ក្រសួង​សុខាភិបាល​ពង្រឹង​បទបញ្ញត្តិ​វិជ្ជាជីវៈ​ក្នុងវិស័យ​សុខាភិបាល

ក្នុងគោលដៅ​​ពង្រឹង​សមត្ថភាព កម្រិត​វិជ្ជាជីវៈ និងក្រម​សីលធ៌ម​គ្រូពេទ្យ ក្រសួង​សុខាភិបាល បានបើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​ស្តីពីការ​ពង្រឹងបទ​បញ្ញត្តិ​វិជ្ជាជីវៈ​ក្នុងវិស័យ​សុខាភិបាល។

រូបភាព ​គេហទំព័រ សុខភាពកម្ពុជា

លោកសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខា​ធិការ​​ក្រសួង​​សុខាភិបាល

សិក្ខាសាលា​រយៈពេល​ពីរថ្ងៃនេះ បានទទួល​ការឧបត្ថម្ភ​ពីទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក សម្រាប់កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ (USAID) និងរៀបចំ​ទ្បើងដោយ​គណៈគ្រូ​ពេទ្យកម្ពុជា ព្រមទាំង​គណៈពាក់ព័ន្ឋ​ផ្សេងៗទៀត​ក្នុងវិស័យ​សុខាភិបាល។

លោកស្រី នូណេ ដុនខេន ចូន (NOUNE DUNCAN JONE) នាយក​ការិយាល័យ​សុខភាព​សាធារណៈ និងបណ្តុះ​បណ្តាល​នៃ USAID ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​បើកសិក្ខា​សាលា ដែលបាន​ប្រារពធ្វើ​នៅព្រឹកថ្ងៃ​ទី១៣ តុលានេះ ថា​ក្រសួង​សុខាភិបាល​និងវិស័យ​ឯកជន​បាននិង​កំពុង​រួបរួមគ្នា ដើម្បីជួយ​ពង្រឹងគុណភាព​វិស័យ​សុខាភិបាល​នៅគ្រប់​កម្រិត ដើម្បីជួយ​សម្រាលការ​ឈឺចាប់​របស់​ប្រជាជន ខណៈបណ្តា​ប្រទេស​នៅទ្វីប​អាហ្រ្វិក​ភាគខាងលិច កំពុងរង​ការឈឺចាប់​ដោយសារ​ជំងឺអេបូទ្បា ដូច្នេះហើយ​ទើបយើង​រួបរួមគ្នា​រៀបចំ​បទបញ្ញត្តិ​នានា ដើម្បីជួយ​ពង្រឹងនូវ​លក្ខខ័ណ្ឌ​ការងារ​សម្រាប់​បុគ្គលិក​សុខាភិបាល។

លោកស្រី​បន្តថា “យើងនឹង​រួមគ្នា​ពង្រឹងបទ​បញ្ញត្តិក្នុង​វិស័យ​សុខាភិបាល ឲ្យមាន​ភាពខ្លាំងក្លា និងជំរុញ​ឲ្យអ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល ត្រូវតែចុះ​បញ្ជីរ​នៅក្នុង​គណៈ​វិជ្ជាជីវៈ​របស់ខ្លួន និង​ត្រូវអនុវត្តន៍​នៅទូទាំង​ប្រទេស​កម្ពុជា”។

លោកសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខា​ធិការ​ក្រសួង​សុខាភិបាល​បានមាន​ប្រសាសន៍​ថា បទពិសោធន៍​ទាំងទ្បាយ​នៃការគ្រប់គ្រង​គណៈវិជ្ជាជីវៈ​វិស័យ​សុខាភិបាល បានទទួល​ស្គាល់ជា​សាកលថា “រាល់កំហុស​ឆ្គងក្នុងកា​​​​​រ​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល ជាសមត្ថភាព​ជំនាញ ឥរិយាបទ​ពេលបំពេញ​ការងារ ឬសីលធ៌ម​វិជ្ជាជីវៈ នៃអ្នកផ្តល់​សេវា​សុខាភិបាល​អាចកើតមាន​គ្រប់ទិសទី ទាំងនៅក្នុង​ប្រទេសយើង និងប្រទេស​ដទៃទៀត នៅពេល​ដែលសមត្ថភាព​ជំនាញ និងសីលធ៌ម​វិជ្ជាជីវៈ​នៃអ្នកផ្តល់​សេវា​សុខាភិបាល​មិនត្រូវ​បានពង្រឹង និងត្រួត​ពិនិត្យ​តឹងរ៉ឹង​តាមបទ​បញ្ញត្តិវិជ្ជាជីវៈ​ដែលល្អ​ត្រឹមត្រូវ”។

លោក​បន្តថា បទបញ្ញត្តិ​វិជ្ជាជីវៈ​សុខាភិបាល ជារាល់​ក្រិតក្រម​ដ៏មានសារៈ​សំខាន់​ចាំបាច់ ក្នុងការ​គ្រប់គ្រង​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល ដែលអាច​ធានាបាន​ការផ្តល់​សេវា​សុខាភិបាល​មួយ ដែលមាន​គុណភាព​ស្តង់ដា​អប្បរិមា ដូចជា​រាល់ការ​ចុះបញ្ជីរ​អ្នកប្រកប​វិជ្ជាជីវៈ ដែលមាន​គុណវុឌ្ឍិ​ត្រឹមត្រូវ រាល់ការ​ផ្តល់​អាជ្ញាប័ណ្ណ​ដល់អ្នកបាន​ចុះបញ្ជីរ​ការ រាល់ការ​ផ្តល់អាជ្ញា​ប័ណ្ណជាថ្មី​បន្តដល់​អ្នកដែល​បានបំពេញ​លក្ខខ័ណ្ឌ នៃការ​អភិវឌ្ឈន៍​សមត្ថភាព​វិជ្ជាជីវៈបន្ត និងរាល់​ការគ្រប់គ្រង​សីលធ៌ម​វិជ្ជាជីវៈ ក្នុងពេល​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ជាប្រចាំ។ល។

លោក​សាស្រ្តាចារ្យ ធា គ្រុយ បានបន្ត​ថា “ខ្ញុំអាច​ទទួលស្គាល់​ថាគុណភាព​វិជ្ជាជីវៈ​សុខាភិបាល​សព្វថ្ងៃនៅ​ប្រទេស​កម្ពុជា មានភាព​ចាំបាច់​ត្រូវលើក​កំពស់ឲ្យ​បានកាន់​តែ្អប្រសើរ។ បទបញ្ញត្តិ​វិជ្ជាជីវៈ​សុខាភិបាល គឺជាផ្នែកមួយ​នៃប្រព័ន្ឋ​សុខាភិបាល​ដែលចាំបាច់​ត្រូវពង្រឹង និងកែលម្អ​ជាចាំបាច់”។ លោក​បន្តថា “យើងទាំង​អស់គ្នា​ត្រូវច្បាស់​លាស់ថា ការពង្រឹង​ប្រព័ន្ឋបទ​បញ្ញត្តិវិជ្ជាជីវៈ​សុខាភិបាល មិនអាច​អនុវត្តន៍ ដោយគ្រប់​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​តែឯកឯង​បា​នទ្បើយ ប៉ុន្តែទាំងអស់​គ្នាត្រូវ​ចូលរួម​ក្នុងកាលៈ​ទេសៈដ៏មាន​សារៈសំខាន់​នេះ”៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative