កីឡាការិនី ស៊ន សៀវម៉ី បានមេ​ដាយមាស​នៅអាស៊ី​ហ្គេម ទទួលបាន​ការអប​អរសាទរ ពីស្ថានទូត​កូរ៉េ

ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​នៅកម្ពុជា បានសំដែង​នូវការអប​អរសាទរ ដល់​ប្រជាជន​កម្ពុជា ដែលកីឡា​ការិនី ស៊ន សៀវម៉ី ទទួលបាន​មេដាយមាស ជាស្ត្រី​ក្នុងទំងន់ ៧៣ គីឡូក្រាម តៃក្វាន់ដូ នៅការ​ប្រកួតអាស៊ី​ហ្គេម (Asian Games) ឆ្នាំ២០១៤ នៅទីក្រុង​អ៊ីនឆន។

រូបភាព សហការី

រូបភាព សហការី

សេចក្តី​ប្រកាស​ព័ត៌មាន របស់ស្ថាន​ទូតកូរ៉េ ដែលគេហទំព័រ​សុខភាពកម្ពុជា ទទួលបាន នៅព្រឹក​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៤ នេះ បានឲ្យ​ដឹងថា ជ័យលាភី​នេះ មានអត្តន័យ​យ៉ាងពិសេស​ពិសាលណាស់ សំរាប់​ប្រទេសកូរ៉េ ព្រោះដោយ​ហេតុថា នេះជាមេ​ដាយមាស ​លើកដំបូង​ដែលកម្ពុជា ទទួលបាន នៅក្នុង​ការ​ប្រកួត អាស៊ីហ្គេម (Asian Games) នៅទីក្រុង​អ៊ីនឆន នៃប្រទេស​កូរ៉េ ខាងត្បូង និងនៅក្នុង​វិញ្ញាសារ​តៃក្វាន់ដូ ដែលមាន​ប្រភពមកពី ប្រទេសកូរ៉េ។
ស្ថានទូត​បាន​គាំទ្រ កីឡា​តៃក្វាន់ដូ នៅក្នុង​ប្រទេស តាមរយៈ​លោកគ្រូ CHOI, Yongsuk ត្រូវបាន​ចាត់តាំង ដោយរដ្ឋាភិបាល នៃសាធារណ​រដ្ឋកូរ៉េ ដើម្បីធ្វើ​ជាគ្រូបង្ហាត់​ជំរើស ជាតិ​កម្ពុជា រយៈពេល​ជាង ១៧ ឆ្នាំ មកហើយ។ ស្ថានទូត នឹងបន្ត​គាំទ្រការ​អភិវឌ្ឍន៍ នៃតៃ​ក្វាន់ដូ នៅកម្ពុជា។

ការប្រកួត​ពានរង្វាន់ អគ្គរដ្ឋទូត​តៃក្វាន់ដូ នឹងប្រ​ព្រឹត្តទៅ នៅថ្ងៃ​ទី២៩ និង ៣០ ខែតុលា ឆ្នាំ២០១៤ នៅរាជធានី​ភ្នំពេញ ដើម្បីអប​អរសាទរ​ចំពោះសម្រេច​បានក្នុង​កីឡា​តៃក្វាន់ដូ​នៅប្រទេស​កម្ពុជា។

គួរបញ្ជាក់​ថាកញ្ញា ស៊ន សៀវម៉ី បានមេដាយ​មាសនេះ​បន្ទាប់ពី​ប្រកួតឈ្នះ​កីឡាការិនី​អ៊ីរ៉ង់ ក្នុងវគ្គ​ផ្តាច់ព្រ័ត្រ ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative