រដ្ឋមន្រ្តី​ក្រសួង​ព៌តមាន​ ព្រមាន​ដកអាជ្ញា​ប័ណ្ណ ប្រសិន​ប្រព័ន្ឋ​ផ្សព្វផ្សាយ​​ផ្សាយ​ពាណិជ្ជកម្ម​ស្រា

រដ្ឋមន្រ្តី​ក្រសួង​ព៌តមាន លោក ខៀវ កាញារីទ្ឋ បានចេញ​បម្រាម​ម្តងទៀត ដល់ប្រព័ន្ធ ផ្សព្វផ្សាយ នៅក្នុង​ប្រទេស​ចំពោះការ​ហាមឃាត់ ផ្សាយ​ពាណិជ្ជកម្ម​ស្រា ដែលនាំ​ឲ្យប៉ះពាល់​ដល់សង្គម​កម្ពុជា ព្រមទាំង​ព្រមានដក​អាជ្ញាប័ណ្ណ​ប្រព័ន្ឋ​ផ្សព្វផ្សាយ​ទាំងនោះ ប្រសិនជា​ពួកគេ​នៅតែបំពាន​បម្រាម​របស់​ក្រសួង។

លោក ខៀវ កាញារីទ្ឋ រដ្ឋមន្រ្តី​ក្រសួង​ព៌តមាន

លោក ខៀវ កាញារីទ្ឋ រដ្ឋមន្រ្តី​ក្រសួង​ព៌តមាន

ក្នុងសារាចរ​ស្តីពីការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង ដែលចុះ​ហត្ថលេខា ដោយលោក​រដ្ឋមន្រ្តី ក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤ បានឲ្យ​ដឹងថា បច្ចុប្បន្ន​ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង នៅតែ​មានលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដូចជា​អាហ្វីស ប៉ាណូ កាសែត ទស្សនាវដ្តី វិទ្យុ និង​ទូរទស្សន៍ ជា​ពិសេស​ទូរទស្សន៍​នៅតែឃោសនា អូសទាញ​ប្រជា​ពលរដ្ឋ ឲ្យសេព​គ្រឿងស្រវឹង​ដើម្បីផ្សង​យករង្វាន់ ឬសេព​គ្រឿង​ស្រវឹង នាំមក​នូវក្តីសប្បាយ​រីករាយ ។

ក្រសួង​​បញ្ជាក់ថា “ចាប់ពី​ថ្ងៃទី៣១ ខែធ្នូ ខាងមុខ​នេះ ពីម៉ោង​៦-៨យប់ រាល់ការ​ផ្សាយ ពាណិជ្ជកម្ម តម្រូវឲ្យ​ផ្សាយតែ Logo ផលិតផល និង​អក្សរជា​ឈ្មោះ ផលិតផល​តែប៉ុណ្ណោះ ឬអានឈ្មោះ​ផលិតផល ហាមដាច់ខាត​ការផ្សាយ​ពាណិជ្ជកម្ម ។ ចាប់ពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ ពី៦-៨ យប់ ពុំអនុញ្ញាត​ឲ្យផ្សាយ​គ្រឿងស្រវឹង​ជាដាច់ខាត”។ សារាចរ​ដដែលបាន​បញ្ជាក់ថា “បណ្តា​ក្រុមហ៊ុនផលិត ឬចែកចាយ ត្រូវផលិត​ស្ពតពាណិជ្ជកម្ម យកចិត្ត​ទុកដាក់​លើខ្លឹមសារ និងរូបភាព ដើម្បីបញ្ចៀស​ផលប៉ះពាល់​អវិជ្ជមាន​ទាំងឡាយ។ គ្រប់ប្រព័ន្ធ​ឃោសនា ត្រូវបន្ត​អនុវត្តដោយ​ម៉ឹងម៉ាត់នូវ​សេចក្តីណែនាំ របស់ក្រសួង​ចំពោះការ​ហាមឃាត់​ផ្សាយ​ពាណិជ្ជកម្ម”។

លោករដ្ឋ​មន្រ្តីក្រសួង​ព័ត៌មាន​ក៏បាន​ធ្វើការ​ព្រមាន ដល់ក្រុម​ហ៊ុនណា ដែលនៅតែ​រឹងទទឹង មិនព្រម​អនុវត្តតាម​នោះ នឹងចាត់​វិធានការ​ទៅតាម​ផ្លូវច្បាប់ ដោយ​ធ្វើការ​ដកហូត​អាជ្ញា​ប័ណ្ណ ផ្អាកការ​ធ្វើអាជីវកម្ម​ប្រព័ន្ធផ្សព្វផ្សាយ ហើយ​ក្រុមហ៊ុន ឬចែកចាយ​គ្រឿង​ស្រវឹងនោះ នឹងត្រូវ​ហាមឃាត់​មិនឲ្យធ្វើ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម បន្តទៀត តាមប្រព័ន្ធ​ឃោសនាឡើយ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative