ការរៀបការ​នៅវ័យក្មេង​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ

នៅប្រទេស​កម្ពុជា​ការបង្ខំ​ឲ្យកូន​រៀបការ​នៅវ័យក្មេង​នៅតែ​នៅឡើយ​នាពេល​បច្ចុប្បននេះ ពិសេសបងប្អូន​ជនជាតិ​ភាគតិច​ដែលបញ្ហា​នេះត្រូវបាន​អ្នកឯកទេស​ផ្នែកសុខភាព​អះអាងថា​ការរៀបការ​នៅវ័យក្មេង​បានធ្វើឲ្យ​ក្មេងស្រី​ត្រូវប្រឈម​នឹងបញ្ហា​សុខភាព​ជាច្រើន។

រូបភាព សហការី

រូបភាព សហការី

លោក​វេជ្ជបណ្ឌិត ឈួន វឌ្ឍនា អ្នកឯកទេស​ផ្នែកសុខភាព​នៃអង្គការ​ភ្លែនអន្តរជាតិ​កម្ពុជា​បាន ប្រាប់វេបសាយ​សុខភាពកម្ពុជា​បែបនេះ​កាលពី​ថ្ងៃទី១០ តុលា នៅក្នុងទិវា​កុមារី១១​តុលានៅ​សណ្ឋាគារ​អ៊ីមភើរៀល។ លោកវេជ្ជបណ្ឌិត​បានបន្តថា «ការរៀបការ​នៅវ័យក្មេង​ពិតជាមាន​ការប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់សុខភាព​របស់ក្មេង​ស្រី ដូចជា​ប៉ះពាល់​ដល់សុខភាព​បន្តពូជ ការឆ្លង​មេរោគ​អេដស៍ ការស្លាប់​ពេលពពោះ និងពេល​សំរាលកូន​ជាដើម»។

តាមរបាយ​ការណ៍ក្នុងឆ្នាំៗ​នៅលើ​ពិភពលោក​មានក្មេងស្រី​១០លាន​នាក់ត្រូវ​បានបង្ខំ​ឲ្យរៀបការ។នៅក្នុង​ប្រទេសកម្ពុជា​បើទោះបី​ជាមិនមាន​ការស្រាវជ្រាវ​ក៏ដោយ​ការរៀបការ​នៅវ័យ​កុមារក៏​ជាករណី​មួយនៅក្នុង​តំបន់មួយ​ចំនួននៃ​ប្រទេសកម្ពុជា​ជាពិសេស​ក្នុងចំណោម​ក្រុមជនជាតិ​ភាគតិច។

តាមរបាយ​ការណ៍ដដែល​បានបង្ហាញ​ទៀតថា​ក្មេងស្រី​ដែលទទួល​បានការ​អប់រំទំនង​ជាមាន​ជំរើសច្រើន​ជាងសំរាប់​អនាគត​របស់ពួកគេ និងទំនងជា​មិនសូវ​រៀបការ​នៅវ័យកុមារ​នោះទេ។ តាមការ​សិក្សានៅ​បណ្តាប្រទេស​កំពុង​អភិវឌ្ឍន៍ ក្មេងស្រី​អាយុពី​១៥ ១៩ឆ្នាំអាច​ស្លាប់នៅ​ពេលពពោះ និងមាន​បុត្រនៅ​វ័យកុមារ។

លោកវេជ្ជ​បណ្ឌិត ឈួន វឌ្ឍនា បានឲ្យដឹង​ទៀតថា​ដោយសារ​មើលឃើញ​ពីបញ្ហានេះ​ទើបអង្គការ​ភ្លែនអន្តរ​ជាតិកម្ពុជា​បានផ្សព្វផ្សាយ​ដល់ប្រជា​ពលរដ្ឋ​ពិសេស​ក្មេងប្រុស​ក្មេងស្រី​នៅតាម​តំបន់ដាច់​ស្រយាល ដែលមាន​ការអប់រំ​នៅមាន​កំរិតដើម្បី​ឲ្យពួកគេ​បានយល់​ដឹងពីអ្វី​ទៅហៅថា​សុខភាព​បន្តពូជ មេរោគ​​អេដស៍ និងពន្យល់​ដល់ពួគគាត់ ​និងកុមារ​បានដឹងពី​ផលប៉ះពាល់​នៃការរៀប​ការនៅ​វ័យក្មេង​ជាដើម។ លោកបាន​បញ្ជាក់ថា «មានតែ​ការអប់រំ​ទេ​ដែល​អាច​​ទប់ស្កាត់​កុំឲ្យឆាប់​មានផ្ទៃពោះ និងត្រៀម​ខ្លួនក្លាយ​ជាម្តាយ​ពេលពេញ​វ័យ»។ ព្រោះថា​ក្មេងស្រី​នៅវ័យក្មេង​នៅមិនទាន់​បានយល់​ដឹងថា​អ្វីទៅជា​គ្រួសារ និងការធ្វើ​ជាម្តាយ​ត្រូវមាន​តួនាទីអ្វី​ខ្លះ​ពិសេស​នៅវ័យក្មេង​នៅមិនទាន់​ចេះរកស៊ី​ចិញ្ខឹម​ជីវិត​នៅឡើយុ។

លោកបាន​បញ្ជាក់ថា​ដូចនេះអ្វី​ដែលសំខាន់​នោះ គឺត្រូវឲ្យ​ស្ត្រីមាន​តួនាទី​សំរេចចិត្ត​កាន់តែច្រើន​ថែមទៀត​មិនត្រឹមតែ​ធ្វើឲ្យមាន​ការផ្លាស់ប្តូរ​ច្បាប់ និង​ទំលាប់​ប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំងឲ្យ​ពួកគេ​ធ្វើជាគំរូ​សំរាប់​ក្មេងស្រី និងស្ត្រី​វ័យក្មេង​ទៀតផង ហើយអ្វីដែល​ជំរុញ​ពួកគេ គឺការអប់រំ​នេះឯង​ដើម្បីឲ្យ​ពួកគេ​ទទួលបាន​សមភាព​ស្មើគ្នាលើ​វិស័យ​សុខភាព​អាចបង្ការ​ខ្លួនពី​ការឆ្លង​ជំងឺផ្សេង។

លោក ប្រាយអិន បិកខិត (Brian Beckett) នាយក​ប្រចាំប្រទេស​ស្តីទី​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា បានថ្លែង​ថា «ឥរិយាបថ​ពិបាក​ផ្លាស់ប្តូរ​ណាស់។ ដោយ​សារ​កង្វះការ​អប់រំ បានជា​ផ្នត់គំនិត​សង្គម​យេនឌ័រ នៅតែជា​ឧបសគ្គ​ចាក់ស្រេះ​សម្រាប់​ក្មេងស្រី​នៅឡើយ។ បញ្ហានេះ​កំពុងតែ​ប្រសើរ​ឡើង ប៉ុន្តែការ​រីកចម្រើន​មិនលឿន​ដូចអ្វី​ដែលយើង​ចង់បាន​នោះទេ ជាពិសេស​ក្នុងចំណោម​មនុស្សវ័យ​ជំទង់នៅ​ជនបទ។ យើងមិន​ត្រឹមតែ​ត្រូវការ​កុមារា​ដែលមាន​ចំណេះ​ដឹង ប៉ុន្តែយើង​ក៏ត្រូវការ​ក្មេងស្រី​ដែលមាន​ចំណេះដឹង​ផងដែរ។ សកម្មភាព​ទូទៅក្នុង​សង្គមគ្រប់​ជាន់ថ្នាក់​នៅតែជា​គន្លឹះក្នុង ការផ្លាស់ប្តូរ​ប្រកប​ដោយ​និរន្តរភាព»។

យោងតាម​ស្ថិតិយេន​ឌ័ររបស់​ក្រសួង​កិច្ចការ​នារីរបស់​ប្រទេស​កម្ពុជា​ឆ្នាំ២០១៤ បង្ហាញថា អត្រាចុះ​ឈ្មោះចូល​រៀនរបស់​សិស្សស្រី​នៅបឋម​សិក្សា ដល់​មធ្យម​សិក្សាបឋម​ភូមិ គឺស្រ​ដៀងគ្នា ក្នុងកម្រិត​ពី៤៧-​៤៨​ភាគរយ នៅឆ្នាំ​២០១៣ ប៉ុន្តែនៅ​តែមាន​គម្លាត​រវាង​ក្មេងស្រី និង​ក្មេងប្រុស​នៅមធ្យម សិក្សា​ទុតិយ​ភូមិ ដែលមាន​ចំនួន៤៥​ភាគរយ ជាពិសេស​នៅតំបន់​ជនបទ។ ការវាយ​តម្លៃយេនឌ័រ​ប្រចាំ​ប្រទេស​របស់​ក្រសួង​កិច្ចការ​នារីឆ្នាំ​២០១៤ ក៏បាន​បង្ហាញ​អំពីគម្លាត​យេនឌ័រ​នៅក្នុងការ​ចុះឈ្មោះ​ចូលរួម​នៅឧត្តម​សិក្សា ដែល​សមាមាត្រ​នៃសិស្ស​ស្រីកំពុង​តែកើន​ឡើងសន្សឹមៗ​ពី៣៣.៨​ភាគរយ​ក្នុងឆ្នាំ​២០០៨ ទៅ៣៥.៨​ភាគរយ ក្នុងឆ្នាំ​២០០៩ ទៅ៣៧.១​ភាគរយ ក្នុងឆ្នាំ​២០១០ និង​៣៧.៦​ភាគរយ ក្នុងឆ្នាំ​២០១១។ ក្មេងស្រី​វ័យជំទង់​មកពីតំបន់​ជនបទដាច់​ស្រយាល​តិចតួច​ប៉ុណ្ណោះ កំពុងរៀន​នៅសាកល​វិទ្យាល័យ។

មានការ​លើកជា​សំណួរថា តើក្មេង​ស្រីជំទង់​កំពុងប្រឈម​មុខនឹង​បញ្ហា​អ្វីខ្លះ ពីលើ​ដល់ក្រោម និងពីឆ្វេង​ដល់ស្តាំ? ភស្តុតាង​ជាច្រើន​ត្រូវបានរក​ឃើញ​ឧបសគ្គ​ជាច្រើន ដូចជា​ការមិនសូវ​មានចំណេះ​ដឹង ជំនាញ និងទំនុក​ចិត្ត, អាហារ​រូបត្ថម្ភ, សុវត្ថិភាព​នៃជំហរ​ហិរញ្ញវត្ថុ​នៅតែកំពុង​ជំរុញឲ្យ​ក្មេងស្រី​វ័យជំទង់​បោះបង់​ការសិក្សា។ ពួកគេ​ត្រូវការ​បរិយាកាស​អំណោយផល​ដែលអាច​ទទួលបាន​ការយក​ចិត្តទុក​ដាក់វិជ្ជមាន​ជានិច្ច​ពីគ្រួសារ សហគមន៍ និង​សេដ្ឋកិច្ច​សង្គម និង​រដ្ឋាភិបាល។

លោកស្រី អ៊ិម ស៊ីថែ រដ្ឋលេខា​ធិការ​ក្រសួង​កិច្ចការនារី មានប្រ​សាសន៍ថា ការអប់រំ​ប្រកបដោយគុណភាព មានសារៈសំខាន់ក្នុងការផ្លាស់ប្តូរបុគ្គល និងសង្គម។ ប៉ុន្តែការអប់រំប្រកបដោយគុណភាព មិនអាចសម្រេចទៅបាន ដោយគ្មាន​ការចូលរួម​ពីសិស្ស​ខ្លួនឯង​បានឡើយ ពិសេសក្នុង​អភិបាលកិច្ច​អប់រំដែល​ធានាឲ្យ​បាននូវ​សមភាព​យេនឌ័រ។ បរិយាកាស​គាំទ្រ​ចំពោះក្មេង​ស្រីក៏​សំខាន់​ដូចគ្នា​ដែរ។ តាមពិ​ត​កត្តាទាំង​ពីរនេះ​ត្រូវដើរ​ទន្ទឹមគ្នា។ ក្មេងស្រី​ត្រូវការ​ឪពុកម្តាយ​គំរូ ព្រមទាំង​អ្នកអប់រំ អ្នកដឹកនាំ និងអ្នក​ធ្វើការ​សម្រេចចិត្ត​ដែលអាច​គាំទ្រ​ពួកគេ ហើយមិន​បណ្តែត​បណ្តោយ​ទៅតាមអ្វី​ដែលមិន​សមស្រប៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative