ក្រសួងអប់រំ ផ្សព្វផ្សាយ​ឈ្មោះ​បេក្ខជន​ប្រព្រឹត្ត​ខុសឆ្គង​ប្រលង​បាក់ឌុប​ កាលពី​ថ្ងៃទី០៤​សីហា

ក្រសួងអប់រំ​ យុវជន និងកីឡា​បានធ្វើ​ការផ្សព្វផ្សាយ​បញ្ជីឈ្មោះ​បេក្ខជនដែល​បានប្រព្រឹត្ត​ខុសឆ្គង​ក្នុងដំណើរ​ការប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យប្រលង​ថ្ងៃទី៤ សីហា ឆ្នាំ២០១៤ កន្លង​មកនេះ សរុបចំនួន​២១នាក់​មកពី​រាជធានី ខេត្ត​ចំនួន៩​ក្នុងនោះ​នៅខេត្ត​បាត់ដំបង​មានច្រើន​ជាងគេ។ មាន​បេក្ខជន​២នាក់​ដកសិទ្ធ​ការប្រលង។

បក្ខជនម្នាក់នេះ​វាយ​សមាជិក​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​នៅពេល​ប្រលង​ត្រូវដកហូត​មិនឲ្យ​ប្រលង​ជាស្វ័យប្រវត្តិ

បក្ខជនម្នាក់នេះ​វាយ​សមាជិក​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​នៅពេល​ប្រលង​ត្រូវដកហូត​មិនឲ្យ​ប្រលង​ជាស្វ័យប្រវត្តិ

យោងតាម​សេចក្តីជួន​ដំនឹងរបស់​ក្រសួងអប់រំ យុវជន និងកីឡា​ចុះថ្ងៃទី​០៣តុលា ដែលចុះ​ហត្ថលេខា​ដោយលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យ​ដឹងថា​កន្លងមក​នៅក្នុង​ដំណើរការ​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិ​ភូមិសម័យ​ប្រលង​ថ្ងៃទី០៤សីហា ឆ្នាំ២០១៤ មានបេក្ខជន​មួយចំនួន​បានប្រព្រឹត្ត​ខុសឆ្គង រួមមានបន្លំ​បេក្ខភាព​ឲ្យអ្នកដ៏ទៃ​មកប្រលង​ជំនួស ប្តូរលេខ​តុគ្នា និងប្រើប្រាស់​ទូរស័ព្ទដៃ​ក្នុងពេល​ប្រលង​ដែលទង្វើនេះ វាផ្ទុយទៅ​នឹងបទបញ្ញត្តិ​នៃការប្រលង ហើយក្រសួង​បានដាក់​កំរិតវិន័យ​រួចហើយដែរ។

ចំពោះ​បញ្ជីឈ្មោះ​បេក្ខជន​ដែលប្រព្រឹត្ត​ខុសឆ្គង​ដែលចេញ​ផ្សាយដោយ​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះទូទៅ​ចុះថ្ងៃទី​០៣តុលា​បានឲ្យ​ដឹងដែរថា បេក្ខជន​ដែលប្រព្រឹត្ត​ខុសឆ្គង​នៅពេល​ប្រលងថ្ងៃ​ទី០៤សីហា កន្លងមក​ មានចំនួន​២១នាក់​មកពី​រាជធានី ខេត្ត​ចំនួន៩​ ក្នុងនោះ ខេត្តបាត់​ដំបងមាន​ចំនួន៥នាក់​ បេក្ខជន​អាចចូល​រួមប្រលង​លើកទី២ មានតែ​ម្នាក់ទេ រីឯ៤​នាក់ទៀត​ហាមមិន​ឲ្យចូលរួម​ប្រលង​រយៈពេល​មួយឆ្នាំ។ ខេត្តតាកែវ​ចំនួន៤នាក់​អាចប្រលង​លើកទី២​បាន។ រាជធានី​ភ្នំពេញមាន​២នាក់​អាចប្រលង​លើកទី២​បាន។ ខេត្តកណ្តាល​មាន២នាក់​តែហាម​មិនឲ្យ​ចូលរួម​ប្រលង​រយៈពេល​២ឆ្នាំ។ ខេត្ត​ក្រចេះ​មានម្នាក់​ប្រលង​លើកទី២​បានខេត្ត​កំពតម្នាក់​អាចប្រលង​លើកទី២បាន ខេត្តកំពង់ស្ពឺ​ម្នាក់ប្រលង​លើកទី២​បានខេត្ត​ស្វាយរៀង មាន៣នាក់​តែហាម​មិនឲ្យ​ចូលរួម​ប្រលង​រយៈពេល​២ឆ្នាំ និងខេត្តរតនគីរីមាន២នាក់ដកបេក្ខភាពមិនឲ្យប្រលងតែម្តង។

បេក្ខជន​ដែលប្រព្រឹត្ត​ខុសឆ្គង​នៅពេល​ប្រលង​ខាងលើ​អាចមាន​សិទ្ធប្រលង​លើកទី២​នៅថ្ងៃទី​១៣តុលា​ខាងមុខនេះ បានដោយសារ​តែពួកគេ​បានប្រព្រឹត្ត​ប្រើប្រាស់​ទូរស័ព្ទ​នៅពេល​ប្រលង រីឯបេក្ខជន​ដែលហាម​មិនឲ្យ​ប្រលង​រយៈពេល១ឆ្នាំ​បានប្រព្រឹត្ត​ខុសដោយសារ​ប្តូរលេខ​តុគ្នា។ចំពោះបេក្ខជន​ហាម​ប្រលង​រយៈពេល​២ឆ្នាំ​ប្រព្រឹត្ត​ខុសដោយសារ​ចូលរួម​ប្រលង​ជំនួសគេ។ បេក្ខជន​ដែលដក​ហូតហាម​មិនឲ្យ​ប្រលង​ដោយសារ​តែបេក្ខជន​នោះបាន​បន្លំ​បេក្ខភាព។

នៅក្នុង​សេចក្តី​ជួនដំណឹង​ដដែលនោះ លោករដ្ឋ​មន្ត្រីក្រសួង​អប់រំបាន​ណែនាំឲ្យ​មន្ទីរអប់រំ​ដែលពាក់ព័ន្ធ​ផ្សព្វផ្សាយ​បញ្ជីឈ្មោះ​បេក្ខជនដែល​ប្រព្រឹត្ត​ខុសឆ្គង​តាមការ​គួរផង។ ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតុយភូមិ ឬបាក់​ឌុបលើក​ទី២ដែល​នឹងប្រព្រឹត្តិ​ទៅនៅថ្ងៃ​ទី១៣ ខែតុលា​ខាងមុខនេះ​ក្រសួងអប់រំ​ យុវជន និងកីឡា បាន​កំណត់​មណ្ឌល​ប្រលង​ចំនួន១២៧ មណ្ឌលចែក​ចេញជា​២៦៧៣បន្ទប់៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative