DFID​ផ្តល់​ជំនួយ​៧៥០ ០០០​ដុល្លារ​ដល់​អាជ្ញាធរ​មីន​កម្ពុជា

នាយកដ្ឋាន​សំរាប់ការ​អភិវឌ្ឈន៍​អន្តរជាតិនៃ​ប្រទេស​អង់គ្លេស (DFID) បានសម្រេច​ផ្តល់ជំនួយ​ជាទឹកប្រាក់ ចំនួន​៧៥០.០០០​ដុល្លារ​អាមេរិក​ដល់អាជ្ញាធរ​មីនកម្ពុជា តាមរយៈ​អង្គការមួយ​មានមូលដ្ឋាន​នៅប្រទេស​ណ័រវេស។

រូមភាព សហការី

រូមភាព សហការី

លោក ជុំ ប៊ុនរ៉ុង អគ្គលេខា​ធិការអាជ្ញា​ធរមីន​កម្ពុជា បានមាន​ប្រសាសន៍​ឲ្យដឹង​បន្ទាប់ពី​ពិធីចុះ​ហត្ថលេខា​ទទួលជំនួយ ជាមួយ​លោក តាំង ស៊ុនហាវ ប្រធាន​អង្គការ​NPA នៃប្រទេស​ណ័រវេស​ប្រចាំកម្ពុជា កាលពី​ល្ងាចថ្ងៃ​ទី​៧ តុលា​កន្លង​មកថា គម្រោង​ចុះហត្ថលេខា​លើអនុស្សរណៈ​ថ្ងៃនេះ គឺជាការ​ប្តេជ្ញាចិត្ត​ដើម្បី​ផ្តល់​ភាពជា​ដៃគូថ្មី​មួយរវាង​អាជ្ញាធរ​មីនកម្ពុជា និង​អង្គការNPA នៅក្នុងកិច្ច​ខិតខំប្រឹង​ប្រែងក្នុងការ​គៀងគរ​ធនធាន​រួមបញ្ចូល​គ្នា សម្រាប់​សកម្មភាព​កំចាត់មីន​នៅកម្ពុជា។ លោក​បន្តថា នេះជា​គំរោងទី២​ដែលទាក់ទង​ទៅនឹងការ​អភិវឌ្ឈន៍​សមត្ថភាព​របស់អាជ្ញាធរ​មីន សម្រាប់​រយៈពេល​បីឆ្នាំ​ដោយគិតពី​ឆ្នាំ២០១៥​ដល់ឆ្នាំ​២០១៧​ខាងមុខនេះ។

លោក តាំង ស៊ុនហាវ ប្រធាន​អង្គការ​NPA បានមាន​ប្រសាសន៍ថា ថវិកា​ជំនួយ​មនុស្សធ៌ម​ថ្មីនេះ នឹងជួយ​បង្កើន​សមត្ថភាព​ក្នុងការ​គ្រប់គ្រង​វិស័យ​សកម្មភាព មីនដល់​អាជ្ញាធរ​ខេត្ត ក្រុង តាមរយៈ​ការធ្វើឲ្យ​ប្រសើរទ្បើង​នូវវិធីសាស្រ្ត​ក្នុងការរៀបចំ​ធ្វើផែនការ ការចាត់​អាទិភាព​សម្រាប់ការ​បោសសំអាត​មីន ការកែលម្អ​ប្រព័ន្ឋគ្រប់​គ្រងគុណភាព ការសម្រប​សម្រួលបញ្ចប់​ការស្រាវជ្រាវ​ចំការមីន​មូលដ្ឋាន ការធ្វើឲ្យ​ប្រសើរទ្បើង​នូវសមត្ថភាព​ក្នុងការធ្វើ​លទ្ឋកម្ម និងការ​គ្រប់គ្រង​កិច្ចសន្យា​ឲ្យស្របទៅ​នឹងស្តង់ដា​អនុវត្ត និងបង្កើន​សមត្ថភាព​ក្នុងការវិភាគ​ទិន្នន័យ ការគ្រប់គ្រង​ហានិភ័យ ការរៀបចំ​ផែនការ​ប្រតិបត្តិការ និងការ​ធ្វើឲ្យ​ប្រសើរទ្បើង​នូវការគ្រប់គ្រង​ព៌តមាន​ទាក់ទង​នឹងវិស័យ​មីន។

លោក ប្រាក់ សុខុន រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍ និងទូរ​គមនាគមន៍ និងជា​អនុប្រធាន​ទី១​អាជ្ញាធរ​មីនកម្ពុជា ដែលបាន​អញ្ជើញជា​អធិបតីភាព​ក្នុងពិធីនោះ​បានមាន​ប្រសាសន៍​សម្តែងការ​ថ្លែង​អំណរគុណ និងកោត​សរសើរចំពោះ​ការខិតខំ​ប្រឹងប្រែង​រួមគ្នា ដើម្បីធ្វើ​ឲ្យសម្រេច​បាននូវ​ជោគជ័យ​ជាច្រើន​លើការ​បោស​សំអាត​មីន​នៅកម្ពុជា ហើយលោក​ក៏បានថ្លែង​អំណរគុណ​ដល់រដ្ឋាភិបាល​នៃប្រទេស​អង់គ្លេស​ដែលបាន​ផ្តល់ជំនួយ​ឥតសំណង ដើម្បីគាំទ្រ​រាជ​រដ្ឋាភិបាល​កម្ពុ ជាពិសេស​ក្នុងវិស័យ​សកម្មភាព​មីនសម្រាប់​ការងារបោស​សំអាតមីន និងអភិវឌ្ឈន៍​សមត្ថភាព​របស់អាជ្ញា​ធរមីន។

លោក​បន្តថា “រយៈពេល​២០ឆ្នាំ​កន្លងមក​នេះ កម្ពុជាបាន​កត់ត្រា​នូវភាព​ជោគជ័យ​យ៉ាងច្រើន​លើការងារ​បោសសំអាត​មីននៅ​កម្ពុជា គឺបានរួម​ចំណែកក្នុង​ការសង្រ្គោះ​អាយុជីវិត​ប្រជាជន​កម្ពុជា ការអភិវឌ្ឈន៍​សេដ្ឋកិច្ច​សង្គម និងការកាត់​បន្ថយភាព​ក្រីក្រ”។ លោក​បន្តថា “ទន្ទឹមនឹង​សមិទ្ឋិផល​សម្រេចបាន​អស់​រយៈពេល​២០ឆ្នាំ​មកនេះ យើងក៏នៅ​មានបញ្ហា​ប្រឈមសេស​សល់ជាច្រើន ដែលក្នុងនោះ​គ្រាប់មីន និងសំណល់​ជាតិផ្ទុះ​ពីសង្រ្គាម​បាននិង​កំពុងធ្វើ​ឲ្យប្រជាជន​យើងស្លាប់ ពិការអវៈ​យវៈនិងបំផ្លាញ​ទ្រព្យសម្បត្តិ។
យោងតាម​របាយការណ៍ពី​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន និងយុទ្ឋភ័ណ្ឌ​មិនទាន់ផ្ទុះ​បានបង្ហាញថា ក្នុងរយៈពេល​៧ខែដើម​ឆ្នាំនេះ អត្រាគ្រោះថ្នាក់​ដោយសារ​មីន និងកាក​សំណល់សង្រ្គាម​បានកើន​ទ្បើងទ្វេរ​ដង ដោយចំនួន​អ្នកស្លាប់​និងរបួស​បានកើនពី​៧៤នាក់​កាលពី​ឆ្នាំមុន ដល់១២០​នាក់នៅ​ឆ្នាំនេះ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative