ប្រលង​បាក់ឌុប​លើកទី២ មានបេក្ខជន​ចូលរួម​ប្រលង​ចំនួនជាង​៦៨០០០​នាក់

ប្រលង សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ ឬបាក់ឌុប លើកទី២​ដែលនឹង​ប្រព្រឹត្តទៅ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ខាងមុខនេះ មានបេក្ខជន​ចូលរួម ប្រលង ចំនួនជាង​៦៨០០០​នាក់​ ចែកចេញ​ជា១១៧​មណ្ឌលស្មើ​នឹង២៧៥២​បន្ទប់។

រូបភាព សហការី

រូបភាព សហការី

បើតាម​លោក រស់ សាលីន អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹង​កាលពីថ្ងៃ​ទី៦ ខែតុលា​នេះថា ប្រលង​បាក់ឌុប​លើកទី២​នេះ ក្រសួងរៀបចំ​នៅថ្ងៃទី​១៣តុលា​ខាងមុខនេះ​ ហើយដំណើរ​ការ​និងនីតិ​វិធីនៃ​ប្រលងគឺ​ធ្វើដូចកាល​ប្រលង​លើកទី១​អញ្ចឹងដែរ​ដោយមាន​អង្គភាព​ប្រឆាំងអំពើ​ពុករលួយ​ចូលរួម​សង្កេតការ​ដោយក្នុង​មួយមណ្ឌល​ដាក់កំលាំង​ពីម្នាក់​ទី៣នាក់។ លោកបាន​បន្តថា​រហូតមក​ដល់ពេលនេះ​អង្គភាព​ប្រឆាំងអំពើ​ពុករលួយ​នៅបន្ត​ទទួលពាក្យ​ចូលរួម​សង្កេតការ​របស់និស្សិត និងអង្គការ​សង្គមសីវិល​នានា​នៅឡើយ។

កន្លងមក​មានពាក្យ​ចចាម​អារាម​មួយចំនួន​បានលើក​ឡើងថា​ប្រលង​លើកទី២នេះ​ ក្រសួងអប់រំ យុវជន និងកីឡា មិនគិត​ពីនិទ្ទេសទេ​ហើយសញ្ញាបត្រ​វិញ​ក៏មិនឲ្យ​តំលៃស្មើនឹង​ការប្រលង​លើកទី១ដែរ។

ពាក់ព័ន្ធនឹង​បញ្ហានេះដែរ លោក រស់ សាលីន បានពន្យល់​ថា «ប្រលង​លើកទី២​នេះមិនមាន​អ្វីប្រែប្រួល​ទេពោលគឺ​គិតទៅតាម​ពិន្ទុដែល​បក្ខជន​ម្នាក់ៗ​ធ្វើបាន ​បើបេក្ខជន​ណាធ្វើបាន​ពិន្ទុបាន​៩០ភាគរយ​គ្រប់មុខ​វិជ្ជា (ពិន្ទុប្រហែល​៤៣០ពិន្ទុ ឬក្រោមនេះ) អាចជាប់​និទ្ទេសA ដូចប្រលង​ទី១ដែរ ហើយបេក្ខជន​បានពិន្ទុ​ក្រោមពីនេះ អាចទទួល​បាននិទ្ទេស B,C,D,E ព្រោះពិន្ទុ​ដែលបេក្ខជន​ប្រលងជាប់មាន​ចំនួន២៣៧​ពិន្ទុ»។ លោកបាន​បន្ថែមថា​ចំណែកឯ​សញ្ញា​បត្រ​​វិញគឺ សំរាប់បេក្ខជន​ខុសគ្នា​ត្រង់តែ​ថ្ងៃខែប៉ុណ្ណ ដូចជា​បេក្ខជន​ប្រលងជាប់​លើកទី១ ក្រសួងដាក់​ថាសញ្ញាបត្រ​មធ្យមសិក្សា​ថ្ងៃទី០៤ សីហា និង​បេក្ខជន​​ប្រលង​ជាប់លើកទី២​ដាក់ថាសញ្ញាបត្រ​មធ្យមសិក្សា​ថ្ងៃទី១៣តុលា។

រូបភាព សហការី

រូបភាព សហការី

ការប្រឡង​​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​លើកទី១ បានប្រព្រឹត្តិ​ទៅនា​សម័យ​ប្រឡង ០៤ និងទី៥ សីហា ២០១៤ ដោយមាន​បេក្ខជន​ចូលរួម​ប្រលង​សរុប​ចំនួន ៩៣ ៤៥៦​នាក់ ចែកចេញ​ជា ១៥៤ មណ្ឌល ក្នុងនោះ ថ្នាក់​វិទ្យាសាស្ត្រ ១៤០ មណ្ឌល និងថ្នាក់​វិទ្យាសាស្ត្រ​សង្គម ១៤ មណ្ឌល ស្មើនឹង ៣ ៧៧៩​បន្ទប់។ ជាលទ្ធផល​មានបេក្ខជន​ចំនួន២៣.១២៦​នាក់​ប្រឡងជាប់​ត្រូវជា​២៥,៧២ភាគរយ។ ក្នុងនោះ មានជាប់​និទ្ទេស A ចំនួន​១១នាក់ និង​និទ្ទេស B ៦៨ នាក់។

ប្រលង​បាក់ឌុប​លើកទី១​មានបេក្ខជន​ដែលបាន​ប្រព្រឹត្ត​ខុសឆ្គង​ក្នុងដំណើរ​ការប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យប្រលង​ថ្ងៃទី៤ សីហា ឆ្នាំ២០១៤​កន្លងមកនេះ សរុបចំនួន​២១នាក់​មកពី​រាជធានី ខេត្ត​ចំនួន៩ ក្នុងនោះ នៅខេត្ត​បាត់ដំបង​មានច្រើន​ជាងគេ។
យោងតាម​សេចក្តីជួន​ដំណឹងរបស់​ក្រសួងអប់រំ យុវជន និងកីឡា​ចុះថ្ងៃទី០៣​តុលា ដែលចុះ​ហត្ថលេខា​ដោយលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួងអប់រំ​យុវជន និងកីឡា បានឲ្យ​ដឹងថា បេក្ខជន​​ដែល​ប្រព្រឹត្ត​ខុសឆ្គង​នៅពេលប្រលង​ថ្ងៃទី០៤​សីហាកន្លង​មក​ មានចំនួន​២១នាក់​មកពី​រាជធានី ខេត្តចំនួន​៩ ក្នុងនោះ​ខេត្តបាត់ដំបង​មានចំនួន​៥នាក់បេក្ខជន អាចចូលរួម​ប្រលង​លើកទី២​មានតែម្នាក់​ទេ រីឯ៤នាក់​ទៀតហាម​មិនឲ្យ​ចូលរួម​ប្រលង​រយៈពេល​មួយឆ្នាំ។ខេត្តតាកែវ​ចំនួន៤នាក់​អាចប្រលង​លើកទី២​បាន។ រាជធានី​ភ្នំពេញ​មាន២នាក់​អាចប្រលង​លើកទី២​បាន។ ខេត្តកណ្តាល​មាន២នាក់​តែហាមមិន​ឲ្យចូលរួម​ប្រលង​រយៈពេល​២ឆ្នាំ។ ខេត្តក្រចេះ​មានម្នាក់​ប្រលងលើក​ទី២បាន​ខេត្តកំពត​ម្នាក់អាច​ប្រលងលើក​ទី២បាន​ ខេត្តកំពង់​ស្ពឺម្នាក់​ប្រលង​លើកទី២បាន ខេត្តស្វាយ​រៀងមាន​៣នាក់តែហាម​មិនឲ្យ​ចូលរួម​ប្រលង​រយៈពេល​២ឆ្នាំ និងខេត្ត​រតនគីរី​មាន២នាក់​ដកបេក្ខភាព​មិនឲ្យ​ប្រលង​តែម្តង៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative