ពិព័រណ៍ម្ហូបអាហារ និងសណ្ឋាគារកម្ពុជា

សហព័ន្ធ​ទេសចរណ៍​កម្ពុជា​សហការ​ជាមួយសមាគម​ចុងភៅ​កម្ពុជា សមាគម​ភោជនីយដ្ឋាន​កម្ពុជា និងសមាគម​សណ្ឋាគារ​កម្ពុជា ក្រោមកិច្ច​គាំទ្ររបស់ ក្រសួង​ទេសចរណ៍ និង​ក្រសួង​ពាណិជ្ជកម្ម​នោះ បានរៀបចំ​ពិព័រណ៍​ម្ហូបអាហារ និង​សណ្ឋាគារ​កម្ពុជា (CAMFOOD & CAMHOTEL 2014) នៅមជ្ឈ​មណ្ឌល​​ពិព័រណ៍​​កោះពេជ្រ ចាប់ពី​ថ្ងៃ ទី៨ ដល់​ទី១០ ខែ​តុលានេះ។

រូបភាព​ សហការី

រូបភាព​ សហការី

ពិព័រណ៍នេះ​បានបើក​សម្ភោធ​ជាផ្លូវការ​ហើយ ក្រោមអធិ​បតីភាព​ លោករដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ថោង ខុន។ ពិព័រណ៍នេះ ត្រូវបាន​ដាក់បង្ហាញ​នូវសម្ភារៈ​បម្រើផ្នែក​ផ្ទះបាយ និង​សណ្ឋាគារ​ដ៏សម្បូរ​បែបក្នុង​បញ្ជរស្តង់​ចម្រុះជាង​៣០០មុខ នៃផលិត​ផលមក​ពីជុំវិញ ពិភពលោក មានដូចជា៖ ម៉ាឡេស៊ី សិង្ហបុរី ចិន តៃវ៉ាន់ សហរដ្ឋ​អាមេរិក អ៊ីតាលី អាល្លឺម៉ង់ កូរ៉េខាងត្បូង ជប៉ុន​ជាដើម។

ប្រភព​ផ្តល់ព័ត៌មាន បានឲ្យ​ដឹងទៀតថា ពិព័រណ៍​ម្ហូបអាហារ និង​សណ្ឋាគារ​កម្ពុជា ប្រចាំឆ្នាំ​២០១៤នេះ នឹងទទួល​បានភ្ញៀវ​បរទេស​ជាច្រើន​ចូលទៅ​ទស្សនា ដោយ នៅក្នុង​កម្មវិធីនេះ ក៏មាន​ការរៀបចំ​ប្រកួតធ្វើ​ម្ហូបខ្មែរ​ពិតៗចំនួន​បួនមុខ ដូចជា​ញាំ ក្រូចខ្លុង សម្លកកូរ អាម៉ុកត្រី និងបង្អែម លម្អង​ចេក។ សូម​បញ្ជាក់​ថា ពិព័រណ៍​ម្ហូបអាហារ និង សណ្ឋាគារ​កម្ពុជា​ត្រូវបាន​រៀបចំ​ឡើងដោយ យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​បាន ឲ្យដឹងថា ពិព័រណ៍នេះ​នឹងត្រូវធ្វើ​ពិធី​សម្ពោធ​ដាក់ឲ្យ​ដំណើរការ​នៅម៉ោង​១០:៣០​នាទីព្រឹក ដោយ​លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍។

លោក លូ ម៉េង ប្រធាន​សមាគម​សណ្ឋាគារកម្ពុជា បានឲ្យ​ដឹងថា ក្នុងព្រឹត្តិ​ការណ៍នេះ មានភ្ញៀវ​បរទេស​ជាច្រើន​ចូលមក​ទស្សនា និងភ្លក្ស​មុខម្ហូបខ្មែរ​ដែលត្រូវ​បានរៀបចំ​តាមការ​កំណត់។ លោក​បញ្ជាក់ថា «ការរៀបចំ​ឲ្យមាន​ព្រឹត្តិការណ៍នេះ គឺដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​ប្រតិបត្តិករ ដែល​កំពុង​បម្រើការ​ក្នុងវិស័យ​ទេសចរណ៍ រួមមាន​ម្ចាស់ភោជ​នីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់​ជាដើម។ ជាងនេះទៀត​ គឺដើម្បី​លើកតម្កើង​នូវវិជ្ជា​ធ្វើម្ហូបខ្មែរ ព្រមទាំង​លើកស្ទួយ​តម្លៃ​វប្បធម៌ដ៏​ល្អ​របស់ខ្មែរ»។

លោក បានឲ្យ​ដឹងទៀត​ថា ក្នុងអំឡុង​ព្រឹត្តិការណ៍ នេះមាន​ការប្រកួត​ប្រជែង​ផ្នែកបដិ​សណ្ឋារកិច្ច​ចំនួន១០ មានដូចជា​ការឆុង​កាហ្វេ ក្រឡុកស្រា ការរៀប​ចំគ្រែ តុបតែង​លម្អនំ រៀបចំ​តុអាហារ តុបតែង​ផ្កា ការធ្វើ​ម្ហូបបែប​លោក​ខាងលិច ការធ្វើ​ម្ហូបបែប​ខ្មែរ ការដើរ​ប្រណាំង​លើក​ភេ​សជ្ជៈ ការប្រ​កួតស្រា។ ចុង​ភៅ និងអ្នក​រៀបចំ​សណ្ឋាគារ​ជាជនជាតិ​ខ្មែរ ត្រូវបាន​លើកទឹកចិត្ត​ឲ្យចូលរួម​កម្មវិធីនេះ។

របាយការណ៍​ពីសមាគម​សណ្ឋាគារ​កម្ពុជា បានឲ្យ​ដឹងថា នៅទូទាំង​ប្រទេស កម្ពុជាមាន​សណ្ឋាគារ​ប្រមាណ​ជាង៩០០ កន្លែង និងផ្ទះ​សំណាក់​ប្រហែល​ជាង​១,០០០​កន្លែង។

បើយោង​តាម​របាយការណ៍​របស់ក្រសួង​ទេសចរណ៍ បាន​ព្យាករណ៍ថា នៅឆ្នាំ​២០១៤នេះ ចំនួនភ្ញៀវ​ទេសចរ​បរទេសមក​កាន់កម្ពុជា នឹងបន្ត​កើនឡើង​លើសឆ្នាំ​២០១៣ ហើយ នៅឆ្នាំ២០១៥ នឹងមាន​ប្រមាណ​៤លាន​៥សែននាក់ និងនៅឆ្នាំ​២០២០​នឹងអាច​ទទួលបាន​ប្រមាណ៧​លាននាក់ ជាមួយនឹង​ចំណូល​សរុបប្រមាណ​៥,០០០​លានដុល្លារ​អាម៉េរិក ហើយអាច​ស្រូបពលកម្ម​ការងារដោយ​ផ្ទាល់ប្រមាណ​៨០ម៉ឺននាក់៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative