រដ្ឋមន្រ្តី​សុខាភិបាល​ជំរុញឲ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល​បង្កើនការ​ស្រាវជ្រាវ​វេជ្ជសាស្រ្ត​ថ្មីៗ

ក្នុងគោលដៅ​ពង្រឹង​និង​ពង្រីក​ចំណេះដឹង​លើផ្នែក​ស្រាវជ្រាវ លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​សុខាភិបាល​បានជំរុញ​ឲ្យ សាកល​វិទ្យា​ល័យ​វិទ្យាសាស្រ្ត​សុខាភិបាល​ពង្រីកការ​ស្រាវជ្រាវ​របកគំហើញ​ថ្មីៗ សម្រាប់ជា​ប្រយោជន៍​ដល់សង្គម។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានមាន​ប្រសាសន៍​ក្នុពិធី​ផ្សព្វផ្សាយ​ឯកសារ​ផែនការ​អភិវឌ្ឈន៍​សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល កាលពី​រសៀលថ្ងៃ​ទី២៩ កញ្ញា​កន្លងមក​ថា លោកមាន​បំណងឲ្យ​សាកលវិទ្យាល័យនេះ ដើរតួនាទី​សំខាន់​ក្នុងការ​ស្រាវជ្រាវ​ផ្នែកវេជ្ជសាស្រ្ត និងសង្គម ព្រោះរបក​គំហើញ​ថ្មីៗនៅលើ​ពិភពលោក​បច្ចុប្បន្ន​ចេញពី​សាកលវិទ្យាល័យ។ លោក​បន្តថា របក​គំហើញផ្នែក​វេជ្ជសាស្រ្ត​ឬសង្គម​ថ្មីៗ នឹងអាច​ប្រើប្រាស់​ជាទុន ឬផែនការ​អភិវឌ្ឈន៍​ជាតិ និង​អន្តរជាតិ ហេតុនេះ​សូមលោក​សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិត​ចូលរួម​សហការ​ជាមួយ​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ ដើម្បីទទួល​បានជោគជ័យ​លើការងារ​នេះ។

លោក​បន្តថា “ក្រសួង​មានបំណង​បង្កើត​អង្គភាព​បង្គោលមួយ ចំណុះឲ្យ​សាកលវិទ្យាល័យ​នេះ ដើម្បីពង្រីក​មូលដ្ឋាននៃ​ការស្រាវជ្រាវ​វេជ្ជសាស្រ្ត​និងសង្គម​នេះបន្ថែម​ទៀត”។ លោក​បន្តថា “បច្ចុប្បន្ន​ការស្រាវជ្រាវ​ផ្នែកអេពីដេមី​សាស្រ្ត និងផ្នែក​សង្គមមិន​សូវមាន​អ្នកចូលចិត្ត​ទេ ប៉ុន្តែ​នៅពេលណា​មួយពួកគេ​នឹងចាប់​អារម្មណ៍​ធ្វើការងារ​នេះ នៅពេល​មានតម្រូវការ​ទីផ្សារខ្ពស់។ បច្ចុប្បន្ន​ការងារនេះ​មិនសូវ​មានទីផ្សារ ក៏មិន​សូវមាន​អ្នកពេញ​ចិត្តធ្វើ យើងមិន​អាចបន្ទោស​ពួកគេ​បាននោះទេ”។

ក្នុងការ​លើកទ្បើង​ពីផែនការ​អភិវឌ្ឈន៍ សាកលវិទ្យាល័យ​រយៈពេល​៥ឆ្នាំ ២០១៤ ២០១៨ លោកសាស្រ្តាចារ្យ​សាផុន វឌ្ឈនៈ​សាកលវិទ្យាធិការ​នៃសាកល​វិទ្យាល័យ​​វិទ្យាសាស្រ្ត​សុខាភិបាល បានចាត់​ទុកការ​ស្រាវជ្រាវ​ជាផ្នែក​សំខាន់មួយ​នៃផែនការ​ចំនួន៦​ចំណុច ដើម្បី​អភិវឌ្ឈន៍​សាកលវិទ្យាល័យ​នេះ​នៅ​រយៈពេល​៥ឆ្នាំ​ខាងមុខ ប៉ុន្តែ​ដើម្បី​សម្រេចបាន​នូវសូចនាករ​ទាំងនេះ សាកលវិទ្យាល័យ​ត្រូវការ​ទាំងធនធាន​មនុស្ស និង​ធនធាន​ថវិកា​គ្រប់គ្រាន់ ប៉ុន្តែ​តាមរយៈ​ការសិក្សា​ប៉ាន់ស្មាន​ហិរញ្ញប្បទាន លើផែនការ​យុទ្ឋសាស្រ្ត​នេះ យើងឃើញថា​ថវិកាដែល​សាកលវិទ្យាល័យ​មាន នឹងពុំ​គ្រប់គ្រាន់​សម្រាប់​អនុវត្ត​ឲ្យបាន​នូវ​គោលដៅ​ទាំងនេះទេ។

សូមអាន UHS ផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ផែនការយុទ្ឋសាស្រ្តរយៈពេល៥ឆ្នាំ

លោកបន្តថា “ខ្ញុំសង្ឃឹម​យ៉ាងមុតមាំ​ថា​ផែនការ​យុទ្ឋសាស្រ្តនេះ នឹងក្លាយជា​ឯកសារគោល​មួយរបស់​សាកលវិទ្យាល័យ សម្រាប់ប្រើប្រាស់​ក្នុងការ​គៀងគរ
ធនធាន និង​កិច្ចសហ​ប្រតិបត្តិ​ការជាមួយ​ដៃគូ​សហការ​ផ្សេងៗ របស់​សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល ក្នុងការធ្វើ​យ៉ាងណា​សម្រេច​ឲ្យបាននូវ​គោលដៅ​ដូចបាន​កំណត់នា​ដំណាច់​ឆ្នាំ២០១៨”៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative