ជំងឺ​មហារីក​សុដន់​នៅកម្ពុជា​ឈរ​លំដាប់​ថ្នាក់ទី២

អ្នកឯកទេស​ផ្នែកជំងឺ​មហារីក​ បានលើកឡើង​ថាជំងឺ​មហារីកសុដន​ឈរលំដាប់​លេខ១នៅ​លើពិភព​លោក តែសំរាប់​ប្រទេស​កម្ពុជា​ជំងឺនេះ​ឈរលំដាប់​ថ្នាក់លេខ២ បន្ទាប់ពី​ជំងឺមហារីក​មាត់ស្បូន។

លោកវេជ្ជបណ្ឌិត សុខ សុធា

លោកវេជ្ជបណ្ឌិត សុខ សុធា

លោកវេជ្ជបណ្ឌិត សុខ សុធា ឯកទេស​ផ្នែកជំងឺ​មហារីក​នៅមន្ទីរពេទ្យ​កាល់ម៉ែត បានលើកឡើង​ថា ​ជំងឺមហារីក​សុដននេះ​ត្រូវបានគេ​រកឃើញថា ភាគ​ច្រើន​កើត​ទៅលើស្ត្រី ពិសេសស្ត្រី​ចាប់ពីវ័យ​៤០ឆ្នាំ​ឡើង ប៉ុន្តែស្រ្តីវ័យ​ក្មេងក៏មាន​កើតជំងឺ​នេះដែរ។ លោកបាន​បន្ថែមថា «ការទៅធ្វើ​កោសល្យវិច្ឆ័យ​សុដន​នៅក្នុងដំណាក់​កាល​ដំបូង​​ពិតជា​មាន​សារៈ​សំខាន់​​ណាស់ក្នុង​​ការព្យាបាល​​ជំងឺនេះ​ឲ្យ​បានទាន់​​ពេលវេលា»។

សិក្ខាសាលា​កាលពីថ្ងៃ​​ទី១១ ខែតុលា ឆ្នាំ២០១៤ ​​ធ្វើឡើង​​ នៅ សណ្ឋាគារ​កាំបូឌីយ៉ាណា​ដែលរៀបចំ​ឡើងដោយ​ក្រុមហ៊ុន Denk pharma សហការ​ជាមួយ​ក្រុមហ៊ុន Doctor sarum pharma ក្នុង​គោល​​បំណង​លើក​កំពស់​​សុខភាពស្ត្រី ​ដែលងាយ​​ប្រឈមនឹង​​ជំងឺមហារីក​​ក័ដូចជា​ការផ្សព្វ​ផ្សាយ​ជាទូទៅ​​នូវសារៈ​ប្រយោជន៍​​នៃការត្រួត​​ពិនិត្យពិគ្រោះ​​ជំងឺមហារីក​​សុដនឲ្យ​​បានទាន់​ពេល​វេលា និងបង្ការ​​បាននូវកត្តា​​ទាំងឡាយ​​ដែលអាចជះ​ឥទ្ធិពល​​ដល់ការរីក​​រាលដាលនៃ​​ជំងឺ​មហារីក​​សុដន​ដល់​បុគ្គលិក​​ក្រសួង​​សុខាភិបាល​​ទាំងអស់​​ឲ្យបាន​យល់​ច្បាស់ និងពាំនាំ​​នូវចំណេះដឹង​​នេះទៅ​​ជួយដល់​អ្នក​ជំងឺ​មហារីក​សុដន។

រូបភាព គេហទំព័រ សុខភាពកម្ពុជា

រូបភាព គេហទំព័រ សុខភាពកម្ពុជា

យោងតាម​របាយការណ៍​របស់អង្គការ​សុខភាព​ពិភពលោក​បានឲ្យដឹង​ថាអត្រា​អ្នកស្លាប់​ដោយសារ​ជំងឺមហារីក​មានកំរិតខ្ពស់​គួរឲ្យកត់​សំគាល់ ពោលគឺ​ប្រមាណ​៨,២លាន​នាក់ក្នុង​១ឆ្នាំៗ។ ក្នុងចំណោម​នៃអ្នក​ស្លាប់ទាំងនោះ​បង្កឡើង​ដោយជំងឺ​មហារីកមួយ​ចំនួន ដូចជា​មហារីក​សួត មហារីក​ថ្លើម មហារីក​សុដន និងជំងឺ​មហារីក​សុដន​ជាដើម។ ជំងឺមហារីក​សុដនជា​ប្រធានបទថ្មី​មួយដែល​កំពុងមាន​ការចាប់​អារម្មណ៍ខ្លាំង​ទូទាំង​ពិភពលោក។

ចំពោះរោគ​សញ្ញាជំងឺ​មហារីក​សុដននេះ លោក សុខ សុធា បានពន្យល់​ថានៅពេល​ដែលសុដន​របស់អ្នក លោកលោកស្រី​មានការ​ប្រែប្រួលអ្វីមួយ ដូចជា​ស្បែកនៅលើ​សុដនមាន​ឡើងក្រហម, សុដន់​ក្រាស់ ក្បាលសុដន​មានជ្រាបទឹក ឬលិប និងមាន​ដុំពកនៅ​ក្នុងសុដន​ជាដើម។បើឃើញ​រោគសញ្ញា​ដូចខាង​លើនេះ​ត្រូវប្រញាប់​ទៅជួប​គ្រូពេទ្យ​ជំនាញ​ដើម្បីធ្វើ​រោគវិនិច្ឆ័យ ព្រោះថាបើ​រកឃើញ​ក្នុងដំណាក់​កាលដំបូង អាចព្យាបាល​ជាសះស្បើយ​បាន។

មូលហេតុ​ដែលនាំឲ្យ​កើតជំងឺនេះ​ត្រូវបាន​អ្នកឯកទេស​អះអាងថា គឺបណ្តាល​មកពីការ​បរិភោគ​អាហារ​មានជាតិ​គីមីបរិភោគ​គ្រឿងស្រវឹង​ជក់បារី និងតំណ​ពូជ​ជាដើម។ បើគ្រួសារ​មួយមាន​បងប្អូនស្រី​ច្រើន ហើយ​ក្នុងចំណោម​នោះមាន​ម្នាក់មាន​ជំងឺមហារីក​សុដននោះ​បងប្អូនស្រី​ផ្សេងទៀត​ក៏អាចកើត​ជំងឺនេះ​ដែរ។

ដោយមើលឃើញ​នូវការរីក​រាលដាលនៃ​ជំងឺមហារីក​សុដននៅលើ​ពិភពលោក ក៏ដូចជា​នៅក្នុងប្រទេស​កម្ពុជា អ្នកឯកទេស​ផ្នែកជំងឺ​មហារីក​នៅមន្ទីរពេទ្យ​កាល់ម៉ែត បានអំពាវនាវ​ដល់ស្ត្រីកម្ពុជា​គួរតែទៅ​ធ្វើរោគ​វិនិច្ឆ័យ​ជំងឺមហារីក​ដើម្បីឲ្យ​ប្រាដកថា​មានជំងឺនេះ ឬអត់ពិសេស​បើកាលណា​ដឹងពីដំបូង​អាចងាយ​ស្រួល​ព្យាបាល​ឲ្យជាសះស្បើយ​បាន៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative