UHS ផ្សព្វផ្សាយ​ដាក់ឲ្យ​ប្រើប្រាស់​ផែនការ​យុទ្ឋសាស្រ្ត​រយៈពេល​៥ឆ្នាំ

ក្នុងគោលដៅ​បង្កើននូវ​គុណភាព និង​ប្រសិទ្ឋិភាព​នៃការបណ្តុះ​បណ្តាល​ សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល (UHS) បានផ្សព្វ​ផ្សាយជា​ផ្លូវការនូវ​ផែនការ​យុទ្ឋសាស្រ្ត​រយៈពេល​៥ឆ្នាំ ចាប់ពី​ឆ្នាំ២០១៤ ដល់​២០១៨។

រូបភាព គេហទំព័រ សុខភាពកម្ពុជា

រូបភាព គេហទំព័រ សុខភាពកម្ពុជា

លោកសាស្រ្តាចារ្យ សាផុន វឌ្ឈនៈ សាកលវិទ្យា​ធិការសាកល​វិទ្យាល័យ វិទ្យាសាស្រ្ត​សុខាភិបាល បានមាន​ប្រសាសន៍​ក្នុងពិធី​ផ្សព្វផ្សាយ​ជាផ្លូវការ​ផែនការ​យុទ្ឋសាស្រ្ត​របស់​សាកលវិទ្យាល័យ កាលពី​ល្ងាចថ្ងៃ​ទី២៩ កញ្ញា​កន្លង​មកថា ផែនការ​យុទ្ឋសាស្រ្ត​របស់​សាកលវិទ្យាល័យ វិទ្យាសាស្រ្ត​សុខាភិបាល បានកំណត់​គោលដៅ​ចំនួន៦ រួមមាន ទី១ សម្រេច​បាននូវ​ការទទួល​ស្គាល់ទាំង​ឧត្តមភាព​ការសិក្សា និងការ​អភិវឌ្ឈ​និស្សិត គ្រូ ទី២ ត្រូវបាន​ទទួល​ស្គាល់ជា​សាកល​វិទ្យាល័យ​នាំមុខគេ​មួយក្នុងការ​ស្រាវជ្រាវ និងរបក​គំហើញ​វិទ្យាសាស្រ្ត​សុខាភិបាល​ថ្មីៗនៅ​កម្ពុជា ទី៣ ចូលរួម​ចំណែក​ក្នុងការ​ផ្តល់សេវា​ឲ្យឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​សហគមន៍ ទី៤ ធ្វើទំនើប​កម្ម ព្រមទាំង​លើកកំពស់​អភិបាលកិច្ច​ល្អ និងទី៥ មានធនធាន​សមស្រប​ទាំងធនធាន​មនុស្ស ថវិកា និង​ហេដ្ឋារចនា​សម្ព័ន្ឋ​សំរាប់ធ្វើការ​អភិវឌ្ឈទៅ​រកឧត្តមភាព និងទី៦ ពង្រឹងនិង​ពង្រីក​សហប្រតិបត្តិ​ការអន្តរជាតិ។

លោកបន្តថា “ដើម្បី​សម្រេច​បាននូវ​សូចនាករ​ទាំងនេះ សាកល​វិទ្យាល័យ ត្រូវការ​ទាំងធនធាន​មនុស្ស និង​ធនធាន​ថវិកា​គ្រប់គ្រាន់ ប៉ុន្តែ​តាមរយៈការ​សិក្សា​ប៉ាន់ស្មាន​ហិរញ្ញប្បទាន លើ ផែនការ​យុទ្ឋសាស្រ្ត​នេះ យើងឃើញ​ថា​ថវិកា​ដែលសាកល​វិទ្យាល័យ​មាន នឹងពុំគ្រប់គ្រាន់​សម្រាប់​អនុវត្តឲ្យ​បាននូវ​​គោល​ដៅ​ទាំងនេះទេ”។ លោកបន្តថា “ខ្ញុំសង្ឃឹម​យ៉ាងមុតមាំ​ថាផែន​ការ​​យុទ្ឋសាស្រ្តនេះ នឹងក្លាយ​ជាឯកសារ​គោលមួយ​រ​បស់​សាកលវិទ្យាល័យ សម្រាប់​ប្រើប្រាស់​ក្នុងការគៀងគរ​ធនធាន និង​កិច្ចសហ​ប្រតិបត្តិការ​ជាមួយដៃគូ​សហការ​ផ្សេងៗ របស់​សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល ក្នុងការ​ធ្វើយ៉ាងណា​សម្រេចឲ្យ​បាននូវ​គោលដៅ ដូចបាន​កំណត់នា​ដំណាច់​ឆ្នាំ២០១៨”។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល បានមាន​ប្រសាសន៍​សម្តែងនូវ​ការកោត​សរសើរ​ដល់ថ្នាក់​ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ​របស់​សាកលវិទ្យាល័យ ដែលបាន​រៀបចំ​នូវផែនការ​យុទ្ឋសាស្រ្ត​រយៈពេល​៥ឆ្នាំនេះ​ទ្បើង ដោយលោក​បានមាន​ប្រសាសន៍ថា យុទ្ឋសាស្រ្ត​ចតុកោណ​ដំណាក់​កាលទី៣ នៃរាជ​រដ្ឋាភិបាល​អាណត្តិទី៥ ក្រោមការ​ដឹកនាំដ៏​ឈ្លាសវៃ​របស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តីកម្ពុជា បានកំណត់​គោលដៅ​អភិវឌ្ឈន៍ ប្រកប​ដោយចីរភាព​រយៈពេល​វែង ដោយ​ផ្តោត​​អាទិភាព​​កាន់តែ​ខ្លាំងទ្បើង លើការ​អភិវឌ្ឈន៍​ធនធាន​មនុស្ស ព្រមទាំង​បន្តពង្រឹង​សមត្ថភាព និង​អភិបាល​កិច្ច​នៃស្ថាប័ន​រដ្ឋទាំង​ថ្នាក់ជាតិ និងថ្នាក់​ក្រោមជាតិ ដើម្បី​ធានាបាន​នូវប្រសិទ្ឋិភាព និងភាព​ស័ក្តិសិទ្ឋិ​នៃសេវា​សាធារណៈ​សំដៅបម្រើ​ប្រជា ពលរដ្ឋ​ឲ្យកាន់តែ​ប្រសើរទ្បើង។

លោក​បន្តថា ឈរលើ​មូលដ្ឋាននេះ ក្រសួង​សុខាភិបាល​បានផ្តោត​អាទិភាព​លើចំណុច​សំខាន់ៗ​ចំនួន​បី ដូចជា ទី១ លើក​កំពស់​គុណ ភាពសេវា​តាមរយៈ​ការពង្រីក​សមត្ថភាព​បច្ចេកទេស ទី២ ការបង្កើន​គុណភាព​នៃការបណ្តុះ​បណ្តាល​មូលដ្ឋាន និងការ​បណ្តុះបណ្តាល​បន្ត និងទី៣ ការពង្រឹង​ក្រមសីលធ៌ម​វិជ្ជាជីវៈ ។

លោក​រដ្ឋមន្រ្តី​បានបន្តថា “ផែនការ​យុទ្ឋសាស្រ្ត​រយៈពេល​៥ឆ្នាំនេះ បានកំណត់​យ៉ាងច្បាស់​លាស់​នូវចក្ខុ​វិស័យ បេសកកម្ម គោលការណ៍​ជាមគ្គុទេសក៍ គោលដៅ​ជាយុទ្ឋសាស្រ្ត និងសកម្មភាព​សំខាន់ៗ ដែលគ្រោង​នឹងអនុវត្ត​ក្នុងរយៈពេល​៥ឆ្នាំ​ខាងមុខ”។ លោកបន្ថែម​ថា “ឯកសារនេះ​បានរំលេច​ឲ្យឃើញ​នូវសូចនាករ​នានា សម្រាប់​តាមដាន​ត្រួតពិនិត្យ អនុវត្តន៍​ផែនការ​ប្រកប​ដោយ​ប្រសិទ្ឋភាព និង​ការប៉ាន់​ប្រមាណ​តម្រូវការ​ធនធាន សម្រាប់​ការអនុវត្ត​ឲ្យ​សម្រេច​នូវគោលដៅ​កំណត់​ទាំងនេះ”៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative