ក្រុងក្រចេះ​ឃាត់មនុស្ស​​៦៦នាក់ ពាក់ព័ន្ឋ​ករណី​គ្រឿងញៀន ក្នុងរយៈ​ពេល​៩ខែ

ក្នុងរយៈពេល​៩ខែឆ្នាំ​២០១៤នេះ អធិការក្រុង​ក្រចេះបាន​ចុះបង្រ្កាប​សកម្មភាព​ការប្រើប្រាស់ និងចែកចាយ​គ្រឿងញៀន​ក្នុងក្រុង បានចំនួន ១៩លើក ក្នុងនោះ ឃាត់ខ្លួន​មនុស្ស​ចំនួន​៦៦នាក់ ស្រី១១​នាក់ និង​ថ្នាំញៀន ប្រភេទ​ម្សៅ​ពណ៌ស ដែលមាន​សារធាតុ​ញៀន​ប្រភេទ​មេតំហ្វេតាម៉ីន​មួយចំនួន​ធំទៀត។

រូបភាព សហការី

រូបភាព សហការី

លោកវរៈសេនីយ៍ត្រី អ៊រ សំអាង អធិការ​ក្រុងក្រចេះ បានឲ្យដឹង​នៅក្នុង​សន្និសិទ​កាសែតមួយ កាលពី​ថ្ងៃទី៣ ខែ​តុលាថា ទន្ទឹមនឹង​នេះដែរ​ក្រុងក្រចេះ​ទទួលបាន​លទ្ឋផលខ្ពស់​ជាងបណ្តា​ស្រុកទាំង​៥ផ្សេងទៀត​ក្នុងខេត្ត​ក្រចេះ លើករណី​បង្រ្កាប​ការចែកចាយ និងប្រើប្រាស់​គ្រឿងញៀន ។

យោងតាម​របាយការណ៍​ដែលបង្ហាញ​ដោយលោក​វរៈសេនីយ៍ត្រី អ៊រ សំអាង ឲ្យដឹងថា ក្នុងចំណោម​ជនសង្ស័យ​ប្រុសស្រី​ទាំងនេះ រួមទាំង​វត្ថុតាង​ថ្នាំញៀន​មួយចំនួនធំ ដែលបង្រ្កាប រឹបអូស​បានគឺ​ត្រូវនគរបាល​នៃអធិការ​ក្រុងក្រចេះ​បានកសាង​សំណុំរឿង​បញ្ជូន ទៅកាន់​សាលាដំបូង​ខេត្តរួចរាល់​អស់ទៅ​ហើយដែរ។

ជុំវិញ​ប្រតិបត្តិការ បង្រ្កាប​មុខសញ្ញា​ចែកចាយ និងប្រើប្រាស់​គ្រឿងញៀន​នេះ លោកវរៈ​សេនីយ៍ត្រី អ៊រ សំអាង បានបញ្ជាក់ថា ប្រតិបត្តការ​ថ្មីមួយទៀត គឺជនសង្ស័យ​ចំនួន៤នាក់ ជាមុខ​សញ្ញា​ជួញដូរ និងប្រើប្រាស់​សារធាតុ​ញៀនខុស​ច្បាប់គឺ ត្រូវបាន​កម្លាំង​នគរបាល​ចាប់ឃាត់ខ្លួន​បានជាបន្ត​បន្ទាប់​កាលពី​ថ្ងៃទី២ តុលា នៅកន្លែង​ផ្សេគ្នា ក្នុងសង្កាត់​អូរឬស្សី ក្រុងក្រចេះ។ ការចុះចាប់​ឃាត់ខ្លួន​ជនជាមុខសញ្ញា​លើករណី​ជួញដូរ និងប្រើប្រាស់​គ្រឿងញៀន​នេះ គឺមានការ​ដឹកនាំ​បញ្ជា​ផ្ទាល់ពី​សំណាក់​លោក ធុច បញ្ចសន្តិភាព ព្រះរាជ​អាជ្ញារង​អមសាលា​ដំបុងខេត្ត។ ក្នុងនោះដែរ សមត្ថកិច្ច​បានឆែកឆេរ រកឃើញ​ថ្នាំញៀន​ប្រភេទម្សៅ​ពណ៌សរ មានចំនួន​៤កញ្ចប់ធំ និង១​កញ្ចប់តូច មានបរិមាណ ជាង១៣​ក្រាម។

គ្រឿងញៀន គឺជាជា​សារធាតុ​ដែលធ្វើឲ្យ​ប៉ះពាល់យ៉ាង​ធ្ងន់ធ្ងរដល់​សុខភាព​របស់យើង។ ពួកវាអាច​ផ្ដល់ផល​អាក្រក់យ៉ាង​ធ្ងន់ធ្ងរ ទៅដល់ ខួរក្បាល បេះដូង ដំណើរការ​លូតលាស់​ធំធាត់ របស់កុមារ និងយុវវ័យ និងសរីរាង្គ​ដ៏ទៃទៀត​នៃសារពាង្គកាយ។ តូយ៉ាង​ដូចជា​ប្រភេទ​កូកាអីន អាចធ្វើ​អោយគាំង​បេះដូង​ភ្លាមៗ ចំពោះអ្នក​ប្រើប្រាស់​វា​ទោះបីជា​កុមារ​ក៏ដោយ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative