ក្រសួង​អប់រំ​​ចំណាយ​ថវិកា​ជាង​២,៥​លាន​ដុល្លា​លើការ​ប្រលង​បាក់​ឌុប​លើក​ទី២

ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹង​ចំណាយ​ថវិកា​ចំនួន១១​ពាន់លានរៀល​ស្មើនឹង​ជាង​២,៥​លានដុល្លា​អាមេរិក​ទៅលើការ​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយ​ភូមិ​ឬបាក់ឌុប​លើកទី២។

រូបភាព សហការី

រូបភាព សហការី

ប្រលងបាក់ឌុប​លើកទី២ ក្រសួងអប់រំ​បានកំណត់​កាលបរិច្ឆេទ​នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤​ខាងមុខនេះ​ដោយមាន​បេក្ខជន​ចូលរួម​ប្រលងចំនួន​ជាង​៦៨០០០​នាក់​ចែកចេញ​ជា​១១៧​មណ្ឌល​ស្មើនឹង​២៧៥២​បន្ទប់។

លោក រស់ សាលីន អ្នកនាំពាក្យ​ក្រសួងអប់រំ​យុវជន​និងកីឡា​បានឲ្យ​ដឹងថា​ប្រលងបាក់​ឌុបលើក​ទី២នេះ​ក្រសួងនឹង​ចំណាយ​ចំនួន១១​ពាន់លាន​រៀល​ស្មើនឹង​២,៥លាន​ដុល្លា​អាមេរិក។ ចំនួននេះ​បើធៀបនឹង​ការប្រលង​បាក់ឌុប​លើកទី១​ឃើញថា​មានចំនួន​តិចជាងស្ទើរ​ពាក់កណ្តាល។
ការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយ​ភូមិ លើកទី១​បានប្រព្រឹត្តិ​ទៅនាសម័យ​ប្រឡង ០៤និង​ទី៥ សីហា ២០១៤ ដោយមាន​បេក្ខជន​ចូលរួម​ប្រលង​សរុប​ចំនួន ៩៣ ៤៥៦នាក់ ចែកចេញ​ជា ១៥៤ មណ្ឌល ក្នុងនោះ​ថ្នាក់​វិទ្យាសាស្ត្រ ១៤០ មណ្ឌល និងថ្នាក់​វិទ្យាសាស្ត្រ​សង្គម ១៤ មណ្ឌល ស្មើនឹង​៣៧៧៩​បន្ទប់។ ដោយ​ក្រសួងអប់រំ​បានចំណាយ​លើការប្រលង​ចំនួន៤លាន​ដុល្លាអាមេរិក​ដែលនៅ​ឆ្នាំមុន​ចំណាយតែ​២,៩លាន​ដុល្លាទេ គឺមាន​ការកើន​ឡើងជាង​ឆ្នាំមុន​៤០​ភាគរយ។

ថវិកា​ទាំងនេះ​មានមួយ​ចំណែក​បានមកពី​ការសន្សំ​ពីការប្រលង​ឌីប្លូម​កន្លងមក។ការកើនឡើង​នូវការចំណាយ​ទៅលើការ​រៀបចំ​ប្រលង​បាក់ឌុបនេះ ដោយសារ​តែនៅឆ្នាំនេះ​ក្រសួងបាន​ផ្លាស់ប្តូរ​ការប្រលង​ជាច្រើន​ដើម្បីធ្វើ​យ៉ាងណា​ឲ្យការប្រលង​បាក់ឌុបនេះ​ប្រព្រឹត្តទៅ​ប្រកបដោយ​តម្លាភាព​យុត្តិធម៌​អាចទទួល​យកបាន។ ជាពិសេស​នៅឆ្នាំនេះ​ក្រសួងបាន​បង្កើនប្រាក់​បេសកកម្ម​ដល់មេប្រយោគ និងគណៈ​កម្មាការ​ប្រលង​ទាំងអស់។ ជាក់ស្តែង​មេ​ប្រយោគ​​ដែលនៅ​ឆ្នាំមុន​ទទួលបាន​ប្រាក់៦១០០០​រៀលក្នុង១ថ្ងៃ តែនៅ​ឆ្នាំនេះ​ទទួលបាន​ទ្វេដង​គឺ១២២០០០រៀល និងប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​មួយចំនួន​ទៀត។

លោក រស់ សាលីន បានឲ្យ​ដឹងទៀតថា​ប្រលងលើក​ទី២នេះ​ក្រសួងរៀបចំ​ដំណើរការ និងនីតិវិធី​នៃប្រលង គឺធ្វើដូច​កាលប្រលង​លើកទី១​អញ្ចឹងដែរ​ដោយ​មាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​​ចូលរួម​សង្កេតការ​ដោយក្នុង​មួយមណ្ឌល​ដាក់កំលាំង​ពីម្នាក់ទី​៣នាក់។ លោកបាន​បន្តថា​រហូតមក​ដល់ពេលនេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅបន្ត​ទទួលពាក្យ​ចូលរួមសង្កេត​ការរបស់​និស្សិត និងអង្គការ​សង្គម​សីវិលនានា​នៅឡើយ។

លោក រស់ សាលីន បានពន្យល់ថា «ប្រលង​លើកទី២​នេះមិនមាន​អ្វីប្រែប្រួលទេ​ ពោលគឺគិត​ទៅតាមពិន្ទុ​ដែលបក្ខជន​ម្នាក់ៗធ្វើបាន​បើបេក្ខជន​ណាធ្វើបាន​ពិន្ទុបាន​៩០ភាគរយ​គ្រប់មុខវិជ្ជា (ពិន្ទុប្រហែល​៤៣០ពិន្ទុ ឬក្រោមនេះ) អាចជាប់​និទ្ទេសA ដូចប្រលង​ទី១ដែរ ហើយបេក្ខជន​បានពិន្ទុ​ក្រោមពីនេះ​អាច​ទទួល​​បាននិទ្ទេស​B, C, D, E ព្រោះពិន្ទុ​ដែលបេក្ខជន​ប្រលងជាប់​មានចំនួន​២៣៧ពិន្ទុ»។ លោកបាន​បន្ថែមថា​ចំណែកឯ​សញ្ញាបត្រវិញ គឺសំរាប់​បេក្ខជន​ខុសគ្នាត្រង់​តែថ្ងៃខែ​ប៉ុណ្ណ ដូចជាបេក្ខជន​ប្រលងជាប់​លើកទី១​ក្រសួងដាក់​ថាសញ្ញាបត្រ​មធ្យមសិក្សា​ថ្ងៃទី០៤​សីហា និងបេក្ខជន​ប្រលងជាប់​លើកទី២​ដាក់ថា​សញ្ញាបត្រ​មធ្យមសិក្សា​ថ្ងៃទី១៣​តុលា៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative