JICA ប្រគល់​ពានរង្វាន់​ដល់កម្មវិធី​ជាតិកំចាត់​រោគ​របេង

ក្នុងគោលដៅ​លើកទឹក​ចិត្ត ចំពោះ​ភាពជោគជ័យ​នៃការ​កំចាត់​ជំងឺរបេង​នៅកម្ពុជា ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​នៃប្រទេស​ជប៉ុន (JICA) បាន​សម្រេច​ប្រគល់​ពានរង្វាន់​ដល់កម្ម​វិធីជាតិ​កំចាត់​ជំងឺរបេង ដែលបាន​ទទួល​ជោគជ័យ​ក្នុងការ​កាត់បន្ថយ​អត្រាឈឺ និង​អត្រាស្លាប់​៥ភាគរយ​ប្រចាំឆ្នាំ។

លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង

លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង

លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង នាយក​មជ្ឈមណ្ឌល​ជាតិកំចាត់​ជំងឺរបេង បានមាន​ប្រសាសន៍​ឲ្យគេហទំព័រ​សុខភាពកម្ពុជា ដឹងកាល​ពីថ្ងៃទី​៣០កន្លង​មកថា​អង្គការ JICA បានសម្រេច​ប្រគល់ពាន​រង្វាន់ទទួល​ស្គាល់នូវ​ជោគជ័យ នៃការ​កំចាត់រោគ​របេង​នៅប្រទេស​កម្ពុជា ដោយសារ​នៅឆ្នាំនេះ ជាឆ្នាំ​ពិសេស​មួយនៃ​កម្មវិធីជាតិ​កំចាត់​រោគរបេង ព្រោះកាល​ពីដើម​ឆ្នាំនេះ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​សហរដ្ឋ​អាមេរិក (USAID)បានសម្រេច​ផ្តល់ពាន​រង្វាន់​ជើងឯក ក្នុងការ​ប្រយុទ្ឋ​ជំងឺរបេង​ដល់ក្រសួង​សុខាភិបាល​កាលពីដើម​ខែមិនា​កន្លង​មកនេះ ហើយនៅ​ខែសីហា​កន្លងមកនេះ នៅទីស្នាក់​ការកណ្តាល​របស់​អង្គការ JICA​ប្រចាំទី​ក្រុងតូក្យូ​បានសម្រេច​ប្រគល់ពាន​រង្វាន់ ទទួលស្គាល់​នូវភាព​ជោគជ័យ​នៃកម្មវិធី​ជាតិកំចាត់​រោគរបេង។

លោកបន្តថា “ការប្រគល់​ពានរង្វាន់​នេះដោយ​សារភាព​ជោគជ័យ​នៃកម្មវិធី​ជាតិកំចាត់​រោគរបេង និងភាព​រ៉ឹងមាំ​របស់​កម្មវិធីជាតិ​កំចាត់​រោគ​របេងនៃ​ក្រសួង​សុខាភិបាល”។ លោក​បន្តថា “រយៈពេល​១០ឆ្នាំ​ចុងក្រោយ​នេះ កម្មវិធីជាតិ​ជាតិកំចាត់​រោគរបេង​សម្រេចបាន​ជោគជ័យ​ជាច្រើន ដោយធ្វើ​ឲ្យអត្រា​ប្រេវ៉ាទ្បង់ (កើតមាន​ជំងឺរបេង​ថ្មី) បានធ្លាក់ចុះ​ក្នុងកម្រិត​៥ភាគរយ​ក្នុងមួយឆ្នាំ និងអត្រា​ស្លាប់បាន​ធ្លាក់ចុះ​៥.៥ភាគរយ”។

ការប្រគល់​ពានរង្វាន់​នេះ នឹងធ្វើ​នៅទីក្រុង​ភ្នំពេញក្នុង​ពេលឆាប់ៗ​ខាងមុខនេះ។ លោក​​វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង បានបន្ត​ថា ជាក់ស្តែង​ក្នុងរយៈពេល​៦ខែ​ដើម​ឆ្នាំ២០១៤នេះ ការស្រាវជ្រាវ​រកជំងឺ​របេង​ទូទាំង​ប្រទេស កម្មវិធីជាតិ​បានរក​ឃើញអ្នក​ជំងឺរបេង​សរុបចំនួន​២.០៨៦៤​នាក់ បានដាក់​ឲ្យព្យាបាល​មានការ​កើនទ្បើង​បន្តិច​កាលពី​ឆ្នាំមុន ដែលជាការ​បញ្ជាក់ពី​ភាពជោគជ័យ​នៃកម្មវិធី​ជាតិ​នៅឆ្នាំនេះ ដោយសារ​គោលដៅ​របស់យើង គឺរកអ្នក​ជំងឺរបេង ឲ្យបាន​សរុប​ចំនួន ៤០.០០០​ករណី​នៅដំណាច់​ឆ្នាំនេះ។

លោកបន្តថា “ភាពជោគ​ជ័យនេះ ដោយសារ​ការគាំទ្រ​ពីរាជរដ្ឋាភិបាល អាជ្ញាធរ​ដែនដី អ្នកស្ម័គ្រ​ចិត្ត និងពី​អង្គការ​ដៃគូ​អភិវឌ្ឈន៍ ដូចជា JICA, USAID, Global Fund, WFP និង​អង្គការ​WHO ”។ លោក​បន្តថា “រហូតមក​ទល់ពេល​នេះកម្មវិធី​ជាតិសម្រេច​ពង្រីក​សេវា​បានច្រើន​ទ្បើងៗ ដែលរហូត​មកទល់​ពេលនេះ​នៅទូទាំង​ប្រទេស មាន​មន្ទីរពេទ្យ មណ្ឌល​សុខភាព និងប៉ុស្ត៍​សុខភាព​១៣១៤​កន្លែង មានសេវា​ពិនិត្យ និងព្យាបាល​ជំងឺរបេង”។

លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង បាន​បន្តថា នៅឆ្នាំនេះ​ដោយសារ​យើងបាន​ពង្រីក ការស្រាវ​ជ្រាវរក​ជំងឺរបេង​តាមបែប​អកម្មនៅ​តាមមន្ទីរពេទ្យ មណ្ឌល​សុខភាព និងប៉ុស្ត៍​សុខភាព​ចំនួន១.៣១៤​កន្លែង និងពង្រីក​ការស្រាវជ្រាវ​ជំងឺរបេង​តាមបែប​សកម្ម នៅតាម​ការិយាល័យ​សុខាភិបាល​ស្រុកប្រតិបត្តិ​(OD)​ចំនួន២០​កន្លែង និងការ​ដាក់មន្រ្តី​កម្មវិធី​ជាតិ ចុះស្រាវជ្រាវ​សកម្មនៅ​តាម​OD​ទាំងនោះ គឺជាការ​បំពេញ​បង្រ្គប់ការ​ស្រាវជ្រាវ និង​ព្យាបាល​អ្នកជំងឺ​របេង​បានតាម​ផែនការ និងទាន់​ពេលវេលា។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤

Google Analytics Alternative