រដ្ឋមន្ត្រី​ការងារ​ហាមមិន​ឲ្យក្រុម​ការងារ​អន្តរក្រសួង​យកទារ​លុយពី​ពលករ​កម្ពុជា នៅថៃ

រដ្ឋមន្ត្រី​ក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បានធ្វើការ​ណែនាំ​ដល់ក្រុមការងារ​អន្តរក្រសួង​ចល័ត និង​ក្រុមបោះពុម្ព​លិខិត​ឆ្លងដែន ដើម្បី ផ្តល់ភាព​ស្របច្បាប់​ដល់ ពលករ​កម្ពុជា ដែលកំពុង​ស្នាក់នៅ និងធ្វើការ​នៅព្រះរាជា​ណាចក្រថៃ​ ទៅទារ​កំរ៉ៃពី​ពលករ យើងបន្ថែម​ទេ​ ព្រោះថា​វាជាភារកិច្ច​របស់និយោជក​ថៃ ដែលត្រូវ​បង់ថ្លៃ​សេវានេះ ជូនដល់​ពលករ។

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង ការងារ បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង ការងារ បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ

លោក អ៊ិត សំហេង បានមាន​ប្រសាសន៍​បែបនេះ​ខណៈពេល​ដែលចូល​ជួប និងសុំ​អនុសាសន៏​ពីលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ មុននឹង​ចាកចេញ​ដំណើរទៅ​បំពេញការងារ​នៅព្រះរាជា​ណាចក្រ​ថៃឡង់ដ៏ នៅទីស្តី​ការក្រសួង។
ដោយបាន​ទទួលការ​ណែនាំដ៏​ខ្ពង់ខ្ពស់ពី​សម្តេចអគ្គ​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា អោយ​រៀបចំ និងបង្កើត​នូវក្រុម​ការងារ​អន្តរ​ក្រសួង​ចល័ត​ចំនួន ០៥ក្រុម និងក្រុម​បោះពុម្ព​លិខិត​ឆ្លងដែន ចំនួន ០១ ក្រុម រួមមាន​ស្ថាប័នមក​ពី​ក្រសួង​ការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ក្រសួង​មហាផ្ទៃ និង​ក្រសួងការ​បរទេស និង​សហ​ប្រតិបត្តិការ អន្តរជាតិ​ដើម្បី ផ្តល់ភាព​ស្របច្បាប់​ដល់ពលករ​កម្ពុជា ដែលកំពុង​ស្នាក់នៅ និងធ្វើការ​នៅព្រះរាជា​ណាចក្រថៃ ។

ក្នុងពិធី​សំណេះ​សំណាល​នោះ លោក អ៊ិត សំហេង បានមាន​ប្រសាសន៏ថា «នេះជា​បេសកម្ម​ជាតិ ដ៏ឧត្តុង្គ​ឧត្តម និងពិតជា​មានសារៈ​សំខាន់ណាស់ សម្រាប់​ក្រុមការងារ​អន្តរក្រសួង​មួយនេះ ដែលត្រូវ​ដោះស្រាយ​ជូនដល់​ពលរដ្ឋ​របស់យើង​ដែលកំពុង​តែស្នាក់​នៅ និងធ្វើការ​នៅប្រទេស​ថៃ ដែលពួក គាត់កំពុង​តែរង់ចាំ​នូវសេវា​របស់យើង ដូច្នេះ​ក្រុមការងារ​របស់យើង​ត្រូវតែ​ដោះស្រាយ សម្រួល​បែបបទ ផ្តល់ភាព​ស្របច្បាប់ ដើម្បីឲ្យ​ពួកគាត់ជៀស​ផុតពីហានិភ័យ​ផ្សេងៗ »។ លោករដ្ឋមន្ត្រី​បានផ្តល់ អនុសាសន៏ ចំនួន០៣ ទៅដល់​ក្រុមការងារ​ចល័ត ថា ទី១. ក្រុមការងារ ត្រូវ សហការ​ជាមួយខាង​ភាគីថៃ អោយបាន​ល្អ ជាពិសេស​ជាមួយ​មជ្ឈមណ្ឌល​ច្រកចេញចូល​តែមួយនៃ ក្រសួងការងារ​របស់​ប្រទេសថៃ និង នីតិវិធី​ដែល ថៃ បានព្រមព្រៀង​ជាមួយ​កម្ពុជា​ត្រូវអនុវត្ត​ឲ្យបាន​ភ្ជាប់ខ្ជួន ។ ទី២. នីតិវិធី និងការ​ណែនាំផ្សេងៗ​របស់​អន្តរក្រសួង ក៏វាមិន​ទាន់បាន គ្រប់គ្រាន់​១០០​ភាគរយ​សម្រាប់យើង​យកទៅ​អនុវត្ត​នោះដែរ ប៉ុន្តែវា​ជាមូលដ្ឋាន​គ្រឹះ សម្រាប់​យកទៅ​អនុវត្ត បើសិន​ខ្វះខាតនូវ​ចន្លោះ​ណាមួយ យើងអាច​ពិគ្រោះ​យោបល់ ឬពិភាក្សា​គ្នាជាមួយ លេខា​ធិការ ដ្ឋានរបស់​យើងនៅ​ទីនោះ ប៉ុន្តែពេល​ដោះស្រាយ​មិនបានត្រូវ​សុំយោបល់​ថ្នាក់ដឹកនាំ​របស់យើង និងសូមឲ្យ​មានការ​យោគយល់​គ្នាទៅវិញ​ទៅមក​នៅក្នុងក្រុម​រវាងប្រធាន អនុប្រធាន សមាជិក សហការគ្នា​ឲ្យបានល្អ ចេះ រួបរួម​ស្រលាញ់គ្នា មានស្មារតី​រួម មានសាមគ្គី​ផ្ទៃក្នុង​អោយបានល្អ គឺនៅផ្ទះ​ម្តាយទីទៃ នៅព្រៃ​ម្តាយតែមួយ និងទី៣. ហាមទៅទារ​កម្រៃបន្ថែម​ពីពលករ​របស់យើង​ទេ ព្រោះវាជា​ភារកិច្ចរបស់​និយោជកថៃ ដែលត្រូវ​បង់ថ្លៃ សេវានេះ ជូនដល់​ពលករ។

សូមបញ្ជាក់​ថា និយោជកថៃ​ត្រូវតម្រូវ​អោយបង់​នូវសេវា ចំនួន ១៤០០ (មួយពាន់ បួនរយបាត) បាត ក្នុងពលករ​ម្នាក់ (ក្នុងនោះ ប័ណ្ណ​ពលករ​កម្ពុជា​ទៅធ្វើការ នៅបរទេស ចំនួន ៣២០បាត រូបថត​ចំនួន ១៣០បាត សេវា​សម្របសម្រួល​ជាមួយ​ភាគីថៃ ចំនួន ២០០បាត និងសេវា​ទ្រទ្រង់ ក្រុមការងារ អន្តរ​ក្រសួង​ចល័ត​ចំនួន​៧៥០បាត។ បច្ចុប្បន្ននេះ មានពលករ​កម្ពុជា​ប្រមាណ​៥០ម៉ឺន​នាក់បាន​កំពុងស្នាក់​នៅ និងធ្វើការ​នៅប្រទេសថៃ​ទាំងស្រប់ច្បាប់ និងមិន​ស្របច្បាប់៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative