ប្រជា​ពលរដ្ឋ​កម្ពុជា ៥,៨​ភាគរយ មាន​ជំងឺ​ឆ្កួតជ្រូក

តាមលទ្ធផល​​ការសិក្សា​​បង្ហាញថា នៅប្រទេស​​កម្ពុជា​​មានប្រជា​ពលរដ្ឋ​​៥,៨​​ភាគរយ​​មានជំងឺ​​ឆ្កួតជ្រូក ហើយ​៦៦%​ក្នុង​ចំណោម​​ពួកគេ​មិន​បាន​ទទួល​ការ​ព្យាបាល​ទេ។ ជំងឺឆ្កួត​​ជ្រូកជា​​ជំងឺ​ប្រព័ន្ធ​​ប្រសាទ​​រ៉ាំរ៉ៃទាក់ទង​​នឹងខួរ​​ក្បាល​ដែល​​បណ្តាល​ឲ្យ​មាន​ការ​រំខាន​ដល់​ដំណើរ​ការ​ធម្មតា​របស់​​កោសិកា​​ខួរក្បាល​ម្តងហើយ​​ម្តងទៀត និង​មិន​អាច​ស្មាន​បាន។ ការរំខាន​ដល់​កោសិកា​​ខួរក្បាល​​អាច​ប៉ះពាល់​​ដល់សតិ​​ស្មារតី​​ចលនា​​រាងកាយ​​ក្នុងរយៈ​ពេល​ខ្លី ដូចជា ប្រកាច់​កន្ត្រាក់​ដួលបែក​ពពុះមាត់​ជាដើម។

Dr Hun Chamroeurn Calmette Rabies

លោក​វេជ្ជបណ្ឌិត ហ៊ុន ចំរើន

១. តើជំងឺ​ឆ្កួតជ្រូក​ជាអ្វី?
ពាក់ព័ន្ធ​ទៅនឹង​ជំងឺ​ឆ្កួតជ្រូក​នេះដែរ លោក​វេជ្ជបណ្ឌិត ហ៊ុន ចំរើន ជាប្រធាន​ផ្នែកពិគ្រោះ​ជំងឺក្រៅ​នៃមន្ទីរពេទ្យ​កាល់ម៉ែត្រ និងជា​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែកខួរក្បាល បានប្រាប់​គេហទំព័រ​សុខភាពកម្ពុជា​ឲ្យដឹងថា​ជំងឺឆ្កួត​ជ្រូកជា​ជំងឺប្រព័ន្ធ​ប្រសាទរ៉ាំរ៉ៃ​ទាក់ទង​នឹងខួរក្បាល​ដែលបណ្តាល​ឲ្យមាន​ការរំខាន​ដល់ដំណើរ​ការធម្មតា​របស់​កោសិកា​ខួរក្បាល​ម្តងហើយ​ម្តងទៀត និងមិន​អាចស្មាន​បាន។ ការរំខាន​ដល់កោសិកា​ខួរក្បាល​អាចប៉ះពាល់​ដល់សតិ​ស្មារតី​ចលនា​រាងកាយ​ក្នុងរយៈពេល​ខ្លីឧទាហរណ៍ ប្រកាច់​កន្ត្រាក់​ដួលបែក​ពពុះមាត់​ជាដើម។ ការផ្លាស់ប្តូរ​នៃចលនា​រាងកាយនេះ​ត្រូវបានគេ​ហៅថា​ជំងឺឆ្កួត​ជ្រូក។ នៅក្នុង​ព្រះរាជា​ណាចក្រកម្ពុជា​តាមលទ្ធផល​នៃការសិក្សា​បង្ហាញថា​ជាមធ្យម​មនុស្ស​ប្រមាណ​៥,៨ភាគរយ​មានជំងឺ​ឆ្កួតជ្រូក។

២. តើអ្នក​ជំងឺឆ្កួត​ជ្រូកនៅ​កម្ពុជា​ប៉ុន្មាននាក់​ដែលទទួល​ការព្យាបាល?
ការសិក្សា​មួយចំនួន​ក្នុងប្រទេស​កម្ពុជា​បានបង្ហាញ​ឲ្យឃើញ​ថាអ្នកជំងឺ​ឆ្កួតជ្រូក​ប្រមាណ​៦៦ភាគរយ​ពុំបាន​ទទួលការ​ព្យាបាល​ត្រឹមត្រូវ ឬពុំបាន​ទទួលការ​ព្យាបាល​សោះ។

៣. តើធ្វើយ៉ាងណា​ទើបដឹង​ថានរណា​ម្នាក់មាន​សញ្ញា​ប្រកាច់ ឬស្កន្ទ?

រូបភាព Internet

រូបភាព Internet

សញ្ញា​ប្រកាច់​ឬស្កន្ទ គឺជាញឹក​ញាប់ពាក់ព័ន្ធ​នឹងសាច់ដុំ​កន្ត្រាក់​ភ្លាមៗ​ដោយឯកឯង។ មនុស្សម្នាក់​ដែលមាន​សញ្ញា​ប្រកាច់ ឬស្កន្ទ​អាចបែងចែក​ជា៤​ប្រភេទ៖

– ប្រភេទទី១៖ ការប្រកាច់ ឬកន្ត្រាក់​សាច់ដុំ​ទាំងអស់​នៃដងខ្លួន​បែកពពុះ​មាត់ភ្នែក​ស្លឺឡើង​លើខាំគែម​អណ្តាត ហើយសន្លប់​បាត់ស្មារតី​មួយសន្ទុះ​ក្រោយមក​ក៏ដឹងខ្លួន​ត្រលប់​មកវិញ ហើយភ្លេច​រឿងដែល​កើតមាន​ឡើងលក្ខណៈ​ប្រភេទនេះ​ អស់លោក​លោកស្រី​ច្រើនតែ​ឃើញញឹក​ញាប់។

– ប្រភេទទី២៖ អ្នកជំងឺ​បាត់ស្មារតី​មួយភ្លែត​ភ្នែកសំលឹង​ទៅលើ​របស់អ្វី​មួយជាប់​រាល់ការ​ទំនាក់​ទំនង​ជាមួយ​​អ្នកជុំវិញ​ខ្លួនត្រូវ​កាត់ផ្តាច់​ដូចម​នុស្សភ្លឹក។

– ប្រភេទទី៣៖ អ្នកជំងឺ​គាត់មាន​អាការៈ ដូចជា​កន្ត្រាក់ផ្នែក​ណាមួយ​នៃសាច់ដុំ​ស្រវាំងភ្នែក​ ហ៊ឹងត្រចៀក ធុំក្លិនចំលែក រកពាក្យ​និយាយ​មិនឃើញ ឬពិបាក តែពុំមាន​បាត់បង់​ស្មារតីទេ ហើយអាការៈ​នេះកើត​មាន​ដដែលៗ​ញឹកញាប់ និងរយៈពេល​ខ្លីតែ​ប៉ុណ្ណោះ និង

– ប្រភេទទី៤៖ អ្នកជំងឺ​ គាត់មាន​ចលនា ឬអាកប្ប​កិរិយាចំលែក​នៅលើផ្នែក​ណាមួយនៃ​ដងខ្លួន ហើយស្មារតី​គាត់អាច​បាត់បង់។ ពេលខ្លះ​អ្នកជំងឺ​គាត់មាន​អារម្មណ៍ថា​ដូចជាស្ថិត​ក្នុងភាព​យល់សប្តិ​គាត់មាន​អារម្មណ៍ថា​គាត់ធ្លាប់​បានជួប​ឬឃើញ​ព្រឹត្តិការណ៍ហ្នឹង​រួចមក​ហើយដែល​តាមការ​ពិតគាត់​មិនឃើញ​ឬជួបទាល់​តែសោះ។ ដូច្នេះប្រសិន​ជាមិត្តភក្តិ​ឬសមាជិក​ក្នុងគ្រួសារ​របស់អ្នក​មានអាការៈ​ដូចបាន​រៀបរាប់​ខាងលើ វាមាន​សារៈសំខាន់​ណាស់​ក្នុងការកត់​ត្រាទុកនូវ​ភាពមិន​ប្រក្រតី​ ដែលកើត​ឡើងប៉ុន្មាន​ដងកើត​ឡើងនៅ​ពេលណា និងមាន​ទ្រង់ទ្រាយ​បែបណា។ បន្ទាប់ពី​នោះអ្នកគួរ​តែទៅពិគ្រោះ​យោបល់​ជាមួយនឹង​គ្រូពេទ្យ​ជំនាញ។

៤. តើជំងឺ​ឆ្កួតជ្រូក​ជាជំងឺ​ឆ្លងដែរ​ឬទេ?

រូបភាព Internet

រូបភាព Internet

ជំងឺនេះ​បង្កឡើង​ដោយមូលហេតុ​ច្រើនបែប ប៉ុន្តែអ្នក​មិនអាចឆ្លង​ជំងឺឆ្កួត​ជ្រូកនេះ​ពីនរណា​ម្នាក់បាន​ឡើយហើយ​អ្នកដ៏ទៃ​ក៏មិនអាច​ឆ្លងពី​អ្នកបាន​ដែរនិយាយ​ឲ្យចំជំងឹ​ឆ្កួតជ្រូក​មិនមែន​ជាជំងឺ​ឆ្លងទេ។ មានតែ​មនុស្សមួយ​ចំនួនតូច​ប៉ុណ្ណោះ​ដែលអាច​មានជំងឺ​ឆ្កួតជ្រូក​លក្ខណៈ​តំណពូជ ប៉ុន្តែ​ជំងឺនេះ​ភាគច្រើន​បង្ករឡើង​ដោយសារ​តែប៉ះពាល់​ខួរក្បាល ដូចជាការ​រលាកសាច់​ខួរក្បាល រលាកស្រោម​ខួរក្បាល ឬរងការ​ប៉ះទង្គិច​ខួរក្បាល​ខ្លាំងស្ទះ ឬដាច់​សរសៃឈាម​ក្នុងខួរក្បាល​ដុំសាច់ដុះ​ក្នុងខួរក្បាល និងការ​លូតលាស់​ខួរក្បាល​មិនប្រក្រតី។

៥. តើគេអាច​ទប់ស្កាត់​សញ្ញា​ប្រកាច់ ឬស្កន់​ដោយ​របៀបណា?
ទោះបីសញ្ញា​ប្រកាច់​ឬស្កន្ទ អាចកើត​ឡើងបាន​គ្រប់ពេល​វេលាក៏ដោយ​តែកត្តា​បរិស្ថាន​ជុំវិញខ្លួន​ខ្លះអាច​ជំរុញឲ្យ​ងាយកើត​នូវការ​ប្រកាច់​ឬស្កន្ទនេះ ដូចជា​ភាពហេវហត់​អស់កម្លាំង​មានជំងឺ​ឬក៏ការ​ប្រើប្រាស់​ថ្នាំមិន​ត្រឹមត្រូវ។ ការថែទំា​ដោយខ្លួនឯង​មានសារៈ​សំខាន់​ណាស់​ក្នុងការ​គ្រប់គ្រង​ស្ថានភាព​ជំងឺ។នៅក្នុង​នោះរួមមាន​ទាំងការ​ធ្វើសកម្មភាព​ជារៀងរាល់​ថ្ងៃដើម្បី​ពង្រឹង​សុខភាព​ផ្លូវកាយ និងចិត្ត​ ទប់ស្កាត់​ជំងឺឬ​គ្រោះថ្នាក់​ដោយចៃដន្យ​ផ្សេងៗ និងសំរាក​ឲ្យបាន​សុខស្រួល។ ជៀសវាង​ការទទួលទាន​សុរា បារី និងកាហ្វេ​ជាដើម ស្វែងរក​ការគាំពារ​ពីគ្រូពេទ្យ​ជំនាញក៏​មានភាព​ចាំបាច់ដែរ​ក្នុងការគ្រប់​គ្រងជំងឺឆ្កួត​ជ្រូកនេះ​ឲ្យបានល្អ។

៦.តើជំងឺឆ្កួត​ជ្រូកអាច​ព្យាបាលឲ្យ​ជាសះស្បើយ​បានដែរ​ឬទេ?
ជំងឺឆ្កួត​ជ្រូកអាច​ព្យាបាល​បានអាច​គ្រប់គ្រងបាន និងព្យាបាល​ដោយជោគ​ជ័យដោយ​ប្រើឱសថ​ប្រឆាំងនឹង​ជំងឺឆ្កួតជ្រូក និងរបៀប​របបក្នុង​ការរស់នៅ​ប្រចំាថ្ងៃ​បានល្អ។ តែអាចជា​សះស្បើយ​បាន​ដែរ​ឬទេ គឺទាល់តែ​មើលទៅ​លើមូលហេតុ​របស់ជំងឺ​ឆ្កួតជ្រូក​នេះសិន។

៧. តើការ​ព្យាបាល​ជំងឺឆ្កួតជ្រូក​បែបណា​ដែលអាច​រកបាន?
ទិសដៅ​សំខាន់ក្នុង​ការព្យាបាល​ជំងឺឆ្កួត​ជ្រូក គឺការ​គ្រប់គ្រង​រោគសញ្ញា​ប្រកាច់​ឬស្កន្ទ ឲ្យបាន​ល្អ។ មនុស្ស​ជាច្រើន​ដែលមាន​ជំងឺឆ្កួត​ជ្រូកអាច​រស់នៅបាន​ដោយគ្មាន​រោគសញ្ញា​ប្រកាច់​ឬស្កន្ទ ដោយសារ​ទទួលបានការ​គំាពារពី​គ្រូពេទ្យជំនាញ ដែលបាន​ផ្តល់ការ​ព្យាបាលដ៏​ត្រឹមត្រូវ​ដល់អ្នក​ជំងឺ។ ឱសថ​ដែល​មាន​ប្រសិទ្ធភាព​អាចរក​បាននៅ​ក្នុងព្រះរាជា​ណាចក្រកម្ពុជា តាមរយៈ​គ្រូពេទ្យ​ជំនាញក្នុង​ការព្យាបាល​ជំងឺឆ្កួត​ជ្រូក។អស់លោក​លោកស្រី​គួរតែទាក់ទង​ទៅគ្រូពេទ្យ​ជាបន្ទាន់​ប្រសិនបើ​សមាជិក​គ្រួសារ ឬមិត្តភក្តិ​មានរោគ​សញ្ញាជំងឺ​ឆ្កួតជ្រូក ដូចបាន​រៀបរាប់​ខាងលើ។ ពាក់កណ្តាល​​នៃអ្នក​ជំងឺឆ្កួត​ជ្រូក មានកតា្ត​ជាច្រើន​ដែលត្រូវ​តាមដាន​ដូចខាង​ក្រោមនេះ។

– ឥទ្ធិពល​របស់ហ្សែន៖ ប្រភេទ​ជំងឺឆ្កួតជ្រូក​មួយចំនួន​ដែលស្ថិត​ក្នុងប្រភេទ​ប្រកាច់ អាចនឹង​កើតទាំង​ពូជ។ ករណីនេះ ទំនងជា​មានឥទ្ធិពល​ណាមួយ​ទៅលើ​ហ្សែន​របស់​មនុស្ស។ បើតាម​អ្នកស្រាវជ្រាវ​បានបង្កើត​ទំនាក់ទំនង​ប្រភេទជំងឺ​ឆ្កួតជ្រូក​មួយចំនួន​ទៅ កាន់ហ្សែន​ពិសេសៗ ដូច្នេះវា​ត្រូវបាន​គេប៉ាន់​ស្មានដឹងថា មានរហូត​ដល់ ៥០០ហ្សែន ដែលអាច​កើតជា​ជំងឺនេះ​បាន។ សម្រាប់​មនុស្ស​ភាគច្រើន ហ្សែនគឺ​ជាផ្នែក​តែមួយគត់​ដែលធ្វើអោយ​មានជំងឺ​ឆ្កួតជ្រូក។ ហ្សែន​ជាច្រើន​ប្រហែលជា​ធ្វើអោយ​មនុស្សម្នាក់​ងាយនឹង​ប្រកាច់​ណាស់។

– ប៉ះទង្គិច​ក្បាល៖ ការប៉ះ​ទង្គិចក្បាល​ដែលកើត​មានដោយ​សារគ្រោះ​ថ្នាក់​ចរាចរណ៍ ឬការមាន​របួស​ផ្សេងៗទៀត អាច​បណ្តាល​អោយមាន​ជំងឺឆ្កួត​ជ្រូកបាន។

– ស្ថានភាព​ខួរក្បាល៖ ស្ថានភាព​ខួរក្បាល​ដែលជា​លទ្ធផល​មកពីការ​ខូចខាត​ខួរក្បាល ដូចជាដុំសាច់​ក្នុងខួរ​ក្បាល ឬដាច់​សរសៃឈាម​ខួរក្បាល សុទ្ធតែ​អាចបណ្តាល​អោយមាន​ជំងឺឆ្កួត​ជ្រូកបាន​ដែរ។ ការដាច់​សរសៃ​ឈាមខួរក្បាល គឺជាមូលហេតុ​មួយនៃ​ជំងឺឆ្កួតជ្រូក​លើមនុស្ស ពេញវ័យ​ជាងមនុស្ស​អាយុច្រើន​ជាង ៣៥ឆ្នាំ។

– ជំងឺឆ្លង៖ ជំងឺឆ្លង ដូចជា​រលាកស្រោម​ខួរក្បាល, ជំងឺអេដស៍ និងជំងឺ​រលាកខួរក្បាល​ដោយសារ​វីរ៉ុស សុទ្ធតែ​បណ្តាល​អោយមាន​ជំងឺឆ្កួត​ជ្រូកបាន។

– ការមានរបួសលើទារកមិនទាន់កើត៖ មុនពេលកើត ទារកងាយនឹងមានបញ្ហាខូចខួរក្បាលណាស់ដែលវាអាចបណ្តាលមកពីកត្តា ជាច្រើនដូចជា ការបង្ករោគឆ្លងលើម្តាយ, កង្វះអាហារូបត្ថម្ភ ឬកង្វះអុកស៊ីសែន។ ការខូចខួរក្បាលនេះអាចបណ្តាលមកពីជំងឺឆ្គួតជ្រូក ឬខូចខួរក្បាលមួយចំហៀង។

– ជំងឺខូច​ការលូតលាស់៖ ជំងឺឆ្កួត​ជ្រូកពេល​ខ្លះអាច​មានជាប់​ទាក់ទងនឹង​ជំងឺខូចការ​លូតលាស់ ដូចជាជំងឺ​សរសៃ​ប្រសាទ​ដែលពុំអាច​ទំនាក់ទំនង​ជាមួយអ្នក​ដទៃបាន​ជាដើម៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative