មន្ត្រីយូអិន​គាំទ្រ​ឱ្យគ្រប់​ភាគី ដោះស្រាយ​បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមារ​នៅកម្ពុជា​ដោយ​សន្តិ​វិធី

មន្ត្រីការិយាល័យ​ឧត្តមស្នង​ការទទួល​បន្ទុកសិទ្ធិ​មនុស្សនៅ​កម្ពុជានៃ​អង្គការ​សហប្រជាជាតិ បានមាន​ប្រសាសន៍ថា “UN គាំទ្រឱ្យ​គ្រប់ភាគី​ចូលតុ​ចរចារ ដោះស្រាយ​បញ្ហាប្រាក់​ឈ្នួល​អប្បបរមារ​នៅកម្ពុជា​ដោយសន្តិ​វិធី ជៀសវាង​ការប្រើ​អំពើហិង្សា។

អ្នកនាង Catherine Phuong មន្ត្រី​ការិយា​ល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៃអង្គការ​សហ​ប្រជា​ជាតិ និង​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ

អ្នកនាង Catherine Phuong មន្ត្រី​ការិយា​ល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៃអង្គការ​សហ​ប្រជា​ជាតិ និង​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ

ការអះអាង​បែបនេះ​ត្រូវបាន​លើកឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​ពាក់ព័ន្ធនឹង​វឌ្ឍនភាពនៃ​ដំណើរការ​ប្រជុំពិភាក្សា​កំណត់ប្រាក់​ឈ្នួលសម្រាប់​កម្មករ​កាត់ដេរ​សំលៀកបំពាក់ និងផលិត​ស្បែកជើង​នៅកម្ពុជា រវាង​អ្នកនាង Catherine Phuongមន្ត្រី​ការិយាល័យ​ឧត្តមស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅកម្ពុជា​នៃអង្គការ​សហប្រជាជាតិ និងលោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ពេលថ្មីៗនេះ​នៅទីស្តី​ការក្រសួង។ អ្នកនាង Catherine បានបន្ត ថា« វាពិតជា​ការងារមួយ​យ៉ាងលំបាក និង​ស្មុកស្មាញ​ខ្លាំងណាស់​ក្នុងនាម​ជាអាជ្ញា​កណ្តាល​ត្រូវធ្វើឱ្យ​គ្រប់ភាគី​មានការ​សប្បាយ​ចិត្តនោះ»។ អ្នកនាង​Catherine បានបន្តែម​ទៀតថា អ្នកនាង​ក៏ដូចជា​ការិយាល័យ​ទទួលបន្ទុក​សិទ្ធិមនុស្ស មិនដឹងថា​តើក្រុមប្រឹក្សា​ការងារ (LAC) កំណត់​ដំឡើងប្រាក់​ឈ្នួលសម្រាប់​២០១៥ ដល់ចំនួន​ប៉ុន្មាន​នោះទេ តែអ្នកនាង​មានការ​រីករាយ និងពេញចិត្ត​ចំពោះចំណាត់​ការរបស់​លោករដ្ឋមន្ត្រី ក្នុង​នាម​ជា​ប្រធាន​គណៈកម្មការ​ប្រឹក្សា​ការងារ ដែលបាន​ព្យាយាម​លើកទឹកចិត្ត​ឱ្យគ្រប់​ភាគីពាក់ព័ន្ធ​ចូលតុ​​ចរចារ ដោះស្រាយ​បញ្ហាដោយ​សន្តិវិធី និងតែងតែ​បើកទ្វា​ទទួលនូវ​មតិយោបល់​ពីសាធារណៈ។

នៅក្នុង​​ជំនួបនេះ លោករដ្ឋមន្ត្រី​បានជម្រាប​ជូនអ្នកនាង Catherine Phuongពីវឌ្ឍនភាព​នៃដំណើរ​ការប្រជុំ​ពិភាក្សា​ដំឡើង​ប្រាក់ឈ្នួល​នៅកម្ពុជា​នាពេល​កន្លងមក។ លោករដ្ឋមន្ត្រី​​បានថ្លែងថា ក្រោមជំនួយ​បច្ចេកទេសពី​អង្គការអន្តរជាតិ​ខាងការងារ ក៏ដូចជា​ការជួយជ្រោម​ជ្រែងពីគ្រប់​ភាគីពាក់ព័ន្ធ គណៈ​កម្មការ​ប្រឹក្សា​ការងារ​បានរៀបចំ​ឱ្យមាន​សិក្ខាសាលា​ពិគ្រោះយោល់​ត្រីភាគី​ថ្នាក់ជាតិ​ចំនួន ២លើករួច​មកហើយ ក្នុងខែ​មេសា និងកញ្ញា ឆ្នាំ២០១៤ កន្លង​មកនេះ។ ជាងនេះ​​ទៅទៀត គណៈកម្មការ​ប្រឹក្សាបាន​រៀបចំឱ្យ​មានកិច្ច​ប្រជុំ​ជាពិសេស​ជាច្រើនលើក​ច្រើនសារ ទាំងលក្ខណៈ​ឯកតោភាគី ទ្វេភាគី និង​ត្រីភាគី ដើម្បីឱ្យ​ពួកគេ (និយោជក និង​សហជីព) បានស្វែងយល់​ពីជំហរ​របស់ខ្លួន​ទៅវិញទៅមក​កាន់តែច្បាស់។ ទន្ទឹម​នឹងនេះ លោករដ្ឋមន្ត្រី​ផ្ទាល់ក៏បាន​ទទួលជួប​ជាមួយអង្គការ​ជាតិ អន្តរជាតិ ដែលធ្វើការ​ពាក់ព័ន្ធនឹង​បញ្ហានេះ និងបណ្តា​អ្នកបញ្ជា​ទិញធំៗ ស្វែងយល់​ពីជំហរ និង​ទទួលយក​នូវមតិ​យោបល់​របស់​ពួកគេ ដើម្បីជា​ធាតុចូល សម្រាប់​ដំណើរការ​ដំឡើងប្រាក់​ឈ្នួលឆ្នាំ​២០១៥។ ។

លោក​រដ្ឋមន្ត្រី បាន​បន្ថែមថា “សិទ្ធិសេរីភាព​ត្រូវបាន​អនុវត្ត តែច្បាប់​ក៏ត្រូវតែ​គោរព” ហើយខ្ញុំ​សង្ឃឹមថា​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហ​ប្រជាជាតិ​ដែលមាន​ឥទ្ធិពល​នឹងចូលរួម​ជម្រុញដល់​គ្រប់ភាគី​ឱ្យចូល​តុចរចារ ជៀសវាង​ការកើតមាន​ហិង្សាដូច​ពេលកន្លងមក៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative