មូលនិធិ​សាកល​ផ្តល់​ថវិកា​ចំនួន​១៥.៦លាន​ដុល្លារ​ដល់​កម្មវិធី​ជាតិ​កំចាត់​រោគ​របេង

ដោយសារ​មើលឃើញ​ភាពជោគជ័យ​នៃកម្មវិធី​ជាតិ​កំចាត់​រោគរបេង មូលនិធិ​សាកល​ កាលពីពេល​ថ្មីៗនេះ បានសម្រេច​ផ្តល់ទឹក​ប្រាក់​ចំនួន១៥.៦​លាន​ដុល្លារ​ដល់​កម្មវិធី​ជាតិកំចាត់​រោគរបេង សំរាប់​ប្រើប្រាស់​ក្នុងរយៈ​ពេលបីឆ្នាំ​ខាងមុខ។

រូបភាព សហការី

រូបភាព សហការី

លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង ប្រធាន​មជ្ឈមណ្ឌល​ជាតិកំចាត់​រោគរបេង នៃក្រសួង​សុខាភិបាល បានមាន​ប្រសាសន៍​ឲ្យ គេហទំព័រ​សុខភាពកម្ពុជា ដឹង​កាល​ពីសប្តាហ៍​មុនថា មូលនិធិ​សាកល​បានសម្រេច​ផ្តល់ថវិកា​ចំនួន​១៥.៦​លានដុល្លារ​អាមេរិក សម្រាប់​ប្រើប្រាស់​ក្នុងកម្មវិធី​ជាតិកំចាត់​រោគរបេង សម្រាប់​រយៈពេល​បីឆ្នាំ ដោយចាប់​ផ្តើមពី​ឆ្នាំ២០១៥​ដល់ឆ្នាំ​២០១៧​ខាងមុខ។ លោកបន្ត​ថា មូលនិធិ​សាកល​ជាដៃគូ​ផ្តល់ជំនួយ​ធំជាងគេ សម្រាប់​កម្មវិធី​ជាតិ​កំចាត់​រោគរបេង​ និងមាន​ដៃគូ​អភិវឌ្ឈន៍​មួយចំនួន​ទៀត បាន និង​កំពុង​ផ្តល់ជំនួយ​ដល់កម្មវិធី​ជាតិកំចាត់​រោគរបេង ដូចជា​អង្គការ USAID, US/​CDC, WHO, MSF, និង​អង្គការ JICA។

លោកបន្ត​ថា “មូលនិធិនេះ​អាចសម​ល្មមសម្រាប់​ប្រើប្រាស់ ក្នុងការ​ស្រាវជ្រាវ ព្យាបាល និងការ​ដំណើរការ​របស់កម្មវិធី​ជាតិទាំងមូល​ក្នុងរយៈ​ពេលនេះ”។លោកបន្ថែម​ថា “ថវិកា​ទាំងអស់នេះ ក៏នឹង​ត្រូវចែកចាយ​ដល់អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន១០ ដែលជា​ដៃគូរបស់​កម្មវិធីជាតិ​កំចាត់​រោគរបេង ហើយពួកគេ​បាននិង​កំពុងធ្វើ​ការងារ​កំចាត់រោគ​របេង​ផងដែរ”។

លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង បានបន្ត​ឲ្យដឹង​ទៀតថា កម្មវិធី​ជាតិ​កំចាត់​រោគ​របេង នឹងប្រើប្រាស់​ថវិកា​ទាំងអស់នេះ ដើម្បី​ដំណើរការ​សេវាពិនិត្យ ព្យាបាល​​ជំងឺរបេង​ចំនួន១៣១៤​កន្លែង​ទូទាំង​ប្រទេស ពង្រីកសេវា​ធ្វើរោគ​វិនិច្ឆ័យ និងពង្រីក​ការដាក់​នូវម៉ាស៊ីន​ស្រាវជ្រាវ ជំងឺរបេង​ឆាប់រហ័ស (G Expert) ពង្រីកការ​ស្រាវជំងឺ​របេងតាម​សហគមន៍ និងធានា​ឲ្យមាន​នូវគ្រាប់ថ្នាំ និងបរិក្ខា​គ្រប់គ្រាន់​សម្រាប់ដំណើរ​ការកម្មវិធី​ជាតិកំចាត់​រោគរបេង។

ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំកន្លង​មកនេះ កម្មវិធីជាតិ​កំចាត់រោគ​របេងបាន​ទទួល​ជោគជ័យ​យ៉ាងធំធេង​ក្នុងការ​ធ្វើឲ្យថយចុះ​នូវការឆ្លង​ជំងឺថ្មី និងថយចុះ​នូវអត្រា​ស្លាប់ដោយសារ​ជំងឺរបេង​ប្រមាណ​៥ភាគរយ​ប្រចាំឆ្នាំ។ ដោយទទួល​ស្គាល់ពី​ភាពជោគជ័យ​នេះទើប​កាលពី​ពេលថ្មីៗនេះ អង្គការចៃកា​មានមូលដ្ឋាន​នៅ​ប្រទេស ជប៉ុនបាន​សម្រេច​ប្រគល់​ពានរង្វាន់​ដល់កម្មវិធី​ជាតិកំចាត់​រោគរបេង ដែលការ​ប្រគល់ពាន​រង្វាន់នេះ​នឹងធ្វើទ្បើង​នៅក្រុង​ភ្នំពេញ​ក្នុងពេល​ឆាប់ៗ​នេះ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative