ស្ថានទួត​សហរដ្ឋ​អាមេរិក​ជួយ​សាងសង់​បង្គន់​អនាម័យ​ដល់សិស្ស​នៅខេត្ត​ព្រះ​សីហនុ

ដោយមើល​ឃើញពី​ការលំបាក់​របស់សិស្សានិសិស្ស​ដែលមិនមាន​បង្គន់អនាម័យ​ប្រើប្រាស់នោះ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំនៅ​កម្ពុជា​បានជួយ​សាងសង់ បង្គន់​អនាម័យ​មួយខ្នង​ស្មើនឹង ០៥ ដល់​សិស្សានុសិស្ស​សាលាបឋម​សិក្សា​សម្ដេច ជា ស៊ីម ស្ថិតក្នុង​សង្កាត់​លេខ ២ ក្រុង​ព្រះសីហនុ ។

រូបភាព​ សហការី

រូបភាព​ សហការី

លោក ម៉ៃ ក្ខៃក្ខា (MIKE GUAIGUA) តំណាង​ស្ថានទូត​អាមេរិក ប្រចាំ​នៅកម្ពុជា បានអោយ​ដឹងថា បង្គន់អនាម័យ​មួយខ្នង​មាន ៥បន្ទប់ បំពាក់ដោយ​សម្ភារៈ និងស៊ីទែន​ទឹកចំណុះ ២០០០លីត្រ ចំនួន១ ចំណាយ​ថវិកា​អស់ចំនួន ២ម៉ឺន​ដុល្លារ​អាមេរិក បានចាប់ផ្ដើម​សាងសង់​កាលពីនៅ​ថ្ងៃទី១៤ ខែសីហា និង បញ្ចប់នៅ​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ ។ បង្គន់​អនាម័យនេះ​សាងសង់​ជាលើក​ទី១ ក្នុង​បេសកកម្ម​រយៈពេល ៦ខែ របស់ក្រុម​វិស្វកម្ម​កងទ័ពជើង​ទឹក​សហរដ្ឋ​អាមេរិក N.M.C.B លេខ ៤ នៅក្នុង​ប្រទេស​កម្ពុជា ។

លោក អ៊ឹង នីបុណ្ណា អនុប្រធាន​មន្ទីរអប់រំ​យុវជន និងកីឡា​ខេត្ត​ព្រះសីហនុ បានមាន​ប្រសាសន៏​ថ្លែងអំណរ​គុណចំពោះ​ស្ថានទូត​សហរដ្ឋ​អាមេរិក និង​កង​វិស្វកម្ម​កងទ័ពជើង​ទឹកសហរដ្ឋ​អាមេរិក​ដែលបានជួយឧបត្ថម្ភ​សាងសង់ នូវបង្គន់​អនាម័យ​មួយខ្នង ស្មើនឹង ០៥បន្ទប់​ក្នុងសាលា​បឋមសិក្សា​សម្ដេច​ជា ស៊ីម ដែលបានដាក់​សម្ពោធអោយ​ប្រើប្រាស់ នៅពេលនេះ​គឺពិតជា​មានអត្ថ​ប្រយោជន៏ និងមានតម្លៃ​ក្នុងការជួយ​ថែរក្សា​អនាម័យ និងថែទាំ​សុខុមាល​ភាពដល់​ក្មួយៗ សិស្សានុសិស្ស ក៏ដូចជាការ​កែលំអ​បរិស្ថាន​របស់សាលា​បឋមសិក្សា​សម្ដេច ជា ស៊ីម ផងដែរ ។

លោកក៏បាន​បន្តទៀតថា សមិទ្ធផល​ថ្មីនេះ គឺពិតជា​មានលក្ខណៈ​រឹងមាំ ពិសេសដែល​ជាការចូលរួម​វិភាគទាន​ដ៏សំខាន់​ក្នុងការរួម​ចំណែក​អភិវឌ្ឍន៏ វិស័យអប់រំ បណ្ដុះបណ្ដាល​ធនធានមនុស្ស​អោយកាន់​តែប្រសើរ ស្របតាម​ខ្លឹមសាររបស់​រដ្ឋធម្មនុញ្ញ​នៃព្រះរាជា​ណាចក្រ​កម្ពុជា ក៏ដូចជា​គោលនយោបាយ និង ផែនការ​យុទ្ធសាស្ត្រ​ចតុកោណរបស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការកាត់​បន្ថយភាព​ក្រីក្រ របស់​ប្រជាពលរដ្ឋ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative