ព្រះមហាក្សត្រ​កម្ពុជាខ្មែរ​យាងសម្ភោធ​អាគារ​វិទ្យាសាស្រ្ត​ប្រព័ន្ឋ​ប្រសាទ​តំលៃជាង​១០លាន​ដុល្លារ​អាមេរិក

ព្រះមហា​ក្សត្រកម្ពុជា​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី នៅព្រឹក​ថ្ងៃទី៧ តុលានេះ បានយាង​សម្ភោធដាក់​ឲ្យប្រើប្រាស់​ជាផ្លូវការ នូវមជ្ឈ​មណ្ឌល​វិទ្យាសាស្រ្ត​ប្រព័ន្ឋប្រាសាទ តំលៃជាង​១០លាន​ដុល្លារអាមេរិក​ក្នុងមន្ទីរពេទ្យ​កាល់ម៉ែត។

ព្រះមហា​ក្សត្រ​កម្ពុជា​សម្តេច​​ព្រះបរម​នាថ នរោត្តម សីហមុនី

ព្រះមហា​ក្សត្រ​កម្ពុជា​សម្តេច​​ព្រះបរម​នាថ នរោត្តម សីហមុនី

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​បានមាន​ប្រសាសន៍​ក្នុងឳកាស​នោះថា ដោយពិនិត្យ​ឃើញដំណើរ​ការរបស់​មន្ទីរពេទ្យ​លើផ្នែក​នេះ​ស្ថិតក្នុង​លំនឹងមួយ​មានកំរិត មិនទាន់​អាចឆ្លើយតប​បានតាម​តម្រូវការ​របស់អ្នកជំងឺ​ប្រព័ន្ឋប្រាសាទ ក្នុងចំណោម​ប្រជាជនកម្ពុជា​នៅទ្បើយ និងដោយ​ពិនិត្យ​ឃើញករណី​ធ្ងន់ធ្ងរ​ខាងលើ ក្រសួង​សុខាភិបាល​គាំទ្រឲ្យ​មន្ទីរពេទ្យ​កាល់ម៉ែត រួមសហការ​យ៉ាងជិតស្និទ្ឋ​ជាមួយ​អង្គការ La Chaine de LEspoirពិភាក្សា​ដោះស្រាយ ដើម្បីបង្កើត​បានជា​មជ្ឈមណ្ឌល​វិទ្យាសាស្រ្ត​ប្រព័ន្ឋប្រាសាទ​នេះទ្បើង។

អាគារដ៏​ធំស្កឹមស្កៃនេះ បានកសាង​អស់ទឹកប្រាក់​ជាង១០.៨៥៧.៩៥០ ដុល្លារអាមេរិក​ដែលគំរោង​នេះ បានទទួល​ការឧបស្ភម្ភ​គាំទ្រដ៏​ថ្លៃថ្លាបំផុត​ពីព្រះ​ករុណា ព្រះមហាក្សត្រ​ជាអម្ចាស់​ជីវិតតំកល់​លើត្បូង និងប្រមុខ​នៃរាជរដ្ឋា​ភិបាលកម្ពុជា តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់​ថវិការ​៤.៥លាន​ដុល្លារអាមេរិក​សំរាប់​សាងសង់​អាគារ។ ចំណែក​អង្គការ La chaine de LEspoir បានផ្តល់​ថវិកាចំនួន​៤លាន​ដុល្លារ សម្រាប់​ជាជំនួយ​ផ្នែកជំនាញ​ការបច្ចេក​ទេស​សាងសង់ បំពាក់គ្រឿង​សង្ហារឹម សម្ភារៈ​បរិក្ខាពេទ្យ និងបណ្តុះ​បណ្តាល​ធនធាន​មនុស្ស​បន្ថែម។ មូលនិធិ​GEបាន​ផ្តល់នូវ​ឧបករណ៍​បរិក្ខា​វេជ្ជសាស្រ្ត ដែលមាន​តំលៃទឹកប្រាក់​ជាង១​លានដុល្លារ​អាមេរិក និងមន្ទីរពេទ្យ​បានរួម​ចំណែក​ជាទឹកប្រាក់​ជាង៧៥៥.៨២៨​ដុល្លារអាមេរិក​ផងដែរ។ក្រៅពីនេះ​ក្រុមហ៊ុន​លី ឈួងសំណង់​​នីហរ័ណ អហរ័ណ​បានធ្វើ​សម្បទាន​សរុបតំលៃ​ការងារ​សាងសង់​បន្ថែម​នូវទឹកប្រាក់​ជាង៥៩៣.២២៧ ដុល្លារ​អាមេរិក​ផងដែរ។

លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានបន្តថា អាគារ​មជ្ឈមណ្ឌល​ប្រព័ន្ឋប្រសាទ​នេះបាន​សាងសង់ទ្បើង​កំពស់​៦ជាន់ មាន​បណ្តោយ​៤៥ម៉ែត្រ និងទទឹង​៣០ម៉ែត ស្របតាម​ប្រព័ន្ឋ​ស្តង់ដា​មន្ទីរពេទ្យ​បារាំង។ មជ្ឈមណ្ឌល​នេះមាន​សេវា ដូចជា​ផ្នែកវះកាត់​ប្រព័ន្ឋ​ប្រាសាទ​មនុស្សពេញ​វ័យ២៤​គ្រែ ផ្នែក​វេជ្ជសាស្រ្ត​ប្រព័ន្ឋប្រសាទ​មនុស្សពេញ​វ័យ២៧​គ្រែ ផ្នែកប្រព័ន្ឋ​ប្រសាទកុមារ​ចំនួន១៥​គ្រែ ផ្នែក​ប្រពោធនកម្ម​ប្រព័ន្ឋ​ប្រសាទ​១៦គ្រែ ផ្នែក​សណ្តំ​៨គ្រែ រួមទាំង​បន្ទប់​វះកាត់​​ចំនួន៤ បន្ទប់​ពិគ្រោះជំងឺ​ចំនួន៨​បន្ទប់ សាល​សន្និសីទ​ធំ១បន្ទប់ បន្ទប់ប្រជុំ​មធ្យម​១បន្ទប់ បន្ទប់រោង​ជួសជុល​បរិក្ខា​វេជ្ជសាស្រ្ត​១បន្ទប់ ផ្នែកស្រាវជ្រាវ​១បន្ទប់ និងបន្ទប់​ជាច្រើន​ទៀត។

លោកបន្តថា “ការសម្រេច​បាននូវ​សមិទ្ឋិផល​ធំៗជាបន្ត​បន្ទាប់នេះ គឺអាស្រ័យ​ដោយកិច្ច​ខិតខំប្រឹង​ប្រែងដោយ​ឥតនឿយ​ហត់ ប្រកប​ដោយឆន្ទៈ​មោះមុត​របស់​ថ្នាក់​ដឹកនាំ ក៏ដូចជា​មន្រ្តីរាជការ​ក្រោមឳវាទ​ក្រសួង​សុខាភិបាល និង​មន្ទីរពេទ្យ​កាល់ម៉ែត ក្រោមការ​ដឹកនាំដ៏​ឈ្លាសវៃ និង​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តីនៃ​ព្រះរាជា​ណាចក្រកម្ពុជា”។

លោកសាស្រ្តាចារ្យ ហ្រ្វង់ស្វ័រ ហ្សាវីយ៉េរ៉ូ តំណាងអង្គការ La Chaine de L Espoir បានមាន​ប្រសាសន៍​ចាត់ទុក​កម្មវិធីនេះ ជានិម្មិត​រូបនៃភាព​ជោគជ័យ​នៃ​ប្រវត្តិសាស្រ្ត​ជាង២០ឆ្នាំ នៃកិច្ច​សហប្រតិបត្តិ​ការរវាង​អង្គការ និងមន្ទីរពេទ្យ​កាល់ម៉ែត និងព្រះរាជា​ណាចក្រកម្ពុជា ពោលគឺចាប់​តាំងពីពេល​ដែលអង្គការ La Chaine de l’Espoir ត្រូវបាន​បង្កើតទ្បើង។ ជាក់ស្តែង​មជ្ឈមណ្ឌល​បេះដូង ដែលបាន​បើកដំណើរ​ការជាង​១៥ឆ្នាំមក​ហើយ គឺជាធាតុ​ដ៏សំខាន់​នៃចំណង​មិត្តភាព​របស់​យើង។ លោក​បន្តថា សម្រាប់រូប​លោកផ្ទាល់ លោកបាន​បំពេញបេសកកម្ម​ជាលើក​ដំបូង និងបាន​ធ្វើការ​វះកាត់​ប្រព័ន្ឋ​ប្រសាទ​ជាលើក​ដំបូង​ក្នុងមន្ទីរពេទ្យ​កាល់ម៉ែត​កាលពី​ឆ្នាំ១៩៩០ ក្នុងពេល​ជាមួយគ្នា​នៃកម្មវិធី​វេជ្ជបណ្ឌិត​ពិភពលោក។

លោកបន្តថា “គោលបំណង​នៃគំរោងនេះ គឺដើម្បី​ជួយសង្រ្គោះ​អ្នកជំងឺ​គ្រប់រូប ដែលមាន​បញ្ហាប្រព័ន្ឋ​ប្រាសាទ​ទាំងអ្នក​ក្រីក្រ និងអ្នកមាន​កម្រិត​ជីវភាព​ធូរធារ។ បើគ្មាន​ជំនួយជា​ថវិកាទេ ឆន្ទៈ​ទាំងអស់​មិនអាចលេច​ចេញជា​លទ្ឋផល​ប្រសើរ​ទ្បើយ”។ លោក​បន្តថា “ព្រះករុណា​ទ្រង់បាន​ប្រទាន ការជួបជុំ​ដោយក្តី​មេត្តាធ៌ម ជាមួយ​មិត្តរួម​ការងារ​របស់ខ្ញុំ ព្រមទាំង​រូបខ្ញុំផ្ទាល់​ដើម្បីឲ្យ​យើងបានធ្វើ​កិច្ចការងារ ការពិភាក្សា និងពន្យល់​ពីគំរោងនេះ”។

លោក​សាស្រ្តាចារ្យ ហ្រ្វង់ស្វ័រ ហ្សាវីយ៉េរ៉ូ បានបន្ត​ថា ការបើក​មជ្ឈមណ្ឌលនេះ បានបង្កើត​មូលដ្ឋានគ្រឹះ​យ៉ាងសំខាន់​សម្រាប់​សុខភាពសាធារណៈ នៅ​ប្រទេស​កម្ពុជា។ នេះជា​ការបោះ​ជំហ៊ានដ៏​ធំមួយ ហើយយើង​ត្រូវបន្ត​កិច្ចប្រឹង​ប្រែងនេះ។ មជ្ឈមណ្ឌល​ប្រព័ន្ឋ​ប្រាសាទនេះ នឹងក្លាយ​ទៅជា​មជ្ឈមណ្ឌល​បង្អែក និងជា​ថ្នាលបណ្តុះ​បណ្តាល សម្រាប់​គ្រូពេទ្យ​ឯកទេស​ប្រព័ន្ឋ​ប្រាសាទ គ្រូពេទ្យវះកាត់​ប្រព័ន្ឋ​ប្រាសាទ អ្នកដាក់​ថ្នាំសណ្តំ អ្នកសង្រ្គោះ​បន្ទាន់ ព្រមទាំង​បុគ្គលិក​អមវេជ្ជសាស្រ្ត ហើយ​មជ្ឈម​ណ្ឌលនេះនឹងអនុញ្ញាត្ត​ឲ្យយើងអាច​ព្យាបាលគ្រប់​ស្ថានភាព​ជំងឺទាំងអស់។

ព្រះករុណា​ព្រះមហាក្សត្រ​កម្ពុជា សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បានមាន​ព្រះរាជបន្ទូល​ថ្លែងនូវ​ព្រះទ័យ​សប្បាយ​រីករាយ និងបាន​សម្តែងនូវ​ការកោត​សរសើរ​ដល់ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ថ្នាក់ដឹកនាំ​ក្រសួង​សុខាភិបាល និងថ្នាក់​ដឹកនាំ​មន្ទីរពេទ្យ ព្រមទាំង​មិត្តបរទេស​ដែលជា​ដៃគូ​អភិវឌ្ឈន៍​ដែលបាន​ផ្តល់ជំនួយ និងខិតខំ​ប្រឹងប្រែងក្នុងការ​សម្រេចបាន​នូវសមិទ្ឋិផល​ដ៏ធំធេង ដែលជា​ការចូលរួម​បំរើសុខភាព​សាធារណៈ និងលើក​កំពស់​សុខមាលភាព​ប្រជារាស្រ្ត​របស់​ព្រះអង្គ។

ព្រះអង្គ​បាន​មាន​បន្ទូល​ថា “ការថែររក្សា​នូវសុខមាល​ភាពសង្គម​ ជាកិច្ចការ​ដ៏មាន​សារៈ​សំខាន់ ដែលយើង​ទាំងអស់គ្នា​ត្រូវយកចិត្ត​ទុកដាក់​អភិវឌ្ឈន៍ឲ្យ​បានល្អ​ប្រសើរ សំដៅ​ថែររក្សា ការពារ​និងព្យាបាល​សុខភាព​ប្រជារាស្រ្ត​នៅទូទាំង​ប្រទេស”។ សម្តេចបាន​បន្តថា “តាមរយៈ​ការខិតខំ​របស់សហគមន៍​ជាតិ អន្តរជាតិ​គ្រប់មជ្ឈដ្ឋាន វិស័យ​សុខាភិបាល​ត្រូវបាន​អភិវឌ្ឈន៍​ប្រសើរទ្បើង​ជាលំដាប់”។

ព្រះករុណា​​ព្រះមហាក្សត្រ​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ទ្រង់បាន​រំលឹកថា សម្តេច​ព្រះករុណា ព្រះបាទ នរោត្តម សីហនុ ព្រះករុណា​ព្រះបរម​កោដ សីហនុ និងសម្តេច​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរៈ​រាជជាតិ​ខ្មែរជា​ទីគោរព​ដ៏ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​តែងប្រោស​ព្រះរាជទាន​ការលើក​ទឹក​ចិត្តដល់ការថែរក្សា​​សុខភាពរបស់​ប្រជានុរាស្រ្ត កូនចៅ ចៅទួត​របស់​ព្រះអង្គ ដើម្បីរួម​ចំណែកជាមួយ​សកម្មភាព​របស់រាជ​រដ្ឋាភិបាល​កម្ពុជា ព្រះអង្គ​តែងបាន​ប្រោស​ប្រទាន​ជារាជនូបត្ថម្ភ​ជាព្រះរាជ​ទ្រព្យកសាង​មន្ទីរពេទ្យ និងមណ្ឌល​សុខភាព​នៅតាម​ទីជនបទ​ផ្សេងៗ​ជាច្រើន​នៅទូទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative