នៅខេត្តមណ្ឌលគិរី គ្រោះថ្នាក់​ចរាចរណ៍​បង្កមនុស្ស​ស្លាប់​២៤​នាក់ និង​របួស​ធ្ងន់​ស្រាល​៨៦នាក់ ក្នុង៩ខែ ដើមឆ្នាំ

លោកវរ​សេនីយ៍ទោ សឺន សោភ័ណ្ណ ប្រធាន​ការិយាល័យ បូកសរុប និងវិភាគ​ខេត្ត​មណ្ឌលគីរី បានឲ្យ​ដឹងថា​ក្នុងរយៈពេល​៩ខែ​ឆ្នាំ២០១៤​នេះ គ្រោះថ្នាក់​ចរាចរណ៍​នៅទូទាំង​ខេត្ត​មណ្ឌល​គិរី កើតមាន​ឡើងចំនួន​៤៧ លើក បណ្តាលឲ្យ​ស្លាប់មនុស្ស​ចំនួន​២៤នាក់ (ស្រី៣​នាក់), របួសធ្ងន់​ចំនួន​៦៦នាក់ (ស្រី​១៨នាក់), របួសស្រាល​ចំនួន២០នាក់ (ស្រី​១០នាក់), រថយន្ត​ខូចខាត​ធ្ងន់ចំនួន​២៤គ្រឿង, រថយន្ត​ខូចខាត​ស្រាល​ចំនួន​៥គ្រឿង, ម៉ូតូខូច​ស្រាលចំនួន​២គ្រឿង ។ ចំនួននេះ​បើប្រៀប​ធៀបជាមួយ​៩ខែ ដើមឆ្នាំ​២០១៣​កន្លងមក ឃើញថា​មានការ​ថយចុះ​ចំនួន៧​លើក ស្មើនឹង​១៥%។

រូបភាព សហការី

រូបភាព សហការី

លោក​បាន​មានប្រសាសន៍​បែបនេះ​កាលពី​ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤ នៅក្នុងកិច្ច​ប្រជុំបូក​សរុប​លទ្ធផល​ការងារ​រយៈពេល​៩ខែ ដើមឆ្នាំ​២០១៤ និងលើក​ទិសដៅ​អនុវត្ត​បន្ត ត្រីមាស​ទី៤ ឆ្នាំ២០១៤ របស់​ស្នងការ​ដ្ឋាននគរបាល​ខេត្តដោយមាន​ការចូលរួម​ពីលោក ស្វាយ សំអ៊ាង អភិបាលរង នៃគណៈ​អភិបាល​ខេត្ត​មណ្ឌលគិរី, លោក សូ សុវិទ្យា ព្រះរាជ​អាជ្ញារង អមសាលា​ដំបូងខេត្ត, លោក សេង ប៊ុណ្ណា អនុប្រធាន​សាលាដំបូង​ខេត្ត និងលោក​ឧត្តមសេនីយ៍​ត្រី ញ៉ែម វ៉ាន់នី ស្នងការ​នគរបាល​ខេត្ត។

លោកបាន​បន្តថា​រយៈពេល​៩ខែ ដើមឆ្នាំ​២០១៤នេះ​ដែរករណី​បទល្មើស​ព្រហ្មទណ្ឌ កើតមាន​ឡើង ចំនួន​១៩លើក លើ២៧ បើប្រៀបធៀប​ជាមួយ​៩ខែ ដើមឆ្នាំ​២០១៣​កន្លងមក មានការ​ថយចុះ​ចំនួន​៨លើក ស្មើនឹង​២៩,៦% ក្នុងនោះ រួមមាន បទឧក្រិដ្ឋ កើតឡើង​ចំនួន៦​លើក, បទមជ្ឈឹម កើតឡើង​ចំនួន​១៣លើក។

លោកបាន​បន្តែមឲ្យ​ដឹងទៀតថា ករណី​ខាងលើនេះ យើងបាន​ធ្វើការ​បង្រ្កាប​ចំនួន១៦​លើក ចាប់ខ្លួន​ជនសង្ស័យ​២១នាក់ ក្នុងនោះ​បង្រ្កាបបាន​ជាក់ស្តែង​១១លើក ចាប់ខ្លួន​ជនសង្ស័យ​ចំនួន១៣​នាក់ និងស្រាវជ្រាវ​បង្រ្កាបបាន​៥លើក ចាប់ខ្លួន​បាន៨នាក់ ហើយបាន​កសាងសំណុំ​រឿងបញ្ជូន​ទៅសាលា​ដំបូងខេត្ត​មណ្ឌលគិរី ចាត់ការ​តាមនីតិ​វិធី។

លោកឧត្តម​​សេនីយ៍ត្រី ញែម វ៉ាន់នី ស្នងការ​នគរបាលខេត្ត​មណ្ឌលគិរី​មានប្រសាសន៍​ថា« ខ្ញុំសូមឲ្យ​មន្រ្តីនគរបាល ត្រូវគោរព​ច្បាប់ចរាចរណ៍ និងត្រូវ​មានឆន្ទៈ​មោះមុត​ក្នុងការងារ ត្រូវលះបង់​កម្លាំង​កាយចិត្ត ត្រូវគោរព​វិន័យលេខ​០០៦ របស់កង​កម្លាំង​នគរបាល​ជាតិ» ។

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative