មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី៧ ត្រូវដាក់​ក្រោម​ចំណុះ​ក្រសួង​សុខាភិបាល​ តែនៅតែផ្តល់​ការ​ព្យាបាល​ដោយ​ឥតគិត​ថ្លៃ

ដោយសារការ​រីកធំធាត់​នូវសេវា និង​ចំនួនគ្រែ​សំរាប់អ្នក​ជំងឺ និងពង្រីក​​សេវា​ព្យាបាល មន្ទីរពេទ្យ​ជ័យវរ្ម័នទី៧​ខេត្តសៀមរាប ត្រូវបានដាក់​ឲ្យស្ថិត​ក្រោម​ចំណុះ​ក្រសួង​សុខាភិបាល ប៉ុន្តែនៅ​តែស្ថិត​ក្រោម​ការគ្រប់គ្រង​ចាត់ចែង ចាយវាយ​ថវិកាដោយ​លោកវេជ្ជបណ្ឌិត បេអាត រីចនើ (Beat Richner) និងនៅ​តែបន្ត​ផ្តល់សេវា​ពិនិត្យ​ព្យាបាល​ឥតគិតថ្លៃ។

លោកវេជ្ជបណ្ឌិត បេអាត រីចនើ (Beat Richner)

លោកវេជ្ជបណ្ឌិត បេអាត រីចនើ (Beat Richner)

លោកសាស្រ្តាចារ្យ យ៉ៃ ចន្ទនា នាយក​មន្ទីរពេទ្យ​ជ័យវរ្ម័នទី៧ ខេត្តសៀមរាប​បានមានប្រសាសន៍​ឲ្យគេហទំព័រ​សុខភាពកម្ពុជា ដឹងកាលពី​ល្ងាចថ្ងៃ​ទី១៥ តុលាកន្លង​មកថា ដោយសារ​ការពង្រីក​សាល ការកើនទ្បើង​នូវចំនួនគ្រែ និងការពង្រីក​សេវាព្យាបាល លោកសាស្រ្តាចារ្យ បេអាត រីចនើ (Beat Richner) កាលពី​ខែ​មិថុនា​ឆ្នាំនេះ បានដាក់​សំណើរទៅ​រដ្ឋមន្រ្តី​សុខាភិបាល ដើម្បីសុំ​ដាក់មន្ទីរពេទ្យ​នេះជា​មន្ទីរពេទ្យ​បង្អែកថ្នាក់​ជាតិ និងស្ថិត​ក្រោមរចនា​សម្ព័ន្ឋ​ក្រសួង​សុខាភិបាល​មានឋានៈស្មើ​នឹងនាយកដ្ឋាន។ លោកបន្តថា តាមរយៈ​សំណើរនេះ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល បានបញ្ជូន​ទៅគណៈ​រដ្ឋមន្រ្តី ហើយ​គណៈរដ្ឋមន្រ្តី បានបញ្ជូន​សុំសេចក្តី​សម្រេចពី​សម្តេច​តេជោ ហ៊ុន សែន ហើយសម្តេច​តេជោ ហ៊ុន សែន បានអនុម័ត​យល់ព្រម​កាលពីខែ​កញ្ញាកន្លង​មកនេះ។

ចាប់តាំង​ពីឆ្នាំ១៩៩៩​​មក មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី៧ខេត្ត​សៀមរាប ត្រូវបានដាក់​ឲ្យស្ថិតក្រោម​ការគ្រប់គ្រង របស់មន្ទីរពេទ្យ​គន្ឋបុប្ឆា​នៅរាជធានី​ភ្នំពេញ តែដោយសារ​ការរីកធំ​ធាត់របស់​មន្ទីរពេទ្យ​នេះ ដែលមាន​អាគារកាន់​តែច្រើន និងចំនួនគ្រែ​កើនទ្បើង​ជាង១.០០០​គ្រែ ទើបលោក​វេជ្ជបណ្ឌិត Beat Richnerសម្រេច​សុំដាក់​​មន្ទីរពេទ្យ​នេះជាមន្ទីរពេទ្យ​បង្អែក​ជាតិ និងជា​មន្ទីរពេទ្យ​សាកលវិទ្យាល័យ ដែលមាន​សមត្ថភាព និង​លទ្ឋភាព ផ្តល់ការ​បណ្តុះ​បណ្តាល​បន្ត​ដល់​​គ្រូពេទ្យ និងទទួល​និស្សិតចុះ​ធ្វើកម្មសិក្សា​ជាទៀងទាត់​រៀងរាល់ខែ។ លោកសាស្រ្តាចារ្យ យ៉ៃ ចន្ទនា បញ្ជាក់​ឲ្យដឹង។

លោកសាស្រ្តាចារ្យ​បានបន្ត​ថា “ទោះជា​មន្ទីរពេទ្យនេះ​ក្លាយជា​មន្ទីរពេទ្យ​បង្អែកជាតិ និងស្ថិត​ក្រោមរចនា​សម្ព័ន្ឋ​ក្រសួង​សុខាភិបាល តែការចាត់​ចែង និងការ​គ្រប់គ្រង​ថវិកា នៅតែស្ថិត​ក្រោមការ​គ្រប់គ្រង​របស់លោក​វេជ្ជបណ្ឌិត Beat Richner និងនៅតែ​ទទួលការ​ពិគ្រោះ និងព្យាបាល​កុមារ​ដោយឥត​គិតថ្លៃ”។ លោកបន្ត​ថា “ការពិនិត្យ​ព្យាបាល​នៅទីនេះ នៅតែធ្វើ​ទ្បើងដោយ​ឥតគិតថ្លៃ មិនដូចពាក្យ​ចចាមអារ៉ាម​ចេះតែលើក​ទ្បើងផ្តេស​ផ្តាសនោះទេ”។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី១៥​ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative