៩ខែ​ដើមឆ្នាំនេះ គ្រោះថ្នាក់​ចរាចរណ៍​សំលាប់​មនុស្ស​១៦៣០​នាក់ កើន៨,៦%

លោកឧត្តម​សេនីយ៍ឯក ឆាយ គឹមខឿន ប្រធាន​សេនាធិការ​របស់អគ្គ​ស្នងការ​ដ្ឋាននគរបាល​ជាតិ បានឲ្យ​ដឹងថា ៩ខែ​ឆ្នាំ២០១៤ បទល្មើស​​ព្រហ្មទណ្ឌ​កើនឡើង​​១ភាគរយ, បទល្មើស​មជ្ឈឹមកើន ៨ ភាគរយ, ចំណែក​បទល្មើស​ឧក្រិដ្ឋ ថយចុះ ១៥ ភាគរយ ។

រូបភាព សហការី

រូបភាព សហការី

ក្នុងចំណោម​បទល្មើស​ទាំងអស់ ៧៣ ភាគរយ ត្រូវបាន​បង្រ្កាប ស្មើនឹង ១.៥៨២​ករណី ឃាត់ខ្លួន​បានមនុស្ស ២.៣៦៤ នាក់ ។ ដោយឡែក​គ្រោះថ្នាក់​ចរាចណ៍​​កើនឡើង​១០ ភាគរយ ស្មើនឹង ៣.៦៣៨ ករណី មនុស្ស​ស្លាប់កើន ៨,៦ ភាគរយ ស្មើនឹង​១.៦៣០នាក់ ស្មើនឹង​លើក្រោម ៦នាក់ ក្នុងមួយថ្ងៃ។ រីឯ គ្រោះ​អគ្គីភ័យ​ថយចុះ ១០ ភាគរយ​ស្មើ ៤៣០ ករណី ។

លោកឧត្តម​សេនីយ៍ឯក បានមាន​ប្រសាសន៍​បែបនេះ កាលពីព្រឹក​ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៤ នៅអគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ នៅក្នុង​កិច្ចប្រជុំ​បើក​ទូលាយ ដើម្បី​ត្រួតពិនិត្យ​វាយតម្លៃ​ការងារគ្រប់​ផ្នែកក្នុង​រយៈពេល៩ខែ​ឆ្នាំ២០១៤ របស់​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ ក្រោម​អធិបតីភាព លោកនាយ​ឧត្តម​សេនីយ៍ នេត សាវឿន អគ្គស្នង​ការនគរបាល​ជាតិ ។

លោកនាយ​ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ បានមាន​ប្រសាសន៍ ថា ដើម្បី​គ្រប់គ្រង​ការងារឲ្យ​បានល្អគ្រប់​នាយកដ្ឋាន អង្គភាព និង​ស្នងការ​ដ្ឋានរាជ​ធានី ខេត្ត ត្រូវរៀបចំ​ផែនការការងារ​ប្រចាំខែ ឆមាស និង​លើកទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ពេលខាងមុខ ប្រយោជន៍​ដើម្បីឲ្យ​គ្រប់នាយក​ដ្ឋាន​អង្គភាព​​ទាំងអស់ ដំណើរការ​ទៅបានល្អ​ប្រសើរ ប៉ុន្តែក៏​មិនត្រូវភ្លេច​ពីបញ្ហា​វិន័យ និង​សីលធ៌ម របស់កង​កម្លាំង​ផងដែរ ។

ជាមួយនឹង​ការលើក​ឡើងបែបនេះ លោកនាយ​ឧត្តមសេនីយ៍​ក៏បាន​ណែនាំឲ្យ​គ្រប់អង្គភាព​ទាំងអស់ ពិសេស​ស្នងការ​នគរបាល​រាជធានី ខេត្ត ត្រូវដាក់​បញ្ចូល​ក្នុង​របាយការណ៍​នូវគ្រប់​បញ្ហា​ដែលកើត​ឡើង និង​បញ្ហាប្រឈម​នានា ដែលអង្គភាព​របស់ខ្លួន​ជួបប្រទះ ។ ទន្ទឹមនឹង​នោះក៏ត្រូវ​ក្តាប់ឲ្យបាន​ផងដែរ​នូវបញ្ហា​អសកម្ម​មួយចំនួន​របស់មន្រ្តី​ក្រោម​ឱវាទ និង​ជាពិសេស​លុបបំបាត់​ឲ្យបាននូវ​ការិយាល័យ​ធិបតេយ្យ ត្រូវមាន​ការប្រជុំ​ផ្ទៃក្នុង ពិគ្រោះ​យោបល់ ស្តាប់​យោបល់​ថ្នាក់ក្រោម ស្តាប់យោបល់​មន្រ្តីជំនាញ មានផែនការ​កសាង​អង្គភាព និង​កសាង​ធនធាន​មនុស្ស​ច្បាស់លាស់ ៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative