កុមារ​៣០% និង​មនុស្ស​ពេញវ័យ​១០% កើតជំងឺ​គ្រុនផ្តា​សាយ​ធំ​​ជារៀង​រាល់ឆ្នាំ

លោកសាស្ត្រាចារ្យ អ៊ាប តឹកឆេង សាស្ត្រាចារ្យ​មហាបរិញ្ញា​ផ្នែកជំងឺកុមារ នៃសកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល និងជា​សាស្ត្រាចារ្យរង​កិត្តិយស​ផ្នែកជំងឺកុមារ នៃសកលវិទ្យាល័យ Sydney បានមាន​ប្រសាសន៍ថា​ជារៀងរាល់ឆ្នាំ​មានមនុស្ស​ពេញវ័យពី​៥ទៅ១០ភាគរយ និងកុមារ​ពី២០​ទៅ៣០​ភាគរយ​កើតជំងឺ​គ្រុនផ្តា​សាយធំ ដែលជា​ជំងឺឆ្លង​បង្កឡើង​ដោយវីរុស​គ្រុនផ្តាសាយ ។

រូបភាព សហការី

រូបភាព សហការី

លោកបន្ត​ថាវាមិន​មែនជា​ជំងឺគ្រុន​ផ្តាសាយ​ធម្មតាទេ។ ប្រសិនបើ​អ្នកគ្រុនក្តៅ (៣៩ទៅ៤០អង្សារសេ) ឈឺក្បាល​ក្អកខ្លាំង អស់កំលាំង​ល្ហិតល្ហៃ និងឈឺ​ខ្លួនប្រាណ លោកអ្នក​ប្រហែលជា​កើតជំងឺ​គ្រុនផ្តា​សាយធំ​ហើយ។ វាអាចបង្ក​ឲ្យមានភាព​ធ្ងន់ធ្ងរ និងផល​វិបាកជាច្រើន​ដែលគំរាម​កំហែងដល់​ជីវិត​មនុស្ស។ មួយវិញ​ទៀត ជំងឺគ្រុន​ផ្តាសាយធំ គឺជាជំងឺ​ឆ្លងអាច​ឆ្លងតាម​ខ្យល់ពី​អ្នកកើតជំងឺ​គ្រុនផ្តាសាយ​ធំដែលក្អក​ឬកណ្តាស់ ឬឆ្លង​តាមការ​ប៉ះពាល់​អ្នកជំងឺ​​ផ្ទាល់ ឬតាម​ការប៉ះពាល់​វត្ថុដែល​មានវីរុស​ផ្តាសាយ ហើយវា​ឆ្លងចូល​ផ្លូវដង្ហើម។ មនុស្សគ្រប់​រូបសុទ្ធ​តែអាច​កើតជំងឺ​គ្រុនផ្តា​សាយធំ ទោះជា​អ្នកមាន​រាងកាយ​មាំមួន និងសុខភាព​ល្អក៏ដោយ។ មិនត្រឹម​តែប៉ុណ្ណោះ អ្នកក៏អាច​ចម្លងដល់​អ្នកដទៃ​បានដោយ​មិនដឹងខ្លួន ព្រោះទាល់​តែ១ទៅ​៤ថ្ងៃ​ទើបចេញ​ជារោគ​សញ្ញា។ មនុស្សខ្លះ​ប្រឈមមុខ​នឹងគ្រោះថ្នាក់​កាន់តែខ្ពស់​ដែលគំរាម​កំហែងដល់​អាយុជីវិត​ បើពួកគាត់​កើតជំងឺ​គ្រុនផ្តាសាយ​ធំ ដូចជា​មនុស្ស​ចាស់​ជរា ក្មេងតូចៗ អ្នកជំងឺ​ទឹកនោម​ផ្អែម អ្នក​ជំងឺហឺត អ្នកជំងឺ​បេះដូងរ៉ាំរ៉ៃ អ្នក​ជំងឺសួត និង​អ្នកជំងឺ​តម្រងនោម។

លោកបាន​បន្ថែមថា រីឯផលវិបាក​ដែលជំងឺ​គ្រុនផ្តា​ស្តាយធំ អាចបង្ក​មាន ដូចជា​ជំងឺរលាក​សួតបង្ក​ដោយបាក់តេរី ជំងឺរលាក​ត្រចៀក ជំងឺរលាក​ប្រអប់​ឆ្អឹងមុខ ការបាត់​បង់​ជាតិទឹក និងធ្វើឲ្យ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង នៃស្ថានភាព​នៃជំងឺ​ប្រចាំកាយ​រ៉ាំរ៉ៃ ដូចជា​ជំងឺខ្សោយ​បេះដូង ជំងឺហឺត ឬជំងឺ​ទឹកនោមផ្អែម។ រោគសញ្ញា​ក្រពះ​ ដូចជា​ក្អួត រាគ និងចង្អោរ​ក៏អាចកើត​មានផងដែរ​ ជាពិសេសចំពោះកុមារ។ អ្នកអាច​ការពារ​ជំងឺគ្រុន​ផ្តាសាយធំ​បានតាម​រយៈការ​ចាក់វ៉ាក់​សាំង​បង្ការ។ នៅក្នុងនោះ ប្រទេស​ជាច្រើន​លើពិភពលោក​បានផ្តល់​អនុសាសន៍​ឲ្យចាក់​វ៉ាក់សាំង​បង្ការជំងឺ​គ្រុនផ្តា​សាយធំ​នៅរដូវ​របស់វា ជាពិសេស​ចំពោះ​កុមារ​ដែលមាន​អាយុចាប់​ពី៦ខែ​ឡើងទៅ។

លោកបាន​​បញ្ជាក់ថា​ការចាក់​វ៉ាក់សាំង​អាចជួយ​អ្នករួចផុត​ពីជំងឺឆ្លង​នេះបាន ព្រោះវា​ត្រូវបាន​ផលិតឡើង​ដោយវីរុស​ដែលត្រូវ​បានគេ​សម្លាប់រួច​ធ្វើឲ្យខ្លួន​យើងបង្កើត​នូវប្រព័ន្ធ​ការពារ​រាងកាយ​ដ៏មាន​ប្រសិទ្ធភាព​នៅពេល​ដែលឆ្លង​វីរុស​ពីខាងក្រៅ។ វ៉ាក់សាំង​បង្ការជំងឺ​គ្រុនផ្តាសាយ​ធំមាន​សុវត្ថិភាពល្អ និងអាច​ឲ្យសរីរាង្គ​យើងទទួល​យកបាន។ ដោយសារ​តែរដូវ​គ្រុនផ្តាសាយ​ធំមានការ​ប្រែប្រួល​ទាំងរយៈពេល និងភាព​ធ្ងន់ធ្ងរ លោកអ្នក​គួរទទួល​នូវការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺគ្រុន​ផ្តាសាយធំ ឲ្យបាន​ឆាប់ និងពេញ​មួយរដូវ​គ្រុនផ្តា​សាយធំ។ ជាពិសេស​គួរចាក់​វ៉ាក់សាំង​ឲ្យបានមុន​រដូវភ្លៀង​ធ្លាក់ដោយសារ​នៅប្រទេស​កម្ពុជាជំងឺ​គ្រុនផ្តាសាយ​ធំ ច្រើនកើត​នៅរដូវ​ភ្លៀងធ្លាក់។

លោកបាន​ឲ្យដឹង​ទៀតថា វីរុសជំងឺ​គ្រុនផ្តា​សាយធំ​មានការ​វិវត្តិប្រែប្រួល​ជានិច្ច។ជាទូទៅ​វីរុសពូជថ្មី​កើតឡើង​ជារៀងរាល់​រដូវ គ្រុនផ្តា​សាយធំ ជាហេតុធ្វើ​ឲ្យរូបមន្តថ្មី​របស់វ៉ាក់សាំង​ការពារ​ជំងឺគ្រុន​ផ្តាសាយធំ ត្រូវបាន​បង្កើតឡើង​រាល់ឆ្នាំ ដើម្បីផ្តល់​ការការពារ​ដ៏ល្អបំផុត។ អត្ថប្រយោជន៍​នៃការចាក់​វ៉ាក់សំាង​អាចការពារ​ជីវិតអ្នក​ងាយរងគ្រោះការពារជំងឺ​ដែលពាក់ព័ន្ធ​នឹងជំងឺគ្រុន​ផ្តាសាយធំ និងការ​ចូលសម្រាក​ពេទ្យអាច​ជៀសផុត​ពីការខាតបង់​ពេលវេលា​ការងារ និងការ​សិក្សាអាច​បង្ការការ​ចម្លងទៅ​ក្រុមគ្រួសារ មិត្តភក្តិ និងអ្នក​រួមការងារ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative