កុមារ៧៥%​កើតជម្ងឺ​ដង្កូវស៊ីធ្មេញ

អនាម័យ​មាត់ធ្មេញ គឺជារឿង​សំខាន់ណាស់​សម្រាប់មនុស្ស​គ្រប់រូប និងគ្រប់វយ័ ព្រោះថា​ធ្មេញល្អ​ក្លិនមាត់​មិនស្អុយ សម្រស់​ស្រស់ស្អាត បរិភោគអាហារ​បានឆ្ងាញ់ និយាយ​បានល្អ សុខភាពល្អ។ បើនិយាយ​អំពីសុខភាព​មាត់ធ្មេញ មនុស្សគ្រប់រូប​គ្រប់វយ័​តែងតែ​ជួបប្រទះ​ជម្ងឺពុកធ្មេញ ដែលប្រជាជនខ្មែរ​តែងតែយល់​ច្រឡំថា​ជាជម្ងឺដង្កូវស៊ីធ្មេញ ជាពិសេស​កើតមានលើកុមារ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ជម្ងឺដង្កូវ​ស៊ីធ្មេញ ជាពាក្យមួយ​ដែលប្រជាជនខ្មែរ​និយមប្រើ សម្រាប់អប់រំកុមារ​កុំឱ្យញាំ​ស្ករគ្រាប់។ ពាក្យនេះ​ត្រូវបាន​អ្នកជំនាញ ហៅថាជម្ងឺ​ពុកធ្មេញ។ លោកទន្ដបណ្ឌិត ហេង សុបញ្ញា ជាព្រឹទ្ធបុរសរង​នៃមហាវិទ្យាលយ័​ទន្ដសាស្ដ្រ បានឱ្យដឹងថា នៅប្រទេសកម្ពុជា អត្រាជម្ងឺ​ពុកធ្មេញ​លើកុមារ​មានប្រហែល​ជា៧៥%។

ហេតុអ្វី​បានជាកុមារ​ច្រើនតែកើត​ជម្ងឺពុកធ្មេញ

ប្រការដែល​នាំអោយ​កុមារជួប​ប្រទះជម្ងឺ​ពុកធ្មេញ​ច្រើនបែបនេះ​ដោយប្រការ​ផ្សេងៗ។ ប្រការទីមួយ​បណ្ដាលមកពី​ខ្វះអនាម័យ ឪពុកម្ដាយ​មិនបាន​ជួយធ្វើ​អនាម័យធ្មេញ​ទៅលើកូន។ ទី២គឺ​មកពីកុមារ​នៅតូចពេក យើងពិបាក​នឹងពន្យល់ប្រាប់គេ​អំពីសារៈសំខាន់​នៃការ ធ្វើអនាម័យ​មាត់ធ្មេញ។ ម្យ៉ាងវិញទៀត កុមារចូលចិត្ដ​ទទួលទាន​ស្ករគ្រាប់ ហើយមិន​បានដុសធ្មេញ​ឱ្យបាន​ត្រឹមត្រូវទេ។

រូបភាពទស្សនាវដ្តីសុខភាពយើង

តើត្រូវ​ធ្វើអនាម័យធ្មេញ​ទៅលើកុមារ​ដោយរបៀបណា?

ការធ្វើអនាម័យ​មាត់ធ្មេញ​ទៅលើកុមារ​មានដូចតទៅ ទី១នៅពេលកុមារ​មានអាយុពី​៤ទៅ៥ឆ្នាំ ឪពុកម្ដាយ​ត្រូវជួយ​សម្អាតធ្មេញកូន យ៉ាងហោច​ណាស់គួរតែ​ឆែកមាត់កូន​ឱ្យបានម្ដង​ក្នុងមួយសប្ដាហ៏។ នៅអាយុ៦ឆ្នាំ ឪពុកម្ដាយ​ត្រូវចំណាយពេល​បង្រៀនកូន​ឱ្យចេះសម្អាតធ្មេញ​ដោយខ្លួនឯង ដោយប្រើច្រាស​តូចហើយទន់។ របៀបដុសធ្មេញ ធ្មេញក្រោម​ត្រូវដុសពីក្រោម​ឡើងលើ ធ្មេញលើ​ត្រូវដុសពី លើចុះមកក្រោម ដុសគ្រប់ផ្ទៃ​ទាំងអស់​របស់ធ្មេញ។ ត្រូវដុស​មួយថ្ងៃ៣ដង នៅពេលព្រលឹម ថ្ងៃត្រង់ និងពេលល្ងាច ក្រោយពេល​ទទួលទាន អាហាររួច។ ប្រសិនបើ​ឪពុកម្ដាយខ្វះ ថវិកាទិញ​ច្រាសដុសធ្មេញ គម្បីត្រូវយក​ដៃរបស់គាត់​រុំជាមួយសំឡី ឬប្រើដៃទទេ​ក៏បានទៅដុសលើ អញ្ចាញធ្មេញ​របស់កូន ដើម្បីឱ្យ​ចំណីដែល ជាប់ធ្មេញរបស់កូន​ចេញបាន​ខ្លះដែរ។

ប្រការ​គួរធ្វើ និងគួរ​ចៀសវាង

ចំពោះចំណី​អាហារ កុមារគួរ​សវាង​ការទទួលទាន​អាហារ ដែលផលិត​នៅក្នុង​រោងចក្រ និងមានជាតិ​ស្ករច្រើន ដូចជានំ ស្ករគ្រាប់ ព្រោះចំណី​អាហារ​ទាំងនោះ​វាអាចបំផ្លាញ​ធ្មេញបាន។ ប៉ុន្ដែកុមារ​គួរទទួលទាន​ចំណីអាហារ​ធម្មជាតិ​ដូចជាផ្លែឈើ​គ្រប់ប្រភេទ ព្រោះវាអាច​ជួយធ្វើឱ្យ​ធ្មេញរ៉ឹងម៉ាំល្អ។ ដូច្នេះ មាតាបិតា​ទាំងឡាយ​គួរឆ្លៀតពេល​វេលារបស់ខ្លួន នៅពេលថ្ងៃសៅរ៏ ឬថ្ងៃអាទិត្យ​បង្រៀន កូនឱ្យចេះ​ដុសធ្មេញ។ ត្រូវចេះពន្យល់ លួងលោម និងប្រាប់កូន​កុំឱ្យញ៉ាំ​ស្ករគ្រាប់​ច្រើនពេក។ បើញ៉ាំស្ករ​ត្រូវដុសធ្មេញ និងត្រូវយក​រូបភាព ដែលគេផ្សព្វផ្សាយ​ស្ដីពីសុខភាព​មាត់ធ្មេញ​ឱ្យកូនមើល ដើម្បីដាស់​អារម្មណ៏​របស់កុមារ​ឱ្យខ្លាច និងយល់ពី​ផលវិបាក​នៃការមិនធ្វើ​អនាម័យធ្មេញ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦

Google Analytics Alternative