UHS កំពុង​បង្កើត​បណ្តាញ​ការសិក្សា​ស្រាវជ្រាវ​គ្លីនិក​កម្ពុជា

ក្នុងគោលដៅ​ពង្រីកការ​ស្រាវជ្រាវ និង​ពង្រឹងការ​បណ្តុះបណ្តាល​ធនធានម​នុស្ស សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល (UHS) បាននិង​កំពុងរៀបចំ​បណ្តាញ​ការសិក្សា​ស្រាវជ្រាវ​គ្លីនិកនៅ​កម្ពុជា ដើម្បី​ពង្រឹង​ការបណ្តុះ​បណ្តាល​ និងព្យាបាល​ជំងឺនៅ​កម្ពុជា។

លោកសាស្រ្តាចារ្យ សាផុន វឌ្ឈនៈ

លោកសាស្រ្តាចារ្យ សាផុន វឌ្ឈនៈ

លោកសាស្រ្តាចារ្យ សាផុន វឌ្ឈនៈ សាកលវិទ្យាធិការ​នៃសាកល​វិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល បានមាន​ប្រសាសន៍​ឲ្យគេហទំព័រ​សុខភាពកម្ពុជា​ដឹងកាល​ពី​ព្រឹក​ថ្ងៃទី៤ តុលានេះ ថា សាកលវិទ្យាល័យ​គ្រោងនឹង​បង្កើត និងដាក់​ឲ្យដំណើរ​ការបណ្តាញ​ការសិក្សា​ស្រាវជ្រាវ​គ្លីនិកនៅ​កម្ពុជា នៅដើម​ឆ្នាំ២០១៥​ខាងមុខ​នេះ។ សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល នឹងសុំការ​សហការ​ជាមួយ​មន្ទីរពេទ្យ​ជាតិធំៗ ដើម្បីធ្វើ​ការងារនេះ​ឲ្យទទួល​បានជោគ​ជ័យ។ លោក​បន្តថា ស្ថានទូត​បារាំងប្រចាំ​កម្ពុជាបាន​ចេញមុខ​ជួយការងារ​នេះមុនគេ ប៉ុន្តែយើង​ត្រូវការដៃគូ​ជាច្រើនទៀត​ដើម្បីជួយ​ការងារនេះ ព្រោះយើង​កំពុង​ខ្វះខាត​ទាំង​ធនធាន​មនុស្ស និងធនធាន​ថវិកា។

លោកបន្តថា “ការបង្កើត​បណ្តាញការ​សិក្សាស្រាវជ្រាវ​គ្លីនិកនៅ​កម្ពុជា វាមាន​ប្រយោជន៍​ណាស់ សម្រាប់បណ្តុះ​បណ្តាល​និស្សិត​ឲ្យមាន​ជំនាញ​ស្រាវជ្រាវ និង​ព្យាបាល​ជំងឺ ហើយលទ្ឋផល​ទទួលបាន​ពីការស្រាវ​ជ្រាវនានា នឹងអាច​ជួយតំរង់​ទិស​សម្រាប់កំណត់​គោលការណ៍​ព្យាបាលជំងឺ”។ លោក​បន្តថា “យើង​នឹងខិតខំ​កសាង​បណ្តាញនេះ​ឲ្យបាន​នៅដើម​ឆ្នាំ២០១៥ ព្រោះការ​បង្កើត​បណ្តាញនេះ​ក៏ស្ថិតក្នុង​ផែនការ​អភិវឌ្ឈន៍​សាកលវិទ្យាល័យ​សម្រាប់​រយៈពេល​៥ឆ្នាំ​ខាងមុខ”។

លោកសាស្រ្តាចារ្យ សាផុន វឌ្ឈនៈ បានបន្ត​ឲ្យដឹងថា ដោយសារ​យើងខ្វះខាត​ធនធាន​មនុស្សស្ថាន​ទូតបារាំង នឹងជួយ​បញ្ជូនមន្រ្តី​របស់យើង​២រូបចេញ​ទៅ
ធ្វើការ​សិក្សា​នៅប្រទេស​បារាំង​រយៈពេល​ពីរខែ ហើយពួកគេ​នឹងចេញ​ដំណើរ​នៅខែធ្នូ​ឆ្នាំ២០១៤នេះ។ លោកបន្ត​ថាយើងត្រូវ​ការធនធាន​មនុស្ស និងដៃគូ​ផ្តល់ជំនួយ​ជាច្រើនទៀត ដើម្បីធ្វើ​ការងារនេះ ឲ្យបាន​ជោគជ័យ​តាមរយៈការ​គាំទ្រជា​ថវិកា និងធនធាន​មនុស្ស។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានមាន​ប្រសាសន៍​ក្នុពិធីផ្សព្វ​ផ្សាយឯកសារ​ផែនការ​អភិវឌ្ឈន៍​សាកលវិទ្យាល័យ វិទ្យាសាស្រ្ត​សុខាភិបាល​កាលពី​ពេល​ថ្មីៗ​នេះថា សាកលវិទ្យាល័យ​ដើរតួនាទី​សំខាន់​ណាស់ ក្នុងការ​ស្រាវជ្រាវ​ផ្នែកវេជ្ជសាស្រ្ត និង​សង្គម ព្រោះ​របកគំហើញ​ថ្មីៗនៅលើ​ពិភពលោក​បច្ចុប្បន្ន​ចេញពី​សាកលវិទ្យាល័យ។ លោកបន្ត​ថា របកគំហើញ​ផ្នែកវេជ្ជសាស្រ្ត ឬសង្គម​ថ្មីៗ នឹងអាច​ប្រើប្រាស់ជាទុន​ឬផែនការ​អភិវឌ្ឈន៍​ជាតិ និង​អន្តរជាតិ ហេតុ​នេះ​សូមលោក​សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិត ចូលរួម​សហការ​ជាមួយថ្នាក់​ដឹកនាំ​សាកលវិទ្យាល័យ ដើម្បីទទួល​បានជោគជ័យ​លើការងារ​នេះ។

លោកបន្ត​ថា “បច្ចុប្បន្ន​ការស្រាវជ្រាវ​ផ្នែកអេពីដេមី​សាស្រ្ត និងផ្នែក​សង្គម មិនសូវ​មានអ្នក​ចូលចិត្តទេ ប៉ុន្តែ​នៅពេលណា​មួយពួកគេ​នឹងចាប់​អារម្មណ៍​ធ្វើ​ការងារ​នេះ នៅពេល​មានតម្រូវ​ការទីផ្សារ​ខ្ពស់។ បច្ចុប្បន្ន​ការងារនេះ​មិនសូវមាន​ទីផ្សារ ក៏មិនសូវ​មានអ្នក​ពេញចិត្ត​ធ្វើ យើងមិនអាច​បន្ទោសពួកគេ​បាន​នោះទេ”៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative