រដ្ឋមន្ត្រីសុខាភិបាល ជំរុញឲ្យ​និស្សិត​ពេទ្យ​រៀន​ភាសា​បារាំង និង​អង់គ្លេស

ស្របពេល​ដែលការ​ធ្វើសមា​ហរណកម្ម​អាស៊ាន​ខិតជិត​ចូលមក​ដល់នោះ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បានជំរុញ​ឲ្យនិស្សិត​ពេទ្យត្រូវ​រៀនភាសា​បរទេស​ពីរភាសា គឺភាសា​អង់គ្លេស​និងភាសា​បារាំង ​ប្រយោជន៍​ដើម្បី​ធ្វើការ​ប្រកួត​ប្រជែង​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​ដូចគ្នា។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង

លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានមាន​ប្រសាសន៍​បែបនេះ​នៅក្នុង​ពិធីផ្សព្វ​ផ្សាយផែនការ​យុទ្ធសាស្ត្រ​របស់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​រយៈពេល​៥ឆ្នាំ (២០១៤ ២០១៨) កាលពី​រសៀល​ចុងខែ​កញ្ញា​កន្លង​មកនេះ​ថាដើម្បី​ប្រកួត​ប្រជែង​ជាមួយ​បណ្តា​ប្រទេសនានា​នៅក្នុង​តំបន់​អាស៊ាន​នោះ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ត្រូវពង្រឹង​គុណភាព​បណ្តុះ​បណ្តាល​ដល់និស្សិត​ពេទ្យ​បន្ថែម​ទៀត។

លោក​រដ្ឋមន្ត្រី​បានបន្ត​ថា «ក្នុងការ​ពង្រឹង​គុណភាព​បណ្តុះ​បណ្តាល​នេះ​សាលា​ត្រូវរៀបចំ​ការប្រលង​ឲ្យមាន​គុណភាព​ផងដែរ​ពោល គឺប្រលង​តាមរយៈ​បច្ចេកវិជ្ជា។​ មាន​ន័យថា​ពេលនិស្សិត​ប្រលង​ចប់ អាចដឹង​ជាប់ធ្លាក់​តាមរយៈ​កុំព្យួទ័រ​តែម្តងហើយ បើអាច​ធ្វើបាន​វាជា​ការ​ល្អប្រសើរ ព្រោះថា​វាជា​ការកែទំរង់​ការបណ្តុះ​បណ្តាល​ប្រកប​ដោយការ​ស៊ី​ជំរៅ»។ លោក​រដ្ឋមន្ត្រី​បានលើក​ឡើងពី​ការប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប នៅឆ្នាំនេះ​ដែលមាន​បេក្ខជន​ធ្លាក់ច្រើន​ដែលបញ្ហា​នេះ គឺមក​ពីក្រសួង​អប់រំយុវជន និងកីឡា រិតបន្តឹង​ការ​ប្រលង។ ដូចនេះ​ក្រសួង​ក៏ចង់បាន​ដូចនេះដែរ​ដើម្បីឲ្យ​និស្សិត​យើងមាន​គុណភាព។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង

រូបភាព​ សហការី

ប៉ុន្តែ​ទោះ​បីជា​យ៉ាងណា​ក៏ដោយ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានបញ្ជាក់​ថាបញ្ហា​នេះវាទាម​ទារពេល​វេលា និងមាន​ការចូលរួម​ពីថ្នាក់​ដឹកនាំ​សាលា និង​សាស្ត្រាចារ្យ​ទាំងអស់​ទើបសំរេច​តាម​ផែនការ។

ក្រៅពី​ការងារ​ពង្រឹង​គុណភាព​បណ្តុះ​បណ្តាល​ហើយលោក​រដ្ឋមន្ត្រី​ក៏បានជំរុញ​ឲ្យនិស្សិត​ពេទ្យត្រូវ​រៀនភាសា​បរទេស​ពីរភាសា​គឺភាសា​បារាំង​និង​អង់គ្លេស។ ដោយលោក​ចាត់ទុក​ថាការ​រៀនភាសា​ទាំងនេះ​មានសារៈ​សំខាន់ណាស់​សំរាប់និស្សិត​យើងព្រោះ​ថានៅចុង​ឆ្នាំ២០១៥​ខាងមុខនេះ​ កម្ពុជា​ក៏ដូចជា​ប្រទេស​ជាសមាជិក​អាស៊ាន​ដ៏ទៃទៀត​ត្រូវធ្វើ​សមាហរណ​កម្មរួមគ្នា។ លោករដ្ឋ​មន្ត្រីបាន​បន្ថែមថា «ការធ្វើ​សមាហរណ​កម្មរួមគ្នា​នេះវា​ទាមទារ​ឲ្យនិស្សិត​យុវជន​ប្រទេស​នីមួយៗ មានការ​ប្រកួត​ប្រជែងគ្នា​ដើម្បីដណ្តើម​ទីផ្សារ​ការងារ​រៀងៗខ្លួន។ ដូចនេះការ​រៀនភាសា​បរទេស​ពិតជា​មានសារៈ​សំខាន់​មិនអាច​ខ្វះបាន​ឡើយ»។

លើសពី​នេះទៀត លោករដ្ឋ​មន្ត្រីក៏ជំរុញ​ឲ្យនិស្សិត​ចេះកុំព្យួទ័រ​ផងដែរ ព្រោះថា​សម័យនេះ​ការប្រើប្រាស់​បច្ចេកវិជ្ជា​ពិតជា​សំខាន់​ណាស់​ក្នុងការ​ស្រាវជ្រាវ និងទំនាក់​ទំនង​ក្នុងសង្គម។ លោករដ្ឋ​មន្ត្រីបាន​អំពាវនាវ​ថា «សូមកុំ​ប្រើប្រព័ន្ធ​បច្ចេកវិជ្ជា​នេះធ្វើ​ឲ្យប៉ះពាល់​ដល់​សីលធម៌ សេចក្តី​ថ្លៃថ្នូរ និង​វប្បធម៌​និងសង្គម​ជាតិ»៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative