គ្រោះអគ្គិភ័យ​នៅភ្នំពេញ សំលាប់​មនុស្ស​៤នាក់ និងរបួស​៧នាក់ ក្នុង៣​ត្រីមាស​នេះ

គ្រោះអគ្គិភ័យ​នៅក្នុង​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​៣ត្រីមាស ឆ្នាំ២០១៤​នេះ បានកើតឡើង​ចំនួន៦១​លើក បណ្តាល​ឲ្យមនុស្ស​ស្លាប់ចំនួន​៤នាក់ និង​រងរបួស​ធ្ងន់ស្រាល​ចំនួន៧ ព្រមទាំង​បានបង្ក​ឲ្យរងការ​ខូតខាត​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​អស់មួយ​ចំនួនធំ។

រូបភាព សហការី

រូបភាព សហការី

លោកវរសេនីយ៍​ទោ ព្រហ្ម យ៉ន នាយការិយា​ល័យបង្ការ និងពន្លត់​អគ្គិភ័យ នៃស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានឲ្យប្រាប់​គេហទំព័រ សុខភាព​កម្ពុជា ថា៩ខែ ឆ្នាំ២០១៤​នេះ មានគ្រោះ​អគ្គិភ័យកើត​ឡើងនៅក្នុង​រាជធានីភ្នំពេញ ចំនួន៦១​លើក បើប្រៀបធៀប​រយៈពេល​ដូចគ្នា ក្នុងឆ្នាំ​២០១៣ មានចំនួន​១០៥​លើក​ ស្លាប់៦​នាក់ និងរង​របួសធ្ងន់​ស្រាល​៧នាក់ ឃើញថា​ថយចុះ​៤៤លើក និង​ស្លាប់​ថយចុះ​២នាក់ និងរបួស​ថយចុះម្នាក់ ។

លោកបាន​បន្តថា​គ្រោះអគ្គិភ័យ​នេះក៏បាន​បណ្ដាល​ឲ្យឆេះផ្ទះ​ថ្មក្រោម​ឈើលើ​២៤ខ្នង, ឆេះផ្ទះ​ល្វែង ៣០ល្វែង, ឆេះរោងចក្រ​៥កន្លែង, ឆេះឃ្លាំង​ស្តុកទំនិញ ៣កន្លែង, ឆេះដេប៉ូ​ឈើ​១ខ្នង, ឆេះរថយន្ត​៦គ្រឿង និងម៉ូតូ​១៣គ្រឿង។

ទាក់ទិន​ទៅនឹង​មូលហេតុ​ដែលបង្ក​ឲ្យគ្រោះ​អគ្គិភ័យ លោកវរសេនីយ៍​ទោ បានពន្យល់​ថាមាន​ការឆ្លងចរន្ត​អគ្គិសនី​៣៤លើក ក្មេងដុត​សំរាម៧​លើក ភ្លើងធូប​២លើក គ្រោះថ្នាក់​ចរាចរណ៍​១លើក ឆាបប្រេង​១លើក ផ្ទុះកំប៉ុង​ហ្គាស​២លើក ជាងផ្សារ​ដែក១លើក និងឆេះ​ម៉ាស៊ីន​ក្រឡឹង​២លើក។

ចំពោះ​បញ្ហា​ប្រឈម​នៅពេលមាន​អគ្គិភ័យ​កើតឡើង ត្រូវបាន​លោក ព្រហ្ម យ៉ន បញ្ជាក់​ឲ្យដឹងថា កម្លាំង​អគ្គិភ័យ​តែងជួប​ការលំបាក​ដោយសារ​ស្ថានភាព​ផ្លូវមាន​លក្ខណៈ តូចចង្អៀត, បញ្ហាកក​ស្ទះ​ចរាចរណ៍, ប្រជាពលរដ្ឋ​ពុំទាន់មាន​បំពង់ពន្លត់​អគ្គិភ័យ​នៅតាមផ្ទះ​គ្រប់គ្រាន់​តាមលក្ខណៈ​បច្ចេកទេស, សំណង់​អគារដែល​សង់មិនបាន​គិតពីច្រក​សុវត្ថិភាព​ពេលមាន​គ្រោះអគ្គិភ័យ និងខ្សែ​ភ្លើង​អគ្គិសនី​បំពាក់ដោយ​ខុសលក្ខណៈ​បច្ចេកទេស, ការផ្តល់​ដំណឹងពី​ករណី​ពុំ​ច្បាស់លាស់​ពីទំហំឆេះ​ថា មានស្ថានភាព​តូច ឬធំ ដែលជា​ហេតុពិបាក​ក្នុងការរៀបចំ​យុទ្ធសាស្ត្រ​ពន្លត់។

ប៉ុន្តែទោះបី​ជាយ៉ាងណា​ក៏ដោយនាយ​ការិយាល័យ​រូបនោះ​បានបន្ថែម​ថា ការិយាល័យ​បង្ការ និងពន្លត់​អគ្គិភ័យ នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី បាន​ត្រៀម​ជួយ​សង្គ្រោះ​ពន្លត់​អគ្គិភ័យ ដោយមាន​កម្លាំងប្រចាំ​ការ២៤​ម៉ោងលើ​២៤ម៉ោង, ចាត់តាំង​គ្រូបង្គោល​ចុះណែនាំ​អប់រំស្តី​ពីសារាចរណ៍ សេចក្តីជូន​ដំណឹង បទបញ្ជា និងច្បាប់​អគ្គិភ័យ ដើម្បីបង្ការ​ទប់ស្កាត់​នៅតំបន់​ងាយរង​គ្រោះ ដូចជា​ស្ថាប័នរដ្ឋ រោងចក្រ សហគ្រាស ក្រុមហ៊ុន គ្រឹះស្ថាន​ឧត្តម​សិក្សា ផ្សារទំនើប បុរីធំៗ តំបន់​សេដ្ឋកិច្ច​ពិសេស និងតំបន់​បណ្ដុំសហគមន៍​ប្រជាលរដ្ឋ​រស់នៅ​បែប​អនាធិបតេយ្យ។

ក្នុងនាម​​ការិយាល័យ​បង្ការ និងពន្លត់អគ្គិភ័យ លោកវរ​សេនីយទោ ព្រហ្ម យ៉ន បានសំណូម​ពរដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅរាជ​ធានីភ្នំពេញ ក៏ដូចជា​នៅទូទាំង​ប្រទេស​ចូលរួម​ទាំងអស់គ្នា ដើម្បីបង្ការ​ទប់ស្កាត់​គ្រោះអគ្គិភ័យ​កុំឲ្យ​កើតឡើង ហើយបើមាន​គ្រោះអគ្គិភ័យ​បងប្អូនអាច​ទូរស័ព្ទមក​លេខ៦៦៦ ការិយាល័យ​នឹងបញ្ជា​កម្លាំងដែល​ប្រចាំការ​នៅតាម​គោលដៅ​នៅជិត​កន្លែងឆេះ បំផុតឲ្យ​ចេញអន្ត​រាគមនភ្លាមៗ។

លោក​បញ្ជាក់ថា អគ្គិភ័យ​កើតឡើង​ដោយសារ​ការធ្វេស​ប្រហេស​របស់យើង មិនមែន​កើតឡើង​ដោយការ​ចៃដន្យ​ឡើយ ការប្រើប្រាស់​ភ្លើងផ្សេងៗ ក៏ដូចជា​ជាតិឆេះមួយ​ចំនួន​បម្រើឲ្យ​ការរស់នៅ​របស់យើង បើមិនបាន​ត្រួតពនិត្យ​ឲ្យបានហ្មត់​ចត់ទេ វានឹងបង្ក​ឲ្យឆេះឆាប​កើតឡើង​ភ្លាម ព្រោះថា គ្រោះអគ្គិភ័យ​ថ្វីត្បិតជា​គ្រោះមហន្ត​រាយមិនដូច​គ្រោះថ្នាក់​ចរាចរណ៍ ពិតមែន តែបើ​កើតគ្រោះ​អគ្គិភ័យ​ហើយ គឺធ្វើឲ្យ​យើងធ្លាក់​ខ្លួនក្រ ហើយចាប់ផ្តើម​អ្វីៗសារ​ជាថ្មីម្ដង​ទៀត៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative