កាំកុងត្រូល​រឹតបន្តឹង​ការត្រួត​ពិនិត្យ​បន្លែនាំ​ចូលពី​ប្រទេស​វៀតណាម​ខណៈ​សហគមន៍​អឺរ៉ុប​ប្រមាន

មន្រ្តីជាន់ខ្ពស់ ​នៃអគ្គ​​នាយកដ្ឋាន​​កាំកុងត្រូល ​បាននិយាយ​​ថា អគ្គនាយក​ដ្ឋាន បាន​និង​កំពុង​​ណែនាំឲ្យ​​មន្រ្តី​របស់​ខ្លួន ដែលឈរ​ជើង​នៅតាម​​ទីតាំង​ជាប់​ព្រំប្រទល់​​ប្រទេស​​វៀតណាម ឲ្យបង្កើន​​ការត្រួត​​ពិនិត្យ​បន្លែ​នាំចូល​ពី​ប្រទេស​​វៀតណាម ខណៈពេល​​បណ្តា​​ប្រទេស​​ក្នុង​សហគមន៍​​អឺរ៉ុប បាននិង​ហាមឃាត់​ការនាំចូល​បន្លែពី​ប្រទេស​វៀតណាម បន្ទាប់ពីរក​ឃើញថា​បន្លែទាំងនោះ​មានជាប់​ដោយមេរោគ និង​សារធាតុគីមី។

រូបភាព​ សហការី

រូបភាព​ សហការី

លោក គឹម មាសសុខ​សីហា អគ្គនាយករង​នៃអគ្គនាយកដ្ឋាន​កាំកុងត្រូល​បានមាន​ប្រសាសសន៍​ឲ្យគេហទំព័រ​សុខភាពកម្ពុជា ដឹង នៅព្រឹក​ថ្ងៃទី១១ តុលា​នេះថា អគ្គនាយកដ្ឋាន​កាំកុងត្រូល បានទទួល​ព៌តមាននេះ​ពីសារព៌តមាន​មួយចំនួន ស្តីពីការ​ហាមឃាត់ការ​នាំចូលបន្លែ​របស់ប្រទេស​វៀតណាម ចូលក្នុង​សហគមន៍​អឺរ៉ុបដោយសារ​បន្លែទាំងនោះ​មានមេរោគ ដែលគេតម្រូវ​ឲ្យប្រទេស​វៀតណាមមាន​ការកែតម្រូវ​នូវស្តង់ដា​ផលិតផល​របស់ពួក​គេទ្បើងវិញ។

ជីនាងវង និងជីអង្កាម​ជាប្រភេទ​បន្លែពីរ​ប្រភេទ ក្នុងចំណោម​បន្លែជា​ច្រើនប្រភេទ ដែល​សហគមន៍​អឺរ៉ុបមិនឲ្យ​ប្រទេស​វៀតណាម​នាំចូល។

លោកបន្តថា “យើងពិតជា​មានការ​បារម្ភពីការ​ជ្រៀតចូល​បន្លែទាំងនោះ​ពីប្រទេស​វៀតណាម​មកកម្ពុជា ប៉ុន្តែលោក​អគ្គនាយក​កាំកុងត្រូល​បានប្រជុំ​និងបាន ធ្វើការ​ណែនាំមន្រ្តី​ច្រកទ្វារ​ឲ្យមានការ​រឹតបន្តឹង ត្រួតពិនិត្យ​អនាម័យ និងស្តង់ដា​ផលិតផល​កាន់តែខ្លាំង ដើម្បីសុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​អ្នកទទួលទាន”។លោកបន្តថា “យើងបានយក​គំរូវិភាគបន្លែ ឬផលិតផល​នានាមក​វិភាគរក​មេរោគ និងសារធាតុ​គីមីជាប្រចាំ នៅមន្ទីរ​ពិសោធន៍របស់​យើង ដែលមាន​សមត្ថភាព​គ្រប់គ្រាន់ក្នុង​ការស្រាវជ្រាវ​រកមេរោគ និងសារធាតុ​គីមី ដែលបង្ក​ផលប៉ះពាល់​ដល់សុខភាព”។

រូបភាព​ សហការី

រូបភាព​ សហការី

លោក គឹម មាសសុខ​សីហា បានបន្តថា ការត្រួត​ពិនិត្យបែបនេះ​ យើងធ្វើ​ទាំងព្រម​ស្មើៗគ្នា ទាំងនៅច្រក​ទ្វាជាប់ព្រំ​ប្រទល់​ប្រទេស​វៀតណាម ប្រទេសថៃ និងតាមរយៈ​កំពង់ផែ​ស្វ័យយ័ត្ន​ខេត្តព្រះ​សីហនុ ដើម្បីពិនិត្យ​ស្តង់ដានៃការ​ដឹកជញ្ជូន ស្តង់ដា​អនាម័យ និងយក​គំរូផលិតផល​ទាំងនោះមក​ធ្វើការ​ពិសោធន៍។ លោកបន្តថា ការងារនេះ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក៏បាន​សហការគ្នា​ធ្វើការស្រាវជ្រាវ​ជាប្រចាំ​ជាមួយមន្ទីរ​ពិសោធន៍​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ​ផងដែរ។

នៅពេលសួរ​ពីប្រសិទ្ឋិភាព​នៃការអនុវត្តន៍​ច្បាប់ ឬការត្រួត​ពិនិត្យ​ផលិតផល​នាំចូលនានា​តាមព្រំដែន លោក គឹម មាសសុខ​សីហា បានមាន​ប្រសាសន៍ថា ការបិទភ្នែក​បិទច្រមុះ​របស់មន្រ្តី​កាំកុងត្រូលតាមព្រំដែន ដើម្បីឲ្យផលិតផលគ្មានគុណភាព ឬផលិតផល​ប៉ះពាល់ដល់​សុខភាព​នាំចូល​មកកម្ពុជា ជារឿង​មិនអាច​ទទួលយក​បាននោះទេ ព្រោះបើគាត់​បិទភ្នែក​បិទច្រមុះ​បីដូចជា​ឃាតករ​អញ្ចឹង។ លោក​បន្តថា បើមាន​ករណី​បែបនេះ យើងនឹងមាន​ការដាក់​វិន័យ​ជា​រដ្ឋបាល ឬត្រូវ​បញ្ជូនទៅ​តុលាការ ប៉ុន្តែរហូត​មកទល់​ពេលនេះ មិនទាន់មាន​មន្រ្តីកាំកុង​ត្រូលណាម្នាក់​ត្រូវបាន​ចាត់វិធាន​ការតាម​និតិវិធីច្បាប់​នៅទ្បើយទេ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative