រដ្ឋមន្រ្តីអប់រំៈ ការប្រលង​បាក់ឌុប​ថ្ងៃទី១​ មាន​បេក្ខជន​អវត្តមាន​ច្រើន តែដំណើរ​ការប្រលង​ល្អជាង​លើកទី១

ដំណើរការ​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយ​ភូមិលើក​ទី២ បាននិង​​កំពុងចាប់ផ្តើម​ហើយ ដោយមាន​បេក្ខជន​អវត្តមាន​ច្រើន តែដំណើរ​ការប្រលង​មានស្ថានភាព​ល្អជាង​ការប្រលង​លើកទី១។

លោកបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីទ្បា

លោកបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីទ្បា

លោកបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន​និងកីទ្បា បានមាន​ប្រសាសន៍ឲ្យ​គេហទំព័រ​សុខភាពកម្ពុជា ដឹងតាម​ទូរស័ព្ទ​នៅល្ងាច​ថ្ងៃទី១៣ តុលា​កន្លងមក​ថា ដំណើរការ​ប្រលងសញ្ញាបត្រ​មធ្យម​សិក្សាទុតិយ​ភូមិ ឬបាក់ឌុប​លើកទី​២នេះ មានសភាព​ល្អប្រសើរ​ជាងលើកទី១ ដោយការ​យកប្រុយ​យ៉ុងចូល​មណ្ឌលប្រលង​មានកាន់​តែតិច មានសណ្តាប់​ធ្នាប់មាន​ភាពល្អ​ប្រសើរ​ជាងមុន និងមិនមាន​បាតុភាព​អ្វីកើតទ្បើង​ដូចលើកទី១​នោះទេ។ លោក​បន្តថា ទោះជា​យ៉ាងណា​ការប្រលង​លើកទី២នេះ​មានបេក្ខជន​អវត្តមានច្រើន គ្រាន់តែនៅ​រាជធានី​ភ្នំពេញ​ដែលមាន​១៥មណ្ឌល​ប្រលងមាន​បេក្ខជន​អវត្ត​មាន​​ចំនួនជិត​១០០០នាក់ ក្នុងនោះ​បេក្ខជន​ស្វ័យរិន​មានប្រមាណ​២០០នាក់ និងអ្នក​អវត្តមាន​ផ្សេងៗទៀត​ប្រហែលគាត់​អស់សង្ឃឹម ហើយសំរេច​ចិត្តមិន​មក​ចូលរួម​ប្រលង​តែម្តង។

លោកបន្តថា “ការប្រលង​​លើកទី១ យើងសង្កេត​​ឃើញថា​​បេក្ខជន​​ចូលរួម​​ប្រលង​ភាគច្រើន​​មិនអាច​​ដោះស្រាយ​​វិញ្ញាសារ​​បានទេ តែការ​ប្រលង​លើកទី​២នេះ បេក្ខជន​​ចូលរួម​​ប្រលង​អាច​ដោះស្រាយ​​វិញ្ញាសារ និងសរសេរ​​បានច្រើន​​ជាងមុន ដោយសារ​​ពួកគាត់បាន​​ត្រៀមខ្លួន​​បានល្អ”។ ការ​ប្រលង​ជាប់​លើកទី១ ពិន្ទុដែល​​ក្រសួងសម្រេច​​ឲ្យជាប់ គឺមាន​​២៣៧​ពិន្ទុ ក្នុងនោះ​​អ្នកបាន​​និទ្ទេសអា គឺពួកគាត់​​ទទួលបាន​​៤២៥ពិន្ទុះ​​ក្នុងចំណោម​​៧មុខវិជ្ជា ក្នុងពេល​ក្រសួង​កំណត់​ពិន្ទុះ​ខ្ពស់​បំផុត​ត្រឹម​៥០០ពិន្ទុះ។

លោកបណ្ឌិត ហង់ជួន ណារ៉ុន​បានបន្តថា ក្រសួងមិន​ទាន់អាច​ដឹងថា​ការប្រលង​លើកទី២​នេះ នឹងមាន​បេក្ខជន​ប្រលងជាប់​ឬធ្លាក់​ច្រើននោះទេ រហូតទាល់​តែការធ្វើ​កំណែទើប​យើងអាច​សន្និដ្ឋាន​ដឹង។ ការប្រកាស​លទ្ឋផលនៃ​ការប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​លើកទី២ នឹងធ្វើទ្បើង​នៅថ្ងៃទី៤ វិច្ចិកា​ខាងមុខនេះ។
ទាក់ទងនឹង​បេក្ខជនប្រលង​ធ្លាក់លើក​ទី២នេះ តើក្រសួងនឹង​មានគោល​នយោបាយ​បែបណា? លោករដ្ឋមន្រ្តី​ក្រសួងអប់រំ​បញ្ជាក់ថា “ក្រសួងមាន​បំណងឲ្យ​ពួកគេរៀន​បន្ត ដោយពួកគេ​អាចរៀននៅផ្ទះ​ដោយខ្លួនឯង ហើយពេល​ប្រលង​មកដល់ ពួកគេអាច​ដាក់ពាក្យ​ប្រលងក្នុងនាម​ជាបេក្ខជន​ស្វ័យរិន ឬពួកគេ​អាចចូលរៀន​នៅតាមសាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែលមាន​ទំហំទីផ្សារ​ការងារធំ ប៉ុន្តែប្រសិន​ជាពួកគេចង់​រៀនបរិញ្ញា​បត្ររង ពួកគេអាច​សម្រេចចិត្ត​ដោយខ្លួនឯង​​​ ​អាចរៀន​ដោយខ្លួន​ឯងបាន តែពួកគាត់​ត្រូវតែសិក្សា​ពីជំនាញដែល​ខ្លួនជ្រើសរើស និងសិក្សា​ពីទីផ្សារ​ការងារខ្លួនឯង ដើម្បីកុំឲ្យ​រៀនចប់មិន​អាចរកការងារ​ធ្វើបាន”។

បើតាមលោក ហង់ជួន ណារ៉ុន បានឲយ​ដឹងថា ការប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​លើកទី២នេះ មានបេក្ខជន​ចូលរួម​ប្រលង​ប្រមាណ​៦០.០០០​នាក់ និងមាន​មណ្ឌល​ប្រលង​សរុបចំនួន​១១៧មណ្ឌល​នៅទូទាំង​ប្រទេស។
លោក រ៉ុង ឈុន ប្រធាន​សមាគមគ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បានមាន​ប្រសាសន៍ថា ដំណើរការ​ប្រលងថ្ងៃ​ទី១នៃការ​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​លើក​ទី២នេះ មានសភាព​ធម្មតាដូច​ជាលើក​ទី១ដែរ ដោយបេក្ខជន​ដែលយកប្រុយ​យ៉ុងចូល ត្រូវបាន​អនុរក្សឆែក​យកចេញ​ពីបេក្ខជន ប៉ុន្តែបើតាម​ការរាយការណ៍​របស់បេក្ខជន​ប្រលងបាន​និយាយថា វិញ្ញាសារ​ប្រលងចេញ​លើកទី២​នេះមាន​ភាពធូរស្រាល​​ជាងលើក​ទី១ ប៉ុន្តែយើង​មិនទាន់អាច​វាយ​តំលៃ​​បានយ៉ាងណា​នៅទ្បើយទេ ដោយរង់ចាំ​មើលជា​បន្តទៀត។ ការប្រលង​លើកទី២នេះ មានបេក្ខជន​ប្រលងអវត្តមាន​ច្រើនផងដែរ បើធៀបនឹង​ការប្រលង​លើកទី១៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative