បេក្ខជន​មិនមក​ប្រលង​ភាគច្រើន​ដោយសារ​ដឹងថា​សមត្ថភាព​ខ្លួនខ្សោយ​ពេក

អ្នកនាំពាក្យ​ក្រសួងអប់រំ​យុវជន​និងកីឡា​បានមាន​ប្រសាសន៍​ថាគិតរហូត​មកមកដល់​រសៀល​ទី១៤​តុលា ដែលជាថ្ងៃ​បញ្ចប់នៃ​ការប្រលង​បាក់ឌុប​លើកទី២​មានបេក្ខជន​ប្រលង​ដែល​អវត្តមាន​មិនមក​ប្រលង​នៅទូទាំង​ប្រទេស​ចំនួន​៧៣៦៤​នាក់ស្មើ​នឹង១០,៧៩​ភាគរយ​នៃបេក្ខជន​សរុបចំនួន​៦៨២៣៥​នាក់ ។ ខេត្តកណ្តាលមានបេក្ខជនអវត្តមានច្រើនជាងគេ។

រូបភាព គេហទំព័រ សុខភាព កម្ពុជា

រូបភាព គេហទំព័រ សុខភាព កម្ពុជា

លោក​ រស់ សាលីន អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន​និង​កីឡា បានប្រាប់ កាលពីរសៀល​ថ្ងៃទី១៤ តុលា​ឲ្យដឹងថា​ក្នុងចំណោម​បេក្ខជន​ដែល​អវត្តមាន​មិនចូល​ប្រលង​ទាំងនោះ ខេត្តកណ្តាល​ច្រើនជាងគេ​គឺមានចំនួន​១៥០៣នាក់​ដែលភាគច្រើន​ជាបេក្ខជន​បំពេញវិជ្ជា​មានចំនួន​៩៥៤នាក់ ​រាជធានី​ភ្នំពេញ​មានចំនួន​៩៥៨នាក់​ ខេត្តកំពង់ចាម​ចំនួន​៧៤៤នាក់ ខេត្ត​សៀមរាប​ចំនួន​២៩៨​នាក់ ខេត្តកំពង់ធំ​ចំនួន​២៩០​នាក់ ខេត្តកំពង់ឆ្នាំង​មាន១៤១​នាក់ ខេត្តពោធិសាត់​មាន១៥០​នាក់ ខេត្តបាត់​ដំបងមាន​៥៤២នាក់​ ខេត្តស្វាយ​រៀងមាន​១៧៤នាក់ ខេត្ត​បន្ទាយមាន​ជ័យមាន​៣៣៩នាក់ ខេត្តក្រចេះ​មាន៨០​នាក់ ខេត្តស្ទឹងត្រែង​មាន២៦​នាក់ ខេត្តរតន​គីរីមាន​២១នាក់ ខេត្តមណ្ឌល​គីរីមាន​៧នាក់ ខេត្តកំពត​មាន២៩៥​នាក់ ខេត្តកំពង់ស្ពឺ​មាន២៦២​នាក់ ខេត្តកោះកុង​មាន៦៣​នាក់ ខេត្តព្រះ​ស៊ីហនុ​មាន៥៩២​នាក់ ខេត្តឧត្តរ​មានជ័យ​មាន៥៥​នាក់ និងខេត្ត​តាកែវ​ចំនួន៣៦៦​នាក់។

សូមចុចអាន រដ្ឋមន្រ្តីអប់រំៈ ការប្រលងបាក់ឌុបថ្ងៃទី១ មានបេក្ខជនអវត្តមានច្រើន

ចំពោះ​មូលហេតុ​ដែលនាំឲ្យ​បេក្ខជន​អវត្តមាន​មិនចូលរួម​ប្រលងច្រើន​បែបនេះ ត្រូវបាន​លោក រស់ សាលីន ពន្យល់ឲ្យ​ដឹងថា​មានមូលហេតុ​ពីរសំខាន់ គឺទី១ ដោយសារតែ​បេក្ខទាំង​នោះភាគច្រើន​មាន​សមត្ថភាព​ទាបខ្លាំង​ពេក។ ដូចនេះ​ពួកគេបាន​ដឹងខ្លួនថា​បើទោះបី​ជាមកប្រលង​ក៏មិនជាប់​ដែរដោយ​សារ​ក្រសួង​បានពង្រឹង​ការប្រលង​យ៉ាងតឹង​តែងជាទី​បំផុត។ លោកបាន​បន្តថាយើង​ឃើញថា​នៅប្រលង​ថ្ងៃដំបូង​មានបេក្ខជន​ចូលរួម​យ៉ាងច្រើន​កុរករ​តែម៉ោង​ក្រោយ​មកទៀត​ក៏មាន​អវត្តមាន​ច្រើនតែម្តង រហូតមកដល់​រសៀលថ្ងៃ​ទី១៤មាន​កាន់តែ​ច្រើនទៅៗ។ ទី២​ដោយសារ​តែបេក្ខជន​ភាគច្រើន​បំពេញវិជ្ជា​ដែល​ពួកគាត់​មិនបាន​ចូលរៀន​ទេ។

ទោះបីជា​យ៉ាងណា​ក៏ដោយ​នៅក្នុង​ប្រលងថ្ងៃ​ទី២ដែលជា​ថ្ងៃចុង​ក្រោយនេះ លោក រស់ សាលីន បានបញ្ជាក់​ថាដំណើរការ​នៅពេល​ប្រលង​នៅទូទាំង​ប្រទេស គឺប្រព្រឹត្ត​ទៅយ៉ាងរលួន​មិនមាន​បញ្ហា ដូចជានៅ​ថ្ងៃប្រលង​ទី១ទេ ដែលមាន​ការឃាត់ខ្លួន​មនុស្ស​ចំនួន​២នាក់ បញ្ជួនទៅ​កាន់អង្គភាព​ប្រឆាំងអំពើ​ពុករលួយ គឺ ករណីទី១ ស្ត្រីម្នាក់​បានយក​សំណៅ​ឯកសារ ទៅលក់មុខ​វិទ្យាល័យ​បាក់ទូក និងករណី​ទី២​នៅវិទ្យាល័យ​ព្រះស៊ីសុវត្តិ​ដែល យុវជនម្នាក់​បន្លំធ្វើ​អ្នកសង្គេត​ការណ៍។

ប្រលង​បាក់ឌុប​លើកទី២នេះ​អាចវាយ​តំលៃបាន​ថា ប្រព្រឹត្ត​ទៅល្អជាង​ការប្រឡង នៅលើកទី១​ទៅទៀត ពោលគឺ​មានលក្ខណៈ​ស្ងៀមស្ងាត់​នៅខាងក្រៅ​មណ្ឌលប្រលង​នីមួយៗ មិនមាន​ឃើញអាណា​ព្យាបាល និងឪពុក​ម្តាយបេក្ខជន​ប្រលង​នៅឈរត្រៀម​ត្រាដូចមុនទេ​ ដោយសារតែ​ពួកគាត់យល់​ឃើញថា​ទោះបីជា​គាត់មក​ក៏មិនអាច​ជួយកូន​បានដែរ។ ជាងនេះទៅទៀត​ប្រ៊ុយ៉ុង និងទូរសព្ទ័ ដែលចាប់បាន​ចាប់បាន​និងឆែក​ឃើញនៅខាង​ក្រៅមណ្ឌល​ប្រលងក៏មាន​ចំនួនតិច​ដែរ។ លោកបាន​បន្តថា​នេះបាន​បង្ហាញឲ្យ​ឃើញថា​ទាំងបេក្ខជន និងឪពុក​ម្តាយ រួមទាំង​មន្ត្រីអប់រំ​បានយល់ពី​នីតិវិធីនៃ​ការប្រលង​ដែលបាន​ដឹង​ពីលទ្ធផល​ប្រលង​លើកទី១​កន្លងមក។

ប្រឡង​​បាក់ឌុប​លើទី១ បានប្រព្រឹត្ត​ទៅនៅថ្ងៃ​ទី៤-៥ ខែសីហា ឆ្នាំ២០១៤ ដោយមាន​​បេក្ខជន​ប្រឡង​ជាប់សរុប​​ចំនួន២៣១២៦​នាក់ ត្រូវជា ២៥,៧២​ភាគរយ ក្នុងចំណោម​សិស្សសរុប ៨៩៩៣៧​នាក់។ ចំណែកបេក្ខជន​ដែលប្រឡង​លើកទី២នេះ មានចំនួន​៦៨២៣៥​នាក់ និង​មណ្ឌល​១១៧ ក្នុងនោះ​មានបន្ទប់ ចំនួន ២៧៥២ បន្ទប់ ហើយលទ្ធផល​នៃការប្រឡង​នឹង ប្រកាស​នៅថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ខាងមុខ ហើយប្រលង​លើកនេះ មានមន្ត្រី​អប់រំចូលរួម​ចំនួន​១៩៤៥១​នាក់ និងមាន​អ្នកសង្គេត​ការណ៍ជាតិ-​អន្តរជាតិ ចំនួនជាង ៣២០០នាក់៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative