ACU ដោះលែង​មនុស្សពីរ​នាក់ដែល​ប្រព្រឹត្តិ​មិនប្រក្រតី​នៅថ្ងៃ​ប្រលងទី១

អង្គភាព​ប្រឆាំងអំពើ​ពុករលួយ (ACU) បានសម្រេច​ចិត្តដោះលែង មនុស្សពីរ​នាក់ដែល​បានលក់​វិញ្ញាសារ​ក្លែងក្លាយ និងបុរស​ម្នាក់បន្លំ​ខ្លួនជាមន្រ្តី​របស់​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ។

រូបភាព សហការី

រូបភាព សហការី

លោកទេស​រដ្ឋមន្រ្តី ឳម យ៉ិនទៀង ប្រធានអង្គភាព​ប្រឆាំងអំពើ​ពុករលួយ​បានមាន​ប្រសាសន៍ឲ្យ​គេហទំព័រ​សុខភាពកម្ពុជា ដឹងនៅព្រឹក​ថ្ងៃទី១៤ តុលា​កន្លង​មកថា បន្ទាប់ពី​បានស្តាប់​ចម្លើយពី​ស្រ្តី ដែលបាន​លក់វិញ្ញាសារ​ប្រលង​ក្លែងក្លាយ ដែលគាត់​បានហ្វូតូកូពី​មេរៀនក្លែងក្លាយ​លក់តាំង​ពីព្រឹកម៉ោង៤ ទៅ៥​ព្រឹក​នាថ្ងៃ​ប្រលងទី១ និងបាន​បន្តលក់​រហូតដល់​ពេលប្រលង ត្រូវបាន​មន្រ្តីរបស់​យើងបាន​ទប់ស្កាត់​ទាន់ពេល​វេលា។ លោកបន្ត​ថា វាហាក់ជា​ការភ័ន្តច្រទ្បំ និងជារឿង​នយោបាយ​ច្រើនជាង។ ហេតុនេះ​ទើបយើងបាន​ត្រឹមធ្វើការ​ណែនាំ អប់រំ និង​ព្រមានគាត់ និងឲ្យគាត់​ចុះកិច្ច​សន្យាមិន​ឲ្យប្រព្រឹត្តិ​បែបនេះ​ជាថ្មីទៀត។

សូមចុចអាន បេក្ខជនមិនមកប្រលងភាគច្រើនដោយសារដឹងថាសមត្ថភាពខ្លួនខ្សោយពេក

លោកបន្ត​ថា “យើងបាន​ជំរាបទៅ​លោកព្រះរាជ​អាជ្ញា ទាក់ទងនឹង​ស្ថានភាព​របស់គាត់ ហើយក្រោយ​មកយើង​បានអនុញ្ញាត្ត​ឲ្យគាត់​ត្រលប់​ទៅផ្ទះវិញ”។
លោក ឳម យ៉ិនទៀង បាន​បន្តថា ចំណែក​ករណីមួយ​ទៀត គឺបុរស​ម្នាក់បន្លំ​ជាមន្រ្តី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ តែនៅពេល​យើងចាប់​ខ្លួនគាត់ យើងបាន​រកឃើញ​ថាគាត់ធ្លាប់​ទទួលបាន​ប័ណ្ណ របស់អង្គភាព​ប្រឆាំងអំពើ​ពុករលួយ ដែលចេញ​ឲ្យគាត់ក្នុង​នាមជាអ្នក​សង្កេតការណ៍ នៅសម័យ​ប្រលង​លើកទី១ ប៉ុន្តែប័ណ្ណ​នោះបាន​ផុតសុពលភាព​ហើយ។ លោកបន្ត​ថា នៅពេលយើង​សាកសួរ​គាត់ គាត់បាន​និយាយថា​គាត់ចង់​ជួយ​អង្គភាព​ប្រឆាំងអំពើ​ពុករលួយ តែយើង​បានជំរាប​គាត់មិនអាច​ធ្វើបែបនេះទេ បើសិនជា​គាត់មិនបាន​ទទួលការ​អនុញ្ញាត្ត​ពីអង្គភាពរបស់យើង។

លោកបន្ត​ថា “ករណីនេះ​វាមិនជ្រុល​ជ្រួសនោះទេ ហេតុនេះ​ទើបយើងបាន​ធ្វើការ​ព្រមាន អប់រំ និងឲ្យ​គាត់ចុះកិច្ច​សន្យាមិន​ប្រព្រឹត្តិ​កំហុស​ជាថ្មី ហើយយើង​បានជំរាប​ទៅព្រះរាជ​អាជ្ញា និងបាន​ដោះលែង​គាត់ហើយ”៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative