មន្ទីរសុខាភិបាល​រាជធានី​ត្រៀមពេទ្យ​ជាង៣០០​នាក់​សម្រាប់​ប្រចាំការ​ពេលបុណ្យ​អុំទូក​មកដល់

មន្ទីរសុខាភិបាល​រាជធានី​ភ្នំពេញ​បាន និងកំពុង​ត្រៀមបុគ្គលិក​ពេទ្យ​ជាង៣០០​នាក់ ជាជំហ៊ាន​បឋម​សម្រាប់​ចូលរួម​ជួយ សង្រ្គោះ​ប្រជាពលរដ្ឋ​មានបញ្ហា​សុខភាព​ក្នុងកំទ្បុង​ពិធីបុណ្យ​អុំទូក អកអំបុក និងសំពះ​ព្រះខែ​ដែលនឹង​ចាប់ផ្តើម​ពីថ្ងៃទី៥ ដល់៧​វិច្ឆិកា​ខាងមុខនេះ។

រូបភាព សហការី

រូបភាព សហការី

លោកវេជ្ជបណ្ឌិត សុខ សុគន្ឋ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បានមាន​ប្រសាសន៍​ឲ្យគេហទំព័រ​សុខភាពកម្ពុជា​ដឹងនៅព្រឹក​ថ្ងៃទី៧ តុលានេះ​ថា មន្ទីរសុខា​ភិបាលបាន និងកំពុង​ត្រៀមបុគ្គលិក​សុខាភិបាល​ជាង៣០០​នាក់ និង​រថយន្ត សង្រ្គោះ​ចំនួន​១៤គ្រឿង សម្រាប់​ប្រចាំការ​នៅតាម​គោលដៅ​សំខាន់​ចំនួន៧ ដើម្បី ជួយសង្រ្គោះ​ប្រជាពលរដ្ឋ ដែលមាន​បញ្ហា​ខ្យល់គរ ឬបញ្ហា​សុខភាព​អ្វីមួយ។ លោក​បន្តថា ទីតាំង​ចំនួន៧​ដែលមន្រ្តី​សុខាភិបាល​ប្រចាំការ​មាន ដូចជា​នៅលើ​កោះពេជ្រ ម្តុំវត្ត​បុទុម មុខគណៈ​កម្មការ​បុណ្យជាតិ នៅម្តុំ​ផែថ្ម ជិតរដ្ឋសភា​ចាស់ និងនៅតំបន់​ជ្រោយចង្វារ​ចំនួន២កន្លែង។
លោក​បន្តថា “គ្រូពេទ្យ​របស់យើង​នឹងប្រចាំការ​២៤ម៉ោង ដើម្បីជួយ​សង្រ្គោះ​ប្រជាពលរដ្ឋ ហើយយើង​គិតថាពិធី​បុណ្យអុំ​ទូកឆ្នាំនេះ នឹងមាន​មនុស្ស​ចូលរួម​ច្រើនជាង​បណ្តា​ឆ្នាំមុន ព្រោះយើង​ខកខាន​ប្រារព​ពិធីនេះ​តាំងពីឆ្នាំ​២០១១មក”។

ពិធីបុណ្យ​អំទូក អកអំបុក និងសំពះ​ព្រះខែ​ត្រូវបាន​ផ្អាករយៈពេល​បីឆ្នាំ​ចាប់តាំង​ពីឆ្នាំ២០១១​មក បន្ទាប់ពី​មានសោក​នាដកម្ម នៅ​កោះពេជ្រ ដែលបណ្តាល​ឲ្យមនុស្ស​ស្លាប់៣៥៣​នាក់ និងរង​របួសជាង​៥០០នាក់ ពីព្រឹត្តិការណ៍​រត់ជាន់​គ្នានៅលើស្ពាន​​ពេជ្រកាល​ពីរាត្រី​ចុងក្រោយ នៃព្រះរាជ​ពិធីបុណ្យ​អុំទូក អក​អំបុក និងសំពះ​ព្រះខែ​កាលពីឆ្នាំ​២០១០​កន្លងមក។

លោក​វេជ្ជបណ្ឌិត សុខ សុគន្ឋ បាន​បន្តថា ក្រៅពី​ក្រុមគ្រូពេទ្យ​ប្រចាំការ​នៅនឹង​កន្លែង​ទាំងនេះ យើងមាន​ក្រុមគ្រូពេទ្យ​ចល័តចំនួន​១០ក្រុម និងមាន​ក្រុមចុះ​អប់រំ ពីសុវត្ថិភាព​ចំណីាហារ និងក្រុម​ចុះអប់រំ​ពីការរីករាល​ដាលមេរោគ​អេដស៍ និងជំងឺ​អេដស៍ដល់​អ្នកចូលរួម​ពិធីផងដែរ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative