មូលនិធិ​សំរាប់​ប្រយុទ្ធ​នឹងជំងឺ​អេដស៍​នៅកម្ពុជា កាន់តែ​ថយចុះ

ដោយសារ​តែ​ប្រទេស​កម្ពុជា​ទទួលបាន​ជោគជ័យ​ក្នុងការ​ប្រយុទ្ធនឹង​ជំងឺអេដស៍​នោះទើប​ធ្វើឲ្យ​ប្រទេស​ផ្តល់ជំនួយ ពិសេស​មូលនិធិ​សកល​បានកាត់​បន្ថយ​ជំនួយ​យ៉ាងច្រើន ពោលពី​ជាង៥០០​លានដុល្លា​មកនៅ​ត្រឹម៤០​លានដុល្លារ ហើយអាច​បន្តធ្លាក់ចុះ​ជាបន្ត​ទៀត។

រូបភាព សហការី

រូបភាព សហការី

មានប្រសាសន៍​នៅក្នុង​ពិធីប្រកាស​ផ្សព្វផ្សាយ​ប្រកាសស្តី​ពីលក្ខខណ្ឌ​ការងារ វិធានអនាម័យ និងសន្តិសុខ​ការងារនៅ​តាមសហគ្រាស​គ្រឹះស្ថាន​ក្រុមហ៊ុន​ផ្នែកសេវា​កំសាន្ត កាលពី​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤ លោកវេជ្ជ​បណ្ឌិត ទា ផល្លា អនុប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានឲ្យ​ដឹងថា​បន្ទាប់ពី​ប្រទេស​កម្ពុជា​ទទួលបាន​ជោគជ័យ​ក្នុងការ​ប្រយុទ្ធនឹង​ជំងឺអេដស៍​រួចមក ការផ្តល់​ជំនួយលើ​ការងារ​ក៏ត្រូវបាន​កាត់បន្ថយ​ជាបន្តបន្ទាប់​ដែរ ពោលគឺ​តាំងពី​ជំនួយ​៥០០​ទៅ៦០០​លានដុល្លា ក្នុង​មួយឆ្នាំ​មកនៅ​ប្រមាណ​៤០លាន​ដុល្លា​អាមេរិក ហើយប្រហែល​ជានឹង​ត្រូវកាត់​បន្ថយមក​នៅ៣០​លានដុល្លា។ លោក​បាន​បន្តថា​កាលពីឆ្នាំ​២០១២ ២០១៣ កម្ពុជា​ទទួល​ជំនួយ​ប្រមាណ​៥៦លាន​ដុល្លា​សំរាប់ប្រយុទ្ធ​នឹងជំងឺ​អេដស៍ ដែលផ្ត់ល់​ជំនួយច្រើន​ជាងគេគឺ​មូលនិធិ​សកល សំរាប់ប្រយុទ្ធ​នឹងជំងឺអេដស៍ គ្រុនចាញ់ និងរបេង។

ប្រទេសកម្ពុជា​បានទទួល​ជោគជ័យ​យ៉ាងត្រចះ​ត្រចង់​ក្នុងការ​កាត់បន្ថយ​អត្រាឆ្លង​មេរោគអេដស៍​ក្នុងចំណោម​មនុស្សពេញវ័យ​ដែលមាន​អាយុចាប់​ពី១៥ឆ្នាំ​ដល់អាយុ​៤៥ឆ្នាំ។ នៅឆ្នាំ១៩៩៨ ប្រទេសកម្ពុជា​មានអត្រា​ផ្ទុកជំងឺ​អេដស៍ខ្ពស់ គឺមាន​ប្រមាណ២% ប៉ុន្តែបន្ទាប់​ពីរាជរដ្ឋាភិបាល​បានដាក់ចេញ​នូវយុទ្ធសាស្រ្ត​ការប្រើប្រាស់​ស្រោម​អនាមយ័​១០០%​នៅក្នុង​ឆ្នាំ១៩៩៩​មក អត្រាឆ្លង​ជំងឺអេដស៍​បានធ្លាក់ចុះ​ជាបន្ត​បន្ទាប់​រហូតមក​ដល់​បច្ចុប្បន្ននេះ នៅត្រឹម​ប្រមាណ​៧២៥១២​នាក់ ហើយកំពុង​បន្តធ្លាក់​បន្តទៀត​នាពេល​ខាងមុខនេះ។ ភាពជោគ​ជ័យនេះ​បានធ្វើ​ឲ្យកម្ពុជា​ទទួលបាន​ការសសើរ​ពីអង្គការ​សហប្រជាជាតិ​ថា​ជាប្រទេស​មួយឈាន​មុខគេ​ក្នុងការ​កាត់បន្ថយ​អត្រាឆ្លង​មេរោគ​អេដស៍។

លោកវេជ្ជបណ្ឌិត មាន ឈីវុន ទីប្រឹក្សា​អមក្រសួង​សុខាភិបាល និងជានាយក​មជ្ឈមណ្ឌល​ជាតិប្រយុទ្ធ​នឹងជំងឺ​អេដស៍សើរ​ស្បែក និងកាមរោគ បានមាន​ប្រសាសន៍ថា​យើងនឹង​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀតដើម្បី​ធ្វើយ៉ាងណា​កាត់បន្ថយ​ការឆ្លង​ជំងឺនេះ​ឲ្យកាន់​តែចុះថយ​ថែមទៀត និងដើម្បី​សំរេចតាម​ផែនការរបស់​អង្គការ​សុខភាព​ពិភពលោក ដែលបាន​កំណត់ថា​នៅឆ្នាំ២០១៥ កាត់បន្ថយ​ការឆ្លងថ្មី​ក្រោម៥% និងឆ្នាំ​២០២០​កាត់បន្ថយ និងលប់​បំបាត់នៃ​ការឆ្លងថ្មី​ឲ្យបាន​ក្រោម​២% ពោលគឺ​ក្រោម៣០០​នាក់ក្នុង​១ឆ្នាំ ។

លោកវេជ្ជបណ្ឌិត ទា ផល្លា បានឲ្យ​ដឹងថា​តាមផែនការ​ក៏ដូចជា​ទឹសដៅ​របស់អង្គការ​សុខភាព​ពិភពលោក​កម្ពុជាត្រូវ​អនុវត្តនូវ​គោលដៅ​សូន្យបី គឺការឆ្លង​ថ្មីសូន្យ ការស្លាប់​ពាក់ព័ន្ធនឹង​មេរោគ​អេដស៍សូន្យ និងការ​រើសអើងសូន្យ ត្រឹមឆ្នាំ​២០២០ ដែលបញ្ហា​នេះ វាទាមទារ​ឲ្យសង្គម​មានការចូល​រួមទាំងអស់​គ្នា»។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative