ជំងឺថ្លើម​ប្រភេទ B និង C រ៉ាំរ៉ៃ ច្រើនកើត​លើមនុស្ស​អាយុ​ចន្លោះ​ពី២៥​ដល់​៣០​ឆ្នាំ

តាមរបាយ​ការណ៍​របស់អង្គការ​សុខភាព​ពិភពលោក បានឲ្យ​ដឹងថា ជំងឺ​មហារីក​ថ្លើមនៅ​ប្រទេស​កម្ពុជា​ជាប់ចំណាត់​ថ្នាក់ទី៩ នៅលើ​ពិភពលោក។ របាយ​ការណ៍នោះ​ឲ្យដឹង​ទៀតថា កាលពី​ឆ្នាំ២០១២​កន្លង​ទៅមាន អ្នកស្លាប់​ដោយសារ​ជំងឺមហារីក​នេះចំនួន​៧៤៦.០០០​ករណីនៅ​ទូទាំង​ពិភពលោក។នៅតំបន់​អាស៊ី ការព្យាបាល​ជំងឺ​មហារីក​ថ្លើមនេះ អាចជួយ​ពន្យារ​អាយុជីវិត​អ្នកជំងឺ​រហូត​ដល់៤៧% ហើយអ្នក​មិនទៅ​ព្យាបាល​អាចរស់​បានជាង​៤ខែ រីឯអ្នក​ទទួល​បានការ​ព្យាបាល​អាចរស់​បានរហូត​ដល់ជាង​៦ខែ។

លោក​វេជ្ជបណ្ឌិត សុខ សុធា

លោក​វេជ្ជបណ្ឌិត សុខ សុធា

លោក​វេជ្ជបណ្ឌិត សុខ សុធា ឯកទេស​ជំងឺ​មហារីក និង​គ្រាប់ឈាម​នៅមន្ទីរពេទ្យ​កាល់ម៉ែត្រ ថ្លែងប្រាប់គេហទំព័រ​សុខភាពកម្ពុជា ឲ្យដឹងថា នៅឆ្នាំ​២០១៤នេះ ជំងឺ​មហារីក​ថ្លើមមាន​ការកើន​ឡើង បើទោះជា​កម្ពុជា​មិនទាន់​ស្រង់ទិន្នន័យ​ឲ្យបានច្បាស់​លាស់ក៏ដោយ។ លោក​បញ្ជាក់ថា មូលហេតុ និង​កត្តា​គ្រោះថ្នាក់​នៃជំងឺ​មហារីក​ថ្លើម បណ្តាលមក​ពីជំងឺថ្លើម​ប្រភេទ B និង C រ៉ាំរ៉ៃ ច្រើនកើត​លើមនុស្ស​អាយុចន្លោះ​ពី២៥​ដល់៣០​ឆ្នាំ ដោយសារ​ពួកគេ​ភាគច្រើន ពិសារ​គ្រឿង​ស្រវឹង ទទួលទាន​គ្រាប់ធុញ្ញ​ជាតិ និងអាហារ​ដែលមាន​ឆ្លងមេរោគ​ផ្សិត ដូចជា​សណ្តែក​ដីក្រៀម ម្ទេសក្រៀម និងខ្លឹម​ជាដើម។

លោកវេជ្ជបណ្ឌិត សុខ សុធា បានឲ្យ​ដឹងទៀតថា​ជំងឺមហា​រីកថ្លើម គឺជា​ជំងឺមហារីក ជាប់ចំណាត់​ថ្នាក់ទី៥ ក្នុងចំណោម មហារីក​ទាំងឡាយ ដែលច្រើន កើត​ឡើង​ញឹកញាប់ និង ជាប់ចំណាត់ ថ្នាក់ទី៣ ដែល​បណ្ដាល​ឱ្យមាន​ការស្លាប់​នៅទូទាំង​ពិភពលោក។ ជំងឺមហា​រីកថ្លើម កើតឡើង​ដោយសារ​តែអន្ដរកម្ម នៃកត្ដា​បរិស្ថាន ដូចជា​វីរុស និង​សារធាតុគីមី និងកត្ដា​ហ្ស៊ែនជាច្រើន ដែលធ្វើ​ឱ្យមានការផ្លាស់​ប្ដូរនៅក្នុង​កោសិកា​ថ្លើម។

ទាក់ទិន​នឹងអាការៈ​នៃជំងឺ​ថ្លើមប្រភេទ​បេនេះ លោកបាន​ពន្យល់​បន្ថែមថា អាការៈ និងរោគ​សញ្ញា​របស់ជំងឺ​មហារីក​ថ្លើមដែល​ច្រើនកើត​ឡើង រួមមាន អស់​កំលាំងខ្សោយ មិនស្រួល​ក្នុងពោះ​ផ្នែកខាងលើ លែងឃ្លាន​អាហារ ស្រក​ទំងន់ ហើមពោះ ឡើងលឿង។ រោគសញ្ញា​ទាំងនេះ បញ្ជេញតែ​នៅពេល ដែលជំងឺ​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ ហើយដល់​ពេលនោះ អ្នកជំងឺ​ស្ទើរតែ​ទាំងអស់ មិនអាច​ធ្វើការ​វះកាត់បាន ដែលត្រូវ​បានគេ​ដឹងថា ជាវិធី​សាស្ដ្រ ដែលអាច​ព្យាបាល ឱ្យជា​សះស្បើយ បាន។

ចំពោះ​ការព្យាបាលវិញ លោកបាន​បញ្ជាក់ថា ក្រៅពី​ការវះកាត់​ចេញ វាមាន​ជំរើសវះកាត់​ផ្សេងៗទៀត ដូចជា ការប្ដូរ​ថ្លើម ប្រើកាំ​រស្មី (Radio-frequency ablation) និង ចាក់អេ​តាណុល (ethanol) ចូលទៅ​ក្នុងដុំនោះ។ ជំរើស ក្នុងការ​ព្យាបាល វាអាស្រ័យ​លើ​តួនាទី​ថ្លើម​ របស់​អ្នកជំងឺ ក៏ដូចជា​ទំហំ និង​ទីតាំង របស់​មហារីក នៅក្នុង​ថ្លើម និងថា​តើមហារីក មានជះ​ឥទ្ធិពល ទៅលើ​សរសៃឈាម​សំខាន់ ដែលហៅ​ថា Portal Vein ។ រយៈពេល​រស់នៅ បាន៥ឆ្នាំ​សម្រាប់​អ្នកជំងឺ ព្យាបាល​ដោយវះកាត់​មានពី ៤០-៧០% ហើយចំពោះ ការប្ដូរថ្លើម គឺប្រហែល​ជា ៧០%។

ការព្យាបាល​ដោយនីតិ​វិធីមិន​វះកាត់​សម្រាប់​ករណី​ធ្ងន់ធ្ងរ រួមមាន Trans-arterial chemo-embolisation ចាក់​ថ្នាំគីមី ឬព្យាបាលដោយ​ជីវៈសាស្ដ្រ ដោយប្រើ​ឱសថថ្មីមួយ ឈ្មោះថា Sorafenib ។ ឱសថនេះ បាន​បង្ហាញ​ឱ្យឃើញថា វាមាន​ប្រសិទ្ធិភាព​ជាង placebo ចំពោះករណី​ជំងឺមហារីក​ថ្លើម ដំណាក់កាល​ធ្ងន់ធ្ងរ ដែលតួ​នាទីថ្លើមនៅល្អ​នៅឡើយ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative