ការដុត​សំរាម មានផល​ប៉ះពាល់​សុខភាពធ្ងន់ធ្ងរ

ការដុត​សំរាមជា​ទម្លាប់​របស់​ប្រជាជន​ខ្មែរទូទៅ ប៉ុន្តែពួកគាត់​មិនដឹង​ពីផលប៉ះ​ពាល់សុខភាព​បណ្តាល​មកពីការ​ដុតសំរាម​នោះទេ ដែលបញ្ហា​នេះបាន​ជះឥទ្ឋិពល​ធ្ងន់ធ្ងរ​ដល់សុខភាព​អ្នកប្រព្រឹត្ត​ផ្ទាល់ និង​សហគមន៍​ជុំវិញខ្លួន​ពួកគេ។

លោកស្រី​វេជ្ជបណ្ឌិត លី ស្រីវីណា

លោកស្រី​វេជ្ជបណ្ឌិត លី ស្រីវីណា

លោកស្រី​វេជ្ជបណ្ឌិត លី ស្រីវីណា នាយកគ្លីនិក​លីស្រីវីណា បានមាន​ប្រសាសន៍​ឲ្យដឹង​កាលពី​ពេលថ្មីៗ​នេះថា ការដុត​សំរាម​បានធ្វើ​ឲ្យប៉ះពាល់​ដល់​សុខភាព​បេះដូង សួត និង​គ្រាប់ឈាម​ក្រហម​ជាដើម ដោយសារ​សារជាតិស៊ីអូ​ជាឧស្ម័ន​គីមីដែល​មានផល​ប៉ះពាល់​ដល់សុខភាព​អ្នកដុត​សម្រាម និង​សហគមន៍​ជុំវិញទាំង​មិនដឹង​ខ្លួន។ លោកស្រី​បន្តថា សារធាតុ​ស៊ីអូ​ដែលចេញ​ពីសំរាម វាបាន​ទៅចង​ភ្ជាប់គ្រាប់​ឈាម​ក្រហម និងធ្វើ​ឲ្យគ្រាប់​ឈាមក្រហម នៅជាប់គ្នា​រហូតដល់រយៈ​ពេល​១២០​ថ្ងៃ បើទោះជា​ការពិនិត្យ​ឃើញក្នុង​ខ្លួនអ្នករង​គ្រោះមានគ្រាប់​ឈាមក្រហម​ក្តី តែ គាត់នៅតែ​មានរោគ​សញ្ញា​ស្លេកស្លាំង ឧស្សាហ៍​ឈឺក្បាល អស់កំលាំង​ល្ហិតល្ហៃ។

លោកស្រី​បន្តថា “បើយើង​រស់នៅក្បែរ​រោងចក្រ និង​សហគមន៍​ជុំវិញដុត​សំរាមស្ទើរ​រាល់ថ្ងៃ​នៅជុំវិញ​ផ្ទះ នឹងធ្វើ​ឲ្យកុមារ​រងផល​ប៉ះពាល់​ពីសារធាតុ​គីមី​ទាំងនោះ​មិនលូតលាស់​រាងកាយ សតិ​បញ្ញា​ស្មារតី ហើយមនុស្ស​ចាស់ឧស្សាហ៍​ឈឺគ្រប់​សរីរាង្គ​ទាំងអស់”។ លោកស្រី​បន្តថា “មនុស្សចាស់​ដែលរង​ឥទ្ឋិពល​ផ្សែង ជាតិគីមី ធ្វើឲ្យ​ពួកគាត់​អស់កំលាំង ពួកគាត់​សម្រាក​មិនគ្រប់គ្រាន់ ព្រោះសារធាតុ​គីមីចេញ​ពីសម្រាម និងកំទេច​ផេះប៉ះពាល់​ដល់បេះដូង សួត គ្រាប់ឈាម​របស់គាត់”។

រូបភាព​ សហការី

រូបភាព​ សហការី

លោកស្រី​វេជ្ជបណ្ឌិត​បានបន្តថា គ្រប់សំរាម​ទាំងអស់សុទ្ឋ​តែមានផល​ប៉ះពាល់​ដល់សុខភាព ហើយសំរាម​ដូចជា​ថ្មពិល ថ្មទូរស័ព្ទ បើយើង​យកទៅ​ដុតពិត​ជា​មានបញ្ហា​សុខភាព​កាន់តែ​ធ្ងន់ធ្ងរ ហេតុនេះទើប​នៅស្រុកគេៗ​ញែក​សំរាម តាមប្រភេទ​សំរាម​និមួយៗ​ដាច់ដោយ​ទ្បែកពីគ្នា។ ពេលណា​យើងដុត​ទាល់តែ​មាន​ប្រតិកម្ម​ចំហេះ​ជាមួយ​អុកស៊ីសែន ទើបមាន​ចំហេះ ហើយវា​បង្កើតបាន​ជាអុកស៊ីត​ដែលជា​សារធាតុ​ពុល​ទាំងអស់ អញ្ចឹងទើប​គេយក​ប្រភេទ​សំរាម ដូចជា​បន្លែ ផ្លែឈើ គេប្រមូល​ទុកដោយ​ទ្បែក ហើយគេ​យកទៅកប់​ឬយក​ទៅធ្វើ​ជាជីកុំប៉ុស​សំរាប់ដាក់​ដំណាំនានា។

លោកស្រី​វេជ្ជបណ្ឌិត លី ស្រីវីណា បន្តថា សំរាមដែល​ជាថង់​ផ្លាស្ទិក ឬក្រដាស​ខ្ចប់អ្វីៗ យើងទុក​មួយកន្លែង​ទៅ ដើម្បីយក​ទៅប្រើប្រាស់​ទ្បើងវិញ។ នៅ​ស្រុក​គេ អ្នកដែល​បានទទួល​អាជ្ញាប័ណ្ណ​ប្រមូល​សំរាម ពួកគាត់​ក្លាយជា​អ្នកមាន​តែម្តង ព្រោះពួក​គាត់អាច​ប្រមូលជ័រ​ផ្លាស្ទិក កុំព្យូទ័រ​ដែលខូច​យកទៅ​ផលិត​ប្រើប្រាស់​ទ្បើងវិញបាន។ លោកស្រី​បន្តថា ខោអាវ​ចាស់ៗ ស្បែក​ជើងចាស់ៗ បើយើង​មិនប្រើប្រាស់​យកទៅ​ឲ្យគេទៅ ហើយឈើ​ផ្លាស្ទិកកុំ​យកទៅ​ដុតអី ព្រោះវា​មានសារធាតុ​ពុលជាង​សំរាមបែប​ស្លឹកឈើ​ទៀតផង។

លោកស្រី​បន្តថា “អ្នកដុត​សំរាម​គឺមានផល​ប៉ះពាល់​ជាងគេ គឺខ្លួនឯង និង​អ្នកដទៃ ហេតុនេះ​ពួកគាត់​មិនត្រូវ​ដុតសំរាម​ទេ។ បើរដ្ឋាភិបាល​មិនធ្វើ​រឿងនេះ ប្រជាជន​អនុវត្តន៍​ខ្លួនឯង​ទៅកុំដុត​សំរាមអី”។ លោកស្រី​បន្តថា “នៅប្រទេស​ចិន មានច្បាប់​មួយ​ហាមប្រាម មិនឲ្យ​ប្រជាជន​ដុតក្រដាស​សែននោះទេ ដោយសារ ការពារ​ការបំពុល​បរិស្ថាន និងសុខភាព​ប្រជាជន​ពួកគេ”។
ជាតិសំណ​ពីសំរាម​ក៏មាន​ផលប៉ះពាល់​ដល់ប្លោក​នោម ទន់ខ្លួន ខ្សោយ​សាច់ដុំ ទ្បើងសំពា​​​​​​​ធ​ឈាមផងដែរ។ ហេតុនេះ យើងកុំដុត​សំរាមតែម្តង ព្រោះវាមិន​ត្រឹមតែ​ប៉ះពាល់ដល់​ខ្លួនឯងទេ តែក៏ប៉ះពាល់​ដល់កូនចៅ ចៅទួត​របស់យើង​ទៀតផងដែរ។ លោកស្រី លី ស្រីវីណា បញ្ជាក់ឲ្យដឹង។

លោក ទ្បុង ឌីម៉ង់ អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញបាន​មានប្រសាសន៍​ថា បច្ចុប្បន្ន ​យើងមិនទាន់​មានធនធាន​មនុស្ស និងធនធាន​បច្ចេកទេស​គ្រប់គ្រាន់ ដើម្បីគ្រប់គ្រង​គំនរសំរាម​ស្របតាម​ស្តង់ដា​អន្តរជាតិ​នៅទ្បើយទេ ហេតុនេះហើយ​ទើបយើង​ស្វាគមន៍​រាល់ក្រុមហ៊ុន​វិនិយោគនានា ដែលមាន​បំណង​វិនិយោគ​កែច្នៃសំរាម ដើម្បីទាញ​យកថាមពល​មកប្រើប្រាស់​ទ្បើងវិញ​បាន។ លោកបន្តថា បច្ចុប្បន្ន​ក៏មាន​ក្រុមហ៊ុន​៥ទៅ៦ កំពុងសិក្សា​ពីការកែច្នៃ​សំរាម យកទៅ​ប្រើប្រាស់​ទ្បើងវិញ​ផងដែរ ប៉ុន្តែរហូត​មកទល់​ពេលនេះ​មិនទាន់​មានក្រុមហ៊ុន​ណាមួយ​សម្រេចចិត្ត​វិនិយោគ​កែច្នៃសំរាម​ទាំងនោះ​នៅ​ទ្បើយ​ទេ។

លោក​បន្តថា សាលារាជធានី​ភ្នំពេញ​តែងបាន​ណែនាំ​ក្រុមហ៊ុន​ស៊ីនទ្រី អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ឲ្យញែក​សំរាមដាច់​ពីគ្នា ប៉ុន្តែកន្លង​មកទាំង​ក្រុមហ៊ុន​ស៊ីនទ្រី អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​មិនទាន់អនុវត្តន៍​បានល្អនៅ​ទ្បើយទេ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative