គ្រោះថ្នាក់​ការងារ​បណ្តាល​ឲ្យកម្មករ​និយោជិត​៤៦នាក់​ស្លាប់ ដួលសន្លប់​ចំនួន​៨០៦​នាក់ និង​របួស​ធ្ងន់ស្រាល​ជិត៩​ពាន់នាក់

តាមលទ្ធផល​នៃការ​អង្កេត​របស់​បេឡាជាតិ​របប​សន្តិសុខ​សង្គម​បានឲ្យដឹង​ថាគ្រោះថ្នាក់​ការងារ​ដែលរាយ​ការណ៍ពី​បណ្តាល​សហគ្រាស​គ្រឹះស្ថាន​តាម​បណ្តា​រាជធានី ខេត្តនៅ​ទូទាំង​ប្រទេស​ មានចំនួន​៨៧៣៤​នាក់ក្នុង​នោះគ្រោះ​ថ្នាក់កន្លែង​ធ្វើការ​មានចំនួន​៦២០០នាក់ និងគ្រោះថ្នាក់​ពេលធ្វើ​ដំណើរ​មានចំនួន​២៥៣៤​នាក់។ ចំពោះកំរិត​នៃរបួសវិញ មានរបួស​ស្រាលចំនួន​៧៩៣៨​នាក់របួស​ធ្ងន់មាន​៧៥០នាក់ និងស្លាប់​ចំនួន​៤៦នាក់។

រូបភាព សហការី

រូបភាព សហការី

តាមរបាយការណ៍​របស់​បេឡា​ជាតិរបប​សន្តិសុខ​សង្គម​បានឲ្យ​ដឹងថា សំរាប់ឆមាស​ទី១​ឆ្នាំ២០១៤​នេះ បេឡាជាតិ​របប​សន្តិសុខ​សង្គម​បានទទួល​របាយការណ៍​ហានិភ័យ​ការងារពី​បណ្តា​សហគ្រាស​គ្រឹះស្ថាន​នានា នៅទៅ​ទាំងប្រទេស​ចំនួន​៨០៧២​ករណី មានកម្មករ​និយោជិត​ចំនួន​៩៣៦៧​នាក់ ស្រីចំនួន​៦៨៤០នាក់។ ប៉ុន្តែតាម​លទ្ធផល​នៃការ​សើបអង្កេត​បានបង្ហាញ​ថា​គ្រោះថ្នាក់​ការងារ​មានចំនួន​៨៧៣៤​នាក់ ក្នុងនោះ គ្រោះថ្នាក់​កន្លែង​ធ្វើការ​មានចំនួន​៦២០០នាក់ និង​គ្រោះថ្នាក់​ពេលធ្វើ​ដំណើរ​មានចំនួន​២៥៣៤នាក់។ ចំពោះកំរិត​នៃរបួសវិញ មានរបួស​ស្រាលចំនួន​៧៩៣៨​នាក់​របួសធ្ងន់​មាន៧៥០​នាក់ និងស្លាប់​ចំនួន​៤៦នាក់។

ចំនួននេះ​បើធៀបនឹង​ឆមាសទី១ ឆ្នាំ២០១៣ មានការ​កើនឡើង​តែករណី​ស្លាប់មាន​ការថយចុះ​ដោយ៦ខែ ឆ្នាំ២០១៣ មានបេឡា​ជាតិរបប​សន្តិសុខ​សង្គម ទទួលបាន​របាយការណ៍​ហានិភ័យ​ការងារមាន​ចំនួន​៧០៤៣នាក់ របួសស្រាល​ចំនួន៦៥១៩​នាក់ របួសធ្ងន់​៤៦៨នាក់ និងស្លាប់​៥៤នាក់។

នៅក្នុង​ឆមាសទី១​ឆ្នាំនេះដែរ ក៏មាន​កម្មករដួល​សន្លប់​ចំនួន៨០៦​នាក់នៅតាម​សហគ្រាស​ចំនួន១៤ បើធៀប​នឹងឆ្នាំ​២០១៣​រយៈពេល​ដូចគ្នាមាន​កម្មករ​ដួលសន្លប់​ចំនួន៣៩៨​នាក់នៅ​តាមរោង​ចក្រ​ចំនួន៦។

លោក ឡេង តុង ប្រធាន​នាយកដ្ឋាន​ពេទ្យការងារ​នៃក្រសួងការងារ និង បណ្ដុះ បណ្ដាលវិជ្ជាជីវៈ បានមាន​ប្រសាសន៍ ថា អាកាសធាតុ គឺជាបញ្ហា​ធំមួយ​ដែលបង្ក​ឲ្យមាន​ការដួល​សន្លប់​នៅក្នុង​ឆ្នាំនេះ។

លោកបើ​តាមការ​ស្រាវជ្រាវ​លើបញ្ហា​កម្មករ​និយោជិក​ដួលសន្លប់​នេះ​ ក្រៅពី​បញ្ហា​អាកាសធាតុ​ហើយ ក៏នៅមាន​បញ្ហាមួយ​ចំនួនទៀត​ដែរ​ ដូចជា​ការបរិភាគ​មិនគ្រាប់គ្រាន់​របស់កម្មករ​កម្មាការី​និយោជិក​ដែលជាហេតុ​ធ្វើឲ្យគេ​មានកំលាំង​ខ្សោយមិន​អាចទ្រាំទ្រ​នឹងធាតុ​អាកាសបាន​ ឬក៏មិន​អាចទ្រាំ​នឹងការធំ​ក្លិននូវ​សារធាតុ​គីមីដែល​មាននៅ​ក្នុងរោងចក្រ។

ក្នុងការ​ទប់ស្កាត់​បញ្ហានេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានធ្លាប់​បានមាន​ប្រសាសន៍ថា​ក្រសួងការងារ​បានចាត់​វិធានការ​មួយចំនួន​ក្នុងនោះ​រួមមាន​ត្រូវលើក​កំពស់​បទដ្ឋាន​អនាម័យ​នៅតាម​រោងចក្រ​សហគ្រាស​នានា ពិសេស​រោងចក្រ​ដែលតែងតែ​មានកម្មករ​ដួលសន្លប់​ជាញឹកញាប់​ត្រូវតែ​ធ្វើការ​រិតបន្តឹង​បន្ថែមទៀត ហើយចំពោះ​រោងចក្រ​ឬសហគ្រាស​ណាមួយ​ដែលមាន​ករណី​កម្មករដួល​សន្លប់​ដដែលៗ​នោះ ក្រសួងនឹង​ចាត់វិធាន​ការតាម​ផ្លូវច្បាប់៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative