ក្រសួងពីរ រួមគ្នា​ពង្រឹង​លក្ខខណ្ឌ​ការងារ វិធាន​អនាម័យ និង​សន្តិសុខ​ការងារ​ផ្នែកសេវា​កំសាន្ត

​ក្រសួងការងារ និងបណ្តុះ​បណ្តាល​វិ​ជ្ជាជីវៈ និងក្រសួង​ទេសចរណ៍ កាលពី​ព្រឹកថ្ងៃ​ទី៨ ខែតុលា ឆ្នាំ២០១៤ បានរួមគ្នា​ផ្សព្វផ្សាយ​ប្រកាសស្តី​ពីលក្ខខណ្ឌ​ការងារ វិធាន​អនាម័យ និងសន្តិសុខ​ការងារ នៅតាម​សហគ្រាស​គ្រឹះស្ថាន​ក្រុមហ៊ុន​ផ្នែកសេវា​កំសាន្ត​ក្រោមអធិបតី​ភាពលោក​ អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ និងលោក​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍។

Thong Khon and It Sam Heng 8 oct 2014

លោក​ អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ និងលោក​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍

ប្រកាសនេះ​មានគោល​បំណង​ឆ្លើយ​តបនឹង​បញ្ហា​ប្រឈម​ជាច្រើន​ដែលកម្មករ​និយោជិត​ផ្នែកសេវា​កំសាន្ត​ជួបប្រទះ ដូចជា​សុវត្តិភាព​ការងារ ការអប់រំ និង​ការ​ការពារ​សុខភាព​នៅមាន​កំរិតទាប អំពើហឹង្សា និងការ​បៀតបៀន​ផ្លូវភេទ ចំនួនម៉ោង​ធ្វើការច្រើន​លើសលុប និងការ​ទទួលបាន​បៀវត្សរ៍​ទាប និងការ​ត្រូវ​បានគេ​បង្ខំឲ្យ​ទទួលទាន​គ្រឿងស្រវឹង​ជាដើម។ លើសពីនេះ​លិខិត​បទដ្ឋាន​គតិយុត្ត​ថ្មីនេះ ក៏អំពាវនាវ​ឲ្យមាន​ការលប់​បំបាត់​ពលកម្ម​ដោយបង្ខំ និងការ​រំលោភ​​បំពាន​ពាក់ព័ន្ធនានា នៅក្នុង​ឧស្សាហ​កម្មនេះ ដូចជាការ​ដាក់ពិន័យ ការកាត់​ប្រាក់ឈ្នួល និងការ​បង្ខំឲ្យ​យកកូន​ចេញ​ជាដើម។

លោក ស្រី ចាន់ឌីណា តំណាង​​បណ្តាញ​​កម្មករ​​និយោជិត​​ផ្នែកសេវា​​កំសាន្ត​​នៅថ្នាក់​ជាតិ​​បានលើក​​ឡើង​នៅក្នុង​សេចក្តី​ប្រកាស​ពត៌មាន ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៤ ឲ្យដឹងថា «ទីបំផុត រដ្ឋាភិបាល​បានទទួល​កម្មករ​និយោជិត​ផ្នែកសេវា​កំសាន្តថា​ជាកម្មករ​និយោជិត​ដូចគេឯង ហើយពួកគេ​គួរទទួល​បានការ​ការពារ​ក្រោមច្បាប់​ស្តីពី​ការងារ​ដែរ»។

លោកស្រី​បានបន្ថែម​ថា «ម្ខាស់​គ្រឹះស្ថាន​ផ្នែកសេវា​កំសាន្ត​មានភារកិច្ច​មើលថែ​កម្មករ​និយោជិត​របស់ខ្លួន និងទប់ស្កាត់​មិនឲ្យមាន​បញ្ហាធំៗ​កើតមាន​ឡើង​ ដូចជា​អំពើ​ហិង្សានិង​ការរំលោភ​បំពាន​ផ្លូវភេទ​ជាដើម»។

លោក​វេជ្ជបណ្ទិត ទា ផល្លា អនុប្រធាន​អជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានសំដែង​នូវការអប​អរសាទរ​ចំពោះក្រសួង​ការងារ​និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ និងក្រសួង​ទេសចរណ៍​ដែលបាន​ខិតខំប្រឹង​ប្រែងអស់​ពីលទ្ធភាព​ដើម្បីពង្រីក​នូវការការពារ​ដែលជាការ​ជួយដោះស្រាយ​បញ្ហារបស់​ក្រុមគោលដៅ​ទាំង​នោះ។ លោកបាន​បន្តថា «កិច្ចប្រឹងប្រែង​ទាំងនេះនឹង​ពង្រឹង​បរិយាកាស​អំណោយផល​ដើម្បីឲ្យ​ពួកគេអាច​ទទួលបាន​ប្រយោជន៍ពី​កម្មវិធី​និងសេវា​ពាក់ព័ន្ធ​នឹង​មេរោគ​អេដស៍​ដែលត្រូវបាន​កែលំអរ​ជាងមុន​បានប្រសើរ​ជាងមុន»។ លោកបាន​បន្ថែមថា​ការសហការ​គ្នានិងការ​ចូលរួមបី​វិស័យឯកជន​មានសារៈ​សំខាន់​យ៉ាងខ្លាំង​ក្នុងការងារ​នេះហើយវា​នឹងជួយកាត់​បន្ថយការ​ម៉ាក់ងាយ​និងការរើស​អើងដើម្បី​ឲ្យការឆ្លើយ​តបនៅថ្នាក់​ជាតិអាច​សំរេចបាន​គោលដៅ​សូន្យបី គឺការឆ្លង​ថ្មីសូន្យ ការស្លាប់​ពាក់ព័ន្ធនឹង​មេរោគ​អេដស៍សូន្យ និងការរើស​អើងសូន្យ​ត្រឹមឆ្នាំ​២០២០»។

លោក អ៊ិត សំហេង បានមាន​ប្រសាសន៍ថា «ប្រកាស​ថ្មីនេះនឹង​ធានាឲ្យ​មានការ​ផ្តល់ការ​ការពារ​ដល់កម្មករ​និយោជិត​ផ្នែកសេវា​កំសាន្ត​ដែលបំពេញ​ការងារ​នៅខាងក្រៅ​សេដ្ឋកិច្ច​រៀបរយ។ ប្រកាសនេះ​គឺជាផ្នែក​មួយនៃ​កិច្ចខិតខំ​ប្រឹងប្រែង​នៅថ្នាក់ជាតិ​ដើម្បីបង្កើត​នូវបរិយាកាស​គាំទ្រដែល​ការបង្ការ​ការថែទាំ និងការ​ព្យាបាលជំងឺ​អេដស៍​អាចពង្រឹង​បន្ថែមទៀត និងដែល​អាចនាំឲ្យ​មានការផ្តោត​ការយក​ចិត្តទុកដាក់​ចំពោះបញ្ហា​សុខភាពនិង​សុវត្តិភាព​ការងារ​ក៏ដូចជា​បញ្ហាដ៏ទៃ​ទៀត​ពាក់ព័ន្ធ​និងលក្ឋខណ្ឌ​ការងារ»។

លោករដ្ឋ​មន្ត្រី​ក៏បាន​អំពាវនាវ​ឲ្យមន្ត្រីដែល​ទទួលខុសត្រូវ​អនុវត្ត​ប្រកាសនេះ​យកប្រកាស​នេះទៅ​អនុវត្តឲ្យ​បានសកម្ម​និងប្រកប​ដោយប្រសិទ្ធភាព​ដើម្បីផ្តល់នូវ​ផលប្រយោជន៍​ដល់កម្មករ​និយោជិត​គ្រប់រូប​នៅក្នុង​គ្រប់វិស័យ​ទាំងអស់​និងផ្តល់​ឲ្យពួកគេ​នូវសិទ្ធិ​អត្ថប្រយោជន៍​លក្ខខណ្ឌ​ការងារ​និងសេច​ក្តីថ្លៃថ្នូរ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative