កាកបាទ​ក្រហម​កម្ពុជា​សហការ​ជាមួយ​សាលា​រាជធានី​ រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម និង​ផ្សព្វផ្សាយ​ចំណេះដឹង​សង្គ្រោះ​បឋម

សមាជិក​កាកបាទ​ក្រហម​កម្ពុជា និងបុគ្គលិក​មន្ត្រីរាជការ​នៃសាលា​រាជធានី​ភ្នំពេញ​ប្រមាណ ៨០០នាក់ បានសហការ​ជាមួយមជ្ឈ​មណ្ឌលជាតិ​ផ្តល់ឈាម នៅព្រឹក​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៤ បានប្រារព្ធ​ពិធីបរិចាគ្គ​ឈាមដោយ​ស្មគ្រ័ចិត្ត ក្រោម​ប្រធានបទ «រៀនវិជ្ជា​សង្គ្រោះបឋម គឺជា​វីរៈជន» ដែលកម្មវិធី​នេះ​ប្រព្រឹត្ត​ឡើងនៅ​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ ​ដោយមាន​ការឧបត្ថម្ភ​គាំទ្រពី​ក្រុមហ៊ុន​ទឹកពិសា វីតាល់។

រូបភាព សហការី

រូបភាព សហការី

កម្មវិធី​ផ្តល់​ឈាមនេះ​​ប្រារព្ធឡើង​យ៉ាងអធិក​អាធមដោយ​មាន​ការអញ្ជើញ​ចូលជា​អធិបតីយ​ភាព លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ និងលោក Takeru Fukawa ប្រត្តិភូ​កាកបាទក្រហម​ប្រទេសជប៉ុន។ នេះគឺជា​​លើកទីពីរ​ហើយដែល​កាកបាទ​ក្រហម​កម្ពុជាប្រារព្ធ​ពិធីបរិច្ចាគ្គ​ឈាមដោយ​ស្ម័គ្រចិត្ត បន្ទាប់ពី​ទទួលបាន​ភាពជោគជ័យ​ក្នុងការប្រមូល​ប្លោកឈាម​សប្បុរស​រហូតដល់ ទៅជាង​១០០ប្លោក​កាលពី​ខែវិច្ឆកា ឆ្នាំមុន។

លោក ឆេ យ៉ត មន្ត្រី​គម្រោង​សង្គ្រោះ​បឋម និងជា​អ្នកសម្រប​សម្រួល​កម្មវិធី​ បានឲ្យ​ដឹងថា ក្នុងកម្មវិធី​ឆ្នាំនេះ អ្នកចូលរួម​ទាំងឡាយ មិនត្រឹម​តែចំនេះ​ដឹង​ស្តីពី​ការបរិច្ចាគ​ឈាម ដោយ​សុវត្ថិភាព​នោះទេ ពួកគេក៏​នឹងទទួល​បានផងដែរ​នូវចំណេះ​ដឹងមួយចំនួន​ទាក់ទងនឹង​អត្ថប្រយោជន៍​នៃវិជ្ជា​សង្គ្រោះបឋម​ផងដែរ។ កម្មវិធី​បរិច្ចាគ​ឈាមលើក​នេះ គឺរំពឹង​ថាអាចនឹង​ទទួលបាន ឈាមសប្បុរស​ច្រើនជាង​មុន ៤ដង (យ៉ាងតិច​៤០០ប្លោក) ដើម្បីផ្គត់ផ្គង់​ដល់តម្រូវ​ការឈាម​ដែលកំពុង​តែមាន​ការខ្វះខាត។

រូបភាព សហការី

រូបភាព សហការី

ឆ្លៀតក្នុង​ឱកាសនេះ​ផងដែរ លោកអភិបាល​រាជធានី ប៉ា សុជាតិវង្ស បាន​សម្តែង នូវអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់មន្ត្រី​សាលារាជធានី​ ជាពិសេស​សមាជិក​កាកបាទ​ក្រហម​ទាំងអស់ ដែលមាន​ចិត្តសប្បុរស​ធម៌ក្នុងការ​ផ្តល់ឈាម រួមទាំង​បានចែក​រំលែកនូវ​ចំនេះដឹង​ដ៏មានសារៈ​សំខាន់ទាក់ទង​នឹង​ចំនេះដឹង​សង្គ្រោះ​បឋម។ លោក ក៏បានថ្លែង​អំណរគុណ​ផងដែរ​ចំពោះមជ្ឈមណ្ឌល​ជាតិផ្តល់ឈាម ដែលតែងតែ​ខ្នះខ្នែង​ផ្សព្វផ្សាយ និងប្រមូល​ឈាម​សប្បុរស​គ្រប់ទី​កន្លែង​ដើម្បីបំពេញ​បន្ថែមដល់​តម្រូវការ​ឈាមជា​ចាំបាច់​ទូទាំង​ប្រទេស។ លោកអភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​ប្តេជ្ញាចិត្ត​ក្នុងការបន្ត​គាំទ្រដល់​កម្មវិធី​បរិច្ចាគឈាម​នេះជាបន្ត​បន្ទាប់ជារៀង​រាល់ឆ្នាំ។

លោក​វេជ្ជបណ្ឌិត ហុក គឹមចេង ប្រធាន​មជ្ឈមណ្ឌល​ជាតិផ្តល់ឈាម បានឲ្យ​ដឹងដែរថា ការបរិច្ចាគ​ឈាម ជូនមជ្ឈ​មណ្ឌលជាតិ ផ្តល់ឈាម នៅរាជធានី ភ្នំពេញ ពិតជា​បានជួយ​សង្រ្គោះដល់​ជនរងគ្រោះ អ្នកជម្ងឺ​ទាំងអស់​នៅទូទាំង​ប្រទេស ដោយហេតុថា ឈាមដែល​បានផ្គត់ផ្គង់ ពីមជ្ឈ​មណ្ឌលជាតិ​ផ្តល់​ឈាម មានរហូត​ដល់៦០% នៃការផ្គត់ផ្គង់​នៅទូទាំង​ប្រទេស ហើយបងប្អូន​ប្រជាពលរដ្ឋ មួយចំនួន​ធំបាន បញ្ជូនមក​ធ្វើការ​ព្យាបាល នៅរាជធានី​ភ្នំពេញ។ ដូច្នេះ រាជធានី ភ្នំពេញ ពិតជាមាន​មោទនភាព ក្នុងជួយ​សង្រ្គោះ ទាំងការជួយ​សង្រ្គោះបឋម និង​ការជួយ​សង្រ្គោះ តាមការចាក់​បញ្ចូលឈាម។

លោក ហុក គឹមចេង បានឲ្យ​ដឹងថា ឈាមប្រមាណ​១៥០ប្លោក ត្រូវការ​សង្រ្គោះ​ជីវិត អ្នកជំងឺ​ជារៀង​រាល់ថ្ងៃ។
ដើម្បីលើក​ទឹកចិត្ត​ដល់សកម្មភាព​មនុស្សធម៌​ក្នុងសង្គម និង​សប្បុរសជន ដែលបាន​ផ្តល់ឈាម​ដោយស្ម័គ្រ ក្រុមហ៊ុន​ទឹកពិសា វីតាល់បាន​ផ្គត់ផ្គង់​ទឹកវីតាល់ ចំនួន៦ដប​ រួមជាមួយ​នឹងថង់យួរ​ដ៏ស្រស់​ស្អាតមួយ សម្រាប់អ្នក​ផ្តល់ឈាម​ទាំងអស់ បន្ថែម​ពីលើ ការឧបត្ថម្ភ​ទឹកវីតាល់​ក្នុងការ​ប្រើប្រាស់​ក្នុងកម្មវិធី​ទាំងមូល។
លោក ជុងហៀង ថាវសិទ្ធិ នាយក​ផ្នែកទីផ្សារ នៃក្រុមហ៊ុន​អិនវីស៊ី ខបភើរេសិន បានមាន​ប្រសាសន៍ថា ក្រុមហ៊ុន វីតាល់​បានសហការ និង ឧបត្ថម្ភ​ដល់មជ្ឈ​មណ្ឌលជាតិ ផ្តល់ឈាម​ជាច្រើនឆ្នាំ​មកហើយ​ដោយ​ផ្អែកលើ មូលនិធិ​២៥៛ របស់​វីតាល់៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative