា​គារ​កាំបូឌីយ៉ាណា​នៅក្នុងពិធី​បិទ​​សិក្ខាសាលា​ពិគ្រោះ​យោបល់ថ្នាក់​ជាតិស្តី​ពីពង្រឹង​បទបញ្ញាត្តិ​វិជ្ជាជីវៈ​សុខាភិបាល​នៅក្នុង​ប្រទេស​កម្ពុជា។

លោករដ្ឋមន្ត្រី​បានមាន​ប្រសាសន៍​ថាតួនាទី​គណៈវិជ្ជាជីវៈ​សុខភិបាល​នេះ គឺខុសគ្នា​ពីតួនាទី​ដែលសមាគម​វិជ្ជាជីវៈ​អនុវត្ត​សំរាប់ការ​លើកកំពស់​ផលប្រយោជន៍​វិជ្ជាជីវៈ។ ព្រោះថា​ប្រព័ន្ធ​បទបញ្ញាត្តិ វិជ្ជាជីវៈ​សុខាភិបាល គឺជាផ្នែកមួយ​ដ៏សំខាន់​ក្នុងប្រព័ន្ធ​សុខាភិបាល​ដើម្បីពង្រឹង​នឹងកែលំអរ​គុណភាព​វិជ្ជាជីវៈ​សុខាភិបាល​ដើម្បីសំរេច​ឲ្យបាន​ប្រសិទ្ធភាព និងការថែ​ទាំ​សុខ​ភាព​​ប្រកបដោយ​សុវត្តភាព និងមាន​សីលធម៌។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានកោត​សរសើរ​ចំពោះការ​ខិតខំ​ប្រឹងប្រែង​របស់មន្ត្រី​សុខាភិបាល​គ្រប់ជានថ្នាក់​ដែលបាន​បំពេញ​ការងារបាន​ល្អ ហើយក្រសួង​សូមឲ្យបន្ត​ការងារជា​បន្តទៀត​ដើម្បីបំពេញ​បន្ថែមក្នុង​ការកែលំអរ​នូវរបៀប​របបធ្វើ​ការងារ និងបទ​បញ្ញាត្តិ​គណៈវិជ្ជា​ជីវៈសុខាភិបាល​ឲ្យកាន់តែ​ល្អប្រសើរ និងអនុវត្ត​បានជោគជ័យ​ដើម្បីលើក​ស្ទួយក្រម​សីលធម៌​របស់មន្ត្រី​សុខាភិបាល​ក្នុងការលើក​កំពស់សុខ​មាលភាព​ប្រជាជន​គ្រប់ស្រទាប់ រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​ស្របតាម​គោលនយោ​បាយរបស់​រាជរ្ដឋាភិបាល។

លោករដ្ឋមន្ត្រី​បានឲ្យ​ដឹងទៀត​ថាការថែទាំ​និងការព្យា​បាលសុខភាព គឺបានមកពី​ការធ្វើការ​ជាក្រុម​របស់អ្នក​ដែលមាន​វិជ្ជាជីវៈ​សុខាភិបាល រួមមាន​វេជ្ជ​បណ្ឌិត ឱសថការី ទន្តពេទ្យ គិលានុប្បដ្ឋាក ឆ្មប ឬវិជ្ជាជីវៈ​ដ៏ទៃទៀត ដែលមាន​គុណវឌ្ឍិ​សហការគ្នា​ដើម្បីបំពេញ​សេចក្តីត្រូវ​ការរបស់​អ្នកជំងឺ។ លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា «ដើម្បីសំរេច​នូវទឹសដៅ​នេះការពង្រឹង​នូវគោលការណ៍​នានាទៅក្នុង​បទបញ្ញាត្តិ​វិជ្ជាជីវៈ​សុខាភិបាល គឺថាតំរូវ​ឲ្យអ្នកមាន​វិជ្ជាជីវៈ​សុខាភិបាល​មានសមត្ថភាព​អាចផ្តល់​សុវត្តិភាព សីលធម៌​វិជ្ជាជីវៈ​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុងការផ្តល់​សេវា ហើយតំរូវ​ការដូចគ្នា​នេះដែរ គឺគ្រប់គណៈ​វិជ្ជាជីវៈ​សុខាភិបាល​ត្រូវធ្វើការ​រួមគ្នានិង​ជួយគ្នាទៅវិញ​ទៅមក ដើម្បីដោះ​ស្រាយរាល់​បញ្ហាកង្វះ​ខាតដែលមាន​នៅក្នុង​ប្រព័ន្ធ​សុខាភិបាល»។

លោករដ្ឋមន្ត្រី​បានលើក​ឡើងទៀត​ថា «ខ្ញុំសូម​ឯភាពជាមួយ​ស្មារតី​របស់អង្គ​សិក្ខាសាលា​ថាយើងពុំ​អាចធ្វើការងារ​ដ៏សំខាន់​នេះតែម្នាក់​ឯងបានទេ យើងទាំងអស់​គ្នាត្រូវតែ​ជាចំណែក​នៅក្នុង​ការងារនេះ ហើយសូម​គាំទ្រដល់​ការអនុវត្ត​យុទ្ធសាស្ត្រ​រយៈពេល​៥ឆ្នាំដើម្បី​ពង្រឹងប្រព័ន្ធ​បទបញ្ញាត្តិ​វិជ្ជាជីវៈ​សុខាភិបាល និងជំរុញ​ឲ្យនាយកដ្ឋាន​ពាក់ព័ន្ធ​ទាំងអស់​សហការ​ឲ្យបានពេញ​លេញជាមួយ​មន្ទីរសុខាភិបាល​ខេត្ត និងជាមួយ​គណៈវិជ្ជា​ជីវៈដើម្បី​អនុវត្ត​យុទ្ធសាស្ត្រ​នេះ»៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative