កិច្ចប្រជុំ​ត្រួតពិនិត្យ​ការផ្តល់​ថ្នាំបង្ការ​រយៈពេល​៣ត្រី​មាស

នៅសណ្ឋាគារ​ណាហ្គាវើល​កាលពីព្រឹក​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ កម្មវិធីជាតិ​ផ្តល់ថ្នាំ​បង្ការ​បានបើក​កិច្ចប្រជុំ​មួយដើម្បី​ត្រួតពិនិត្យ​លទ្ធផល​នៃការ​គ្រប​​ដណ្តប់ថ្នាំ​បង្ការ​ជាប្រចាំ​នៅទូទាំង​ប្រទេស​រយៈពេល​បីត្រីមាស​កន្លងមកនេះ។

លោកសាស្ត្រាចារ្យ អេង ហួត រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល

លោកសាស្ត្រាចារ្យ អេង ហួត រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល

លោកសាស្ត្រាចារ្យ អេង ហួត រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ដែលបាន​ចូលរួម​នៅក្នុងកិច្ច​ប្រជុំនាឪកាស​នោះបានមាន​ប្រសាសន៍ថា​នេះជាកិច្ច​ប្រជុំ​ដ៏មាន​សារៈ​សំខាន់ និងមាន​លក្ខណៈជិត​ស្និតដើម្បី​ពិភាក្សាឲ្យ​បានច្បាស់លាស់ និងស៊ីជំរៅ និងយោគ​យល់គ្នា​បំផុតលើ​ការងារផ្តល់​ថ្នាំបង្ការ។

លោក​សាស្ត្រា​ចារ្យបាន​បន្តថា​ពិនិត្យមើល​លទ្ធផល​រយៈពេល​ជាច្រើនឆ្នាំ​កន្លងមកនេះ​ឃើញថាមាន​បណ្តាខេត្ត​មួយចំនួន​មានអត្រា​គ្រប់ដណ្តប់​វ៉ាក់សាំង​គ្រប់មុខ​​ខ្ពស់​ជានិច្ច និងមាន​ការតាមដាន​ជំងឺទៀត​ទាត់ច្បាស់​លាស់ និងថែរក្សា​វ៉ាក់សាំង​បានត្រឹមត្រូវ។ ប៉ុន្តែមាន​ខេត្តមួយចំនួន​ទៀតនៅតែ​មិនអាច​បង្កើន​អត្រា​គ្របដណ្តប់​វ៉ាក់សាំង​បានតាម​ភារកិច្ច​ ការតាមដាន​ជំងឺមិនបាន​ទៀតទាត់​ត្រឹមត្រូវ​តាមការណែ​នាំការគ្រប់​គ្រងវ៉ាកសាំង​ប្រព័ន្ធត្រជាក់​ក៏នៅមិន​បានល្អ។

លោកសាស្ត្រាចារ្យ​បានបន្ថែម​ថាដោយមើល​ឃើញពី​បញ្ហានេះ ទើបក្រសួង​សុខាភិបាល​បានពិនិត្យ​ឡើងវិញ «សេចក្តី​ណែនាំស្តី​ពីការគ្រប់​គ្រងការចុះ​ផ្តល់​សេវា​សុខភាព​ដល់មូលដ្ឋាន» ដើម្បីធានា​ដល់ការធ្វើ​ផែនការអនុវត្ត និងមាន​ថវិការ​គ្រប់គ្រាន់​សំរាប់ការ​ផ្តល់ថ្នាំ​បង្ការ។ទន្ទឹមនឹង​នេះយើង​ក៏បានអនុវត្ត​យុទ្ធសាស្ត្រ​ថ្មីមួយទៀត ដើម្បី​ប្រជាជន​ងាយរង​គ្រោះដែល​រស់នៅតំបន់​ដាច់ស្រយាល​ សហគមន៍​ជនជាតិ​ភាគតិច​ប្រជាជន​រស់នៅ​ចល័តទាំង​នៅទី​ប្រជុំ​ជន និងនៅ​ទីជនបទ​ដើម្បីផ្តល់​ថ្នាំបង្ការ​ដល់កុមារ​និងស្ត្រី​ទាំងអស់ ដែលមិនមាន​ឪកាសទទួល​ថ្នាំបង្ការ​បានទៀតទាត់ និងគ្រប់​ចំនួន។

លោកសាស្ត្រាចារ្យ អេង ហួត បានឲ្យ​ដឹងទៀតថា​ដើម្បី​អនុវត្តឲ្យ​បាននិរន្តរភាព​សូមពិនិត្យ​ឲ្យបាន​ហ្មត់ចត់​លើសកម្មភាព​នេះ តើបាន​អនុវត្តបាន​ត្រឹមត្រូវហើយ ឬនៅ? តើទទួល​បានសមស្រប​ដែរឬទេ?។ ទន្ទឹមនឹងនេះ សូមពិនិត្យ​ឲ្យបាន​ច្បាស់លាស់​រាបយការណ៍ និងលទ្ធផល​នៃការផ្តល់​ថ្នាំបង្ការ​ជាប្រចាំ។ មានន័យថា​ត្រូវត្រួតពិនិត្យ​និងវាយ​តំលៃអំពី​ការមក​ទទួលសេវា​នៅមណ្ឌល​សុខភាព​មានការកើន​ឡើងដែរ​ឬទេ? ការចុះផ្តល់​ថ្នាំបង្ការ​នៅមូល​ដ្ឋាន​បានទៀងទាត់​ដែរទេ​ ហើយបាន​ទទួលបាន​លទ្ធផល​យ៉ាងដូចម្តេច?

លោករដ្ឋលេខាធិការ​បានបន្ត​ថា «ត្រូវពិនិត្យ​លទ្ធផលឲ្យ​បានគ្រប់ជ្រុង​ជ្រោយ ជៀសវាង ការយកចិត្ត​ទុកដាក់​តែសកម្មភាព​មួយ ហើយភ្លេច​សកម្មភាព​ផ្សេងទៀត ដូចជាធ្វើ​ការងារនៅ​តែតំបន់ងាយ​រងគ្រោះ ហើយភ្លេច​ការងារ​ចលនា​ប្រជាជន​ឲ្យកូនមក​ទទួលថ្នាំ​បង្ការ​នៅមណ្ឌល​សុខភាពឲ្យ​បានទៀងទាត់ និងមិនបាន​ចុះផ្តល់​នៅមូលដ្ឋាន​ដោយមូល​ហេតុផ្សេង​ទៀត»៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative