មួយឆ្នាំៗ មានអ្នក​ជំងឺពិការ​មួយ​ចំហៀង​ខ្លួន​ ​២២.០០០​នាក់

ជំងឺពិការ​មួយចំហៀង​ខ្លួនបាន និងកំពុង​ក្លាយជា​បញ្ហា​សុខភាព​សាធារណៈ​នៅកម្ពុជា ដោយអត្រា​អ្នកកើត​ជំងឺនេះ​មានប្រមាណ​២២ ០០០នាក់​ក្នុងមួយ​ឆ្នាំៗ ដែលជា​បន្ទុកដ៏​ធ្ងន់ធ្ងរ​របស់​រាជរដ្ឋាភិបាល។

លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល

លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល

លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​បានមាន​ប្រសាសន៍ឲ្យ​គេហទំព័រ​សុខភាពកម្ពុជា ដឹងនៅក្នុង​ពិធីសម្ភោធ​ដាក់​ឲ្យ​ប្រើប្រាស់​អាគារ​មជ្ឈមណ្ឌល​វិទ្យាសាស្រ្ត​ប្រព័ន្ឋប្រាសាទ កាលពីដើម​​សប្តាហ៍នេះ​ថា​តាមការ​ប៉ាន់ស្មាន​នៅទូទាំង​ប្រទេស​កម្ពុជា​ក្នុងមួយឆ្នាំៗ មានអ្នក​ជំងឺពិការ​​មួយ​ចំហៀងខ្លួន​ប្រមាណ​២២.០០០នាក់ មានអ្នក​កើតជំងឺ​ដុំពក​ក្នុងខួរក្បាល​៣.០០០នាក់ និងអ្នក​ជំងឺមាន​បញ្ហាគាប​សសៃ ដោយលៀន​ទ្រនាប់ឆ្អឹង​ខ្នង​១២.០០០​នាក់​ក្នុងមួយឆ្នាំៗ​ផងដែរ។

លោកបន្តថា បន្ថែមលើ​ករណី​ទាំងអស់នេះ នៅមាន​គ្រោះថ្នាក់​ប៉ះទង្គិច​ក្បាលលើ​មនុស្សធំ និងកុមារ ដែលជា​ករណី​សង្រ្គោះបន្ទាន់​ញឹកញាប់​នៅមន្ទីរ​ពេទ្យ​កាល់ម៉ែត និង​មន្ទីរពេទ្យ​ដទៃទៀត​​មានយ៉ាង​ច្រើន​លើសលុប។

លោករដ្ឋ​មន្រ្តី​បានបន្ត​​ឲ្យដឹងថា លើសពី​​ករណី​ជំងឺ​និង​គ្រោះថ្នាក់​​ខាងលើ​ ក៏នៅ​មាន​ជំងឺ​ប្រព័ន្ឋ​​ប្រាសាទ​ខួរឆ្អឹង​ខ្នង ខួរក្បាល​​ដែលកើត​​មានពី​កំណើត​​លើ​កុមារ​រាប់ពាន់​នាក់ នាំឲ្យ​ពួកគេ​មានពិការ​ភាព និងជា​បន្ទុក​យ៉ាងធ្ងន់ធ្ងរ​សម្រាប់​គ្រួសារ​និងសង្គម​ជាតិ ប្រសិនជា​មិនមាន​ការព្យាបាល​ដល់ពួក​គេនោះ។

លោក ស្តោត ឌៀន (Stuart Dean) អគ្គនាយក​និងជា​ប្រធាន​ក្រុមហ៊ុន​GE ប្រចាំ​តំបន់​អាស៊ាន​បានមាន​ប្រសាសន៍​ថា មូលនិធិ​GE​បានជួយ​គាំទ្រនូវ​ការបើក​មជ្ឈមណ្ឌល​វិទ្យាសាស្រ្ត​ប្រព័ន្ឋ​ប្រាសាទ ដំបូងគេ​នៅមន្ទីរ​ពេទ្យ​កាល់ម៉ែត ដែលគំរោង​​ជា​ក់លាក់ រួមមាន​ការកែលម្អ​ហេដ្ឋារចនា​សម្ព័ន្ឋ​សុខាភិបាល តាម​រយៈការដាក់​ឲ្យដំណើរ​ការនូវ​សម្ភារៈបរិក្ខា​វេជ្ជសាស្រ្ត និងការ​បណ្តុះបណ្តាល​អំពីការ​ពិនិត្យ​ព្យាបាល ការបង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល អ្នកបច្ចេក​ទេស​ជីវ​វេជ្ជ​សាស្រ្ត ការបង្កើន​លទ្ឋភាព​ទទួលបាន​ទឹកស្អាត​សម្រាប់​សេវា​សុខាភិបាល។

លោកបន្ត​ថា “ការប្តេជ្ញា​ចិត្តថ្ងៃនេះ​របស់​មូលនិធិ​GE នៅកម្ពុជា​ គឺជា​ឧទាហរណ៍​មួយថា​តើភាព​ជាដៃគូ គណនេយ្យ​ភាព និងភាពជា​អ្នកដឹកនាំ​ក្នុងចំណោម​ភាគី​ទាំងអស់ ក្រសួង​សុខាភិបាល ស្ថាប័នមិន​រកប្រាក់​ចំណេញ​ស្ថាប័នអប់រំ​និងសហគមន៍​មូលដ្ឋាន​មានសារៈ​សំខាន់​យ៉ាងណា​ចំពោះការ​អភិវឌ្ឈន៍ វិសាលភាព និងការ​ជំរុញការ​កែលម្អ​ប្រកបដោយ​និរន្តរភាព ដែលអាច​វាស់វែងបាន​នៅក្នុង​លទ្ឋផល និងផល​ប៉ះពាល់ផ្នែក​សុខាភិបាល ហើយខ្ញុំមិន​អាច​រក​ពាក្យ​ថ្លែងអំណរ​គុណឲ្យ​បានស័ក្តិសម និងគ្រប់គ្រាន់​ចំពោះដៃគូ​ទាំងអស់ ដែលបាន​ផ្តល់ពេល​វេលាឲ្យ​យើងបាន​ធ្វើកិច្ច​សហការ​រួមគ្នា​នោះទេ”៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative